ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃឱ្យសមត្ថកិច្ចអនុវត្តវិធានការចំពោះសិស្សសាលាដែលមិនគោរពច្បាប់ចរាចរណ៍
ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកម្លាំងមានសមត្ថកិច្ចរឹតបន្ដឹងការអនុវត្តវិធានការចំពោះសិស្សសាលាដែលមិនគោរពច្បាប់ចរាចរណ៍ ជាពិសេសលើក្រុមសិស្សដែលធ្វើដំណើរទៅសាលារៀនដោយមធ្យោបាយម៉ូតូ ប៉ុន្តែពុំពាក់មួកសុវត្ថិភាពតែម្ដង។

លោកស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទាញសញ្ញាព្រមានពីហានិភ័យនៃការមិនគោរពច្បាប់របស់សិស្សានុសិស្ស ក្នុងពេលធ្វើដំណើរទៅសាលារៀនដោយមធ្យោបាយយានយន្តកង់ពីរ រួមទាំងម៉ូតូអគ្គិសនី ពោលគឺស្របពេលមេរៀនស្ដីពីសុវត្ថិភាពចរាចរណ៍ បានសម្រេចដាក់បញ្ជូលក្នុងកម្មវិធីសិក្សា ប៉ុន្តែសិស្សមួយចំនួនបែរជាមិនបានគោរពច្បាប់ចរាចរណ៍ទៅវិញ។

ទន្ទឹមនឹងការដើរផ្ទុយពីគោលការណ៍សុវត្ថិភាព និងគោលការណ៍ច្បាប់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុក ការបណ្ដែតបណ្ដោយ និងការមិនគោរពច្បាប់ចរាចរណ៍ក្នុងចំណោមសិស្សានុសិស្ស ជាផ្នែកមួយនៃការបណ្ដុះវប្បធម៌មិនល្អទៅថ្ងៃមុខ ដ្បិតសិស្សទៅទទួលការអប់រំទាំងបំពានច្បាប់។
ក្នុងន័យនេះ ថ្លែងចេញពីទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលប្រារព្ធឡើងនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនានេះ លោក ស សុខា បានណែនាំជាចំហ និងបានបញ្ជាក់ពីការរង់ចាំមើលការអនុវត្តរបស់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច លើបញ្ហានេះ។ ប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យសិក្សាអនុវត្តការងារនេះឱ្យសកម្មជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ពិសេសនៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីធានាថា សិស្សដែលធ្វើដំណើរទៅទទួលការអប់រំ គឺពិតជាបានគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពពួកគេ និងជាការបង្ហាញអំពីគំរូនៃការចាប់ផ្ដើមគោរពច្បាប់ ចាប់ពីពេលពួកគេទទួលបានការអប់រំ។

បន្ថែមពីការគិតគូរអំពីសុវត្ថិភាព និងការអនុវត្តច្បាប់ក្នុងចំណោមសិស្សានុសិស្ស លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដល់រថយន្តដឹកកម្មករលើសចំនួនកំណត់ រថយន្តបើកបរលើសល្បឿនកំណត់ រថយន្តបើកបរវ៉ាជែង និងរថយន្តដឹកជញ្ជូនទំនិញលើសកំណត់។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងនគរបាលចរាចរណ៍យកចិត្តទុកដាក់លើការសម្រួលសុវត្ថិភាពចរាចរណ៍ដល់រថយន្តដឹកកម្មករ កម្មការនីនាពេលព្រឹកព្រលឹម និងបន្តអប់រំណែនាំដល់អ្នកបើកបរឱ្យគោរពច្បាប់ គិតគូរលើសុវត្ថិភាព និងលក្ខណៈបច្ចេកទេសរថយន្ត ខណៈការវ៉ាជែង និងបើកបរលើសល្បឿន តែងតែជាមូលហេតុចម្បងនៃគ្រោះថ្នាក់។

គួរបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ដោយធ្វើការពិន័យសរុបចំនួន២៥.០២៣គ្រឿង និងបានដកហូតផ្លាកលេខយានយន្តមិនប្រក្រតីជាង៧០គូ។ សមត្ថកិច្ចក៏បានត្រួតពិនិត្យជាតិអាល់កុលពេលយប់ រកឃើញអ្នកបើកបរក្រោមឥទិ្ធពលស្រវឹងចំនួន៤.៧១៦នាក់ អនុវត្តតាមនីតិវិធី។ ក្នុងរយៈពេលដដែលនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៧៣០លើក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ថយចុះ៣០៤លើក។ គិតពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្សចំនួន៤៧៩ នាក់ និងរបួស១.០១១នាក់ បើធៀបនឹងឆ្នាំ២០២៤ បានថយចុះ៤២៨នាក់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ