ព័ត៌មានជាតិ
អូរព្រះជាតំបន់ទេសចរណ៍ធម្មជាតិគួរឱ្យទាក់ទាញ និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ នៅខេត្តរតនគិរី
អូរព្រះជាតំបន់ទេសចរណ៍កម្សាន្តបែបធម្មជាតិដ៏គួរឱ្យទាក់ទាញ ដែលមានទីតាំងស្ថិតនៅក្នុងឃុំកុកឡាក់ ភូមិរ៉ក ស្រុកវើនសៃ ខេត្តរតនគិរី ជាប់ជាមួយឧទ្យានជាតិវិរៈជ័យ។ តំបន់ទេសចរណ៍នេះ មានទេសភាពដ៏ស្រស់ត្រកាលហ៊ុំព័ទ្ធដោយភ្នំ និងព្រៃក្រាស់ ដោយមានរុក្ខជាតិបៃតងខៀវស្រងាត់រាយប៉ាយទាំងសងខាងអូរ ស្ទឹង និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ពាក់ព័ន្ធជំនឿ សាសនា ប្រពៃណី និងការធ្វើជំនួញរបស់ជនជាតិដើមភាគតិច។

ភាពស្រស់ស្អាតនៃតំបន់នេះ ត្រូវបានតុបតែងដោយផ្ទាំងថ្មធំៗ សំឡេងទឹកហូរ ដែលវាក្លាយជាកន្លែងដ៏ល្អសម្រាប់ភ្ញៀវទេសចរដែលស្វែងរកភាពស្ងប់ស្ងាត់ និងសម្រស់ធម្មជាតិ។ ដើម្បីទៅលេងនៅទីនោះ ត្រូវធ្វើដំណើរពីក្រុងបានលុង ទៅដល់ទីរួមស្រុកវើនសៃ ចម្ងាយផ្លូវ ៣៥ គីឡូម៉ែត្រ និងបន្តឡើងជិះសាឡាង ឆ្លងទៅត្រើយម្ខាងទន្លេសេសាន ហើយធ្វើដំណើរ ឆ្ពោះទៅឃុំកុកឡាក់ រួចបន្តដំណើរតាមផ្លូវលំអស់រយៈពេល ២ ទៅ ៣ ម៉ោងទៀត កាត់ផ្លូវលំឡើងចុះចំណោទកាត់ចង្កេះភ្នំ ទើបទៅដល់អូរព្រះ។ នៅតាមផ្លូវធ្វើដំណើរនេះ ត្រូវឆ្លងកាត់ភូមិរបស់ជនជាតិដើមភាគតិច ឡាវ កាវ៉េត ព្រៅ ដែលនៅសងខាងផ្លូវ មានដំណាំរបស់ជនជាតិដើមភាគតិចគួរឱ្យចង់គយគន់។

លោក ភឿម អាញ ជាមេភូមិរ៉ក ជាជនជាតិដើមភាគតិច កាវ៉ែត បានចែករលែកពីប្រវត្តិនៃតំបន់ទេសចរណ៍នេះ និងមូលហេតុដែលដាក់ឈ្មោះ អូរព្រះ។ លោកបានរៀបរាប់ថា៖« កាលពីដើមមក អូរព្រះ ត្រូវបានគេស្គាល់ហៅតៗគ្នាមកតាមបែបភាសាខ្មែរ ចំណែកអ្នកភូមិកាវ៉ែតហៅតាមបែបភាសារបស់ខ្លួនវិញគឺ (ឆួលព្រះ)។ លោកបានឱ្យដឹងថា ពីដើមឡើយជនជាតិដើមភាគតិច តែងតែធ្វើជំនួញជួញដូរ ផលិតផលកសិកម្ម មានដូចជា សណ្តែក ល្ង អង្ករ លក់ទៅឱ្យប្រជាជនឡាវ ដែលរស់នៅជិតព្រំដែន ដោយត្រូវធ្វើដំណើរតាមក្បូនបណ្តែតទឹក។
លោកបន្តថា៖« ដោយជឿថាអារក្សអ្នកតា ព្រៃភ្នំមកលេងអំឡុងពេលធ្វើដំណើរតាមក្បូន អ្នកធ្វើដំណើរ តម្រូវឱ្យស្រាតខោអាវអស់ពីខ្លួន ចាប់ពីចំណុចអូរព្រះ មានប្រវែង ៣០០ ម៉ែត្រ ហើយហួសពីចំណុចនេះទើបអាចស្លៀកខោអាវវិញបាន នេះជាតំណម។ ការធ្វើដូចនេះ ក្បូននឹងមិនក្រឡាប់ឡើយ ប៉ុន្តែបើយើងអត់ស្រាតខោអាវទេ ក្បូននឹងក្រឡាប់ ព្រោះអរក្សអ្នកតាមកឆែកលេង»។

បច្ចុប្បន្ន តំបន់ទេសចរណ៍អូរព្រះ បានទាក់ទាញយុវជន យុវនារី និងភ្ញៀវជាតិអន្តរជាតិ ទៅលេងកម្សាន្តច្រើនគួរសម។ ភ្ញៀវទេសចរអាចឈរនៅលើភ្នំដើម្បីគយគន់ទេសភាពនៃដងអូរ ដែលមានខ្យល់បក់នៅជើងភ្នំ រួមជាមួយនឹងជួរភ្នំជុំវិញ មានផ្ទះប្រពៃណី និងចម្ការរបស់ជនជាតិដើមភាគតិច។
នៅឯជើងភ្នំវិញ ភ្ញៀវទេសចរអាចរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ ងូតទឹក និងអាចផ្តឹតយករូបភាព នៅព្រៃឧទ្យានជាតិវីរៈជ័យផងដែរ។ ជាទូទៅកន្លែងកម្សាន្តធម្មជាតិដែលមានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍នេះ មានភ្ញៀវទៅលេងច្រើនចាប់ពីខែ មករា រហូតដល់ខែមិថុនា ពីព្រោះនៅអំឡុងពេលនោះ ផ្លូវស្រួលធ្វើដំណើរ ទឹកអូរស្រក ដោយពុំមានការបង់ប្រាក់ឡើយ។

ពេលទឹកស្រក យើងអាចឃើញថ្មដាធំៗ ងាយស្រួលងូតទឹកលេង និងបង្ហាញពីព្រៃឈើបៃតង ដែលនៅសងខាងដ៏ស្រស់ស្អាត គួបផ្សំទីវាលនៅចន្លោះភ្នំបង្កើតបានទស្សនីយភាពដ៏អស្ចារ្យផង និងជាទីកន្លែងពាណិជ្ជកម្ម ពីអតីតកាល របស់ជនជាតិដើមភាគតិច ដែលបានឆ្លងកាត់ដើម្បីដោះដូរទំនិញតាមព្រំដែនកម្ពុជា-ឡាវ។
ចំណែកនៅក្នុងរដូវកាលខែវស្សាវិញ ភ្ញៀវទេសចរក៏អាចទៅលេងកម្សាន្តទស្សនាផ្ទាំងថ្មធំៗ ព្រៃបៃតង អាចហែលទឹកលេងកម្សាន្ត ប៉ុន្តែឧបសគ្គដែលនឹងជួបនោះគឺការធ្វើដំណើរតាមផ្លូវមានភាពលំបាកបន្តិច៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


