Connect with us

ព័ត៌មានជាតិ

គម្រោង​​ព្រែកជីកហ្វូណនតេជោ ​​​ឈាន​ទៅ​បញ្ចប់ការ​បោះបង្គោលព្រំដី​ក្នុង​ភូមិសាស្រ្ត​ខេត្តតាកែវ​

បានផុស

នៅ

ក្រុមការងារបច្ចេកទេសអន្តរក្រសួង​បាន​ប្រកាស​បិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែក​ជីក​ហ្វូណន​តេជោ​ក្នុងភូមិសាស្ត្រខេត្តតាកែវ និង​លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ កាលពីថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង​ ដើម្បីបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីក​ហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក ក្រុមការងារជំនួយការសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងតំណាងអាជ្ញាធរខេត្តតាកែវដែលពាក់ព័ន្ធផ្សេងទៀត។

មន្រ្តី​ក្រសួង​សាធារណការ​និងដឹកជញ្ជូនបាន​ឲ្យ​ដឹង​ថា ការចុះពិនិត្យផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដីតាមបណ្តោយព្រែក​ជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ បានចាប់ផ្តើមឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយបានបោះសរុបចំនួន ៥៥០ បង្គោល

ក្រុមការងារបច្ចេកទេសនឹងយកទិន្នន័យទទួលបានរៀបចំផែនទីលម្អិតសម្រាប់ព្រែកជីកហ្វូណនតេជោ រៀបចំផែនការសកម្មភាពសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែក​ជីក​ហ្វូណន​តេជោ​ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនៅពេលឆាប់ៗខាងមុខនេះ។

ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជានៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ព្រែកជីក​ដែល​មានប្រវែងជាង ១៧៤ គ.ម សាងសង់​ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយដែលអាច​ឲ្យ​នាវាមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT ទៅមកនិងជៀសគ្នាបានដោយសុវត្ថិភាព។

ព្រែកជីក​ប្រវត្តិសាស្រ្ត​នេះ នឹងបង្កើតបណ្តាញផ្លូវទឹកដែលមានភាពប្រទាក់ក្រឡា និងអាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រម​ទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយនិងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងអាចតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម