ព័ត៌មានជាតិ
ផ្លូវកៅស៊ូ និងបេតុងប្រវែង ៤១ គីឡូម៉ែត្រ បើកការដ្ឋានសាងសង់តភ្ជាប់តំបន់ទេសចរណ៍ ៣ កន្លែង ក្នុងខេត្តកំពង់ឆ្នាំង
ក្រោមក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ផ្លូវជនបទក្រាលដោយកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៣ ខ្សែ ប្រវែងសរុប ៤១,១០ គីឡូម៉ែត្រ បានប្រកាសបើកការដ្ឋានសាងសង់ ដើម្បីតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៣ ខ្សែ ប្រវែងសរុប ៤១,១០ គីឡូម៉ែត្រនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ រួមទាំងវត្តមានប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ឆ្នាំង។


លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទមើលឃើញថា តាមរយៈការបើកការដ្ឋានសាងសង់ផ្លូវជនបទប្រវែងសរុប ៤១,១០ គ.ម នាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ៦៨៨២ គ្រួសារ ស្មើនឹង ២៨ ៥៩៨នាក់ រស់នៅក្នុងភូមិចំនួន ១២ ឃុំចំនួន ៤ គឺ ឃុំក្តុលសែនជ័យ ខ្លុងពពក ជៀប និងឃុំក្បាលទឹក នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយក៏នឹងជួយជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តនៅតំបន់សហគមន៍អេកូទេសចណ៍ទាំង ៣ ដែលជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។
លោករដ្ឋមន្រ្តីបានលើកឡើងពីកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្នុងការចូលរួមតភ្ជាប់និងលើកកម្រិតផ្លូវជនបទទៅដល់តំបន់គោលដៅទេសចរណ៍ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ឱ្យក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

បើតាមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ននេះផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងសរុបជាង ៥ ម៉ឺនគ.ម ដោយក្នុងនោះផ្លូវក្រាលកៅស៊ូនិងបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល មានប្រវែង ៨ ៥២៧ គ.ម ស្មើប្រមាណ ជិត ២០%ប៉ុណ្ណោះ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបញ្ជាក់ថា ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានសារៈសំខាន់ណាស់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យកាន់តែច្រើនផងដែរ។



លោក សួស គង់ រដ្ឋលេខាធិការ និងជានាយកគម្រោង CSLEP បានធ្វើរបាយការណ៍បញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មានរយៈពេល ៨ ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ រហូត ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិបរិស្ថានសកល និងធនាគារពិភពលោកក្នុងគោលបំណងគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងខ្សែច្រវ៉ាក់តម្លៃអនុផលព្រៃឈើ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ទទួលការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង សរុបប្រវែងប្រមាណ ១០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យដល់សហគមន៍អេកូទេសចរណ៍ នៅក្នុងខេត្តគោលដៅចំនួន ៦ គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ កោះកុង និងខេត្តបាត់ដំបង៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


