ព័ត៌មានជាតិ
៦ខែ កម្ពុជាទប់ស្កាត់ករណីសង្ស័យជួញដូរមនុស្ស១១៨នាក់ ដែលត្រូវអូសទាញទៅរៀបការ
ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ មន្ត្រីអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលប្រចាំការបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន រួមទាំងច្រកទ្វារព្រំដែនអាកាស បានប្រើវិធីសាស្រ្តស្រាវជ្រាវ និងសន្និដ្ឋានបឋម ឈានទៅទប់ស្កាត់បានទាន់ពេលវេលា ករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស ដោយឃាត់ដំណើរឆ្លងដែនសរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់។

បើតាមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនរងគ្រោះដោយអំពើជួញដូរមនុស្សទាំង១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន៥៩ ដែលភាគច្រើនត្រូវបានគេអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។
ឆ្លើយនឹងសំណួរថាតើមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រើវិធីសាស្រ្តបែបណា ទើបអាចសន្និដ្ឋានដឹងអំពីរឿងនេះ លោកឧត្តមសេនីយ៍ឯក បានឱ្យដឹងថា ករណីសង្ស័យបានស្ដែងឡើងជាអាទិ៍ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅ ឬថាទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ ឬខ្លះគ្មានថវិកាសមស្របសម្រាប់ធ្វើដំណើរទៅក្រៅប្រទេស និងខ្លះទៀតស្ដែងអាការៈមិនប្រក្រតីនៅចំពោះមុខសមត្ថកិច្ចតែម្ដង។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចជំនាញបានសាកសួរព័ត៌មានបឋម និងរាយការណ៍ទៅមន្ត្រីជំនាញពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសាកសួរនិងស្រាវជ្រាវលម្អិតរហូតឈានទៅសន្និដ្ឋានបានថា អ្នកទាំងនោះបានចាញ់បោកមេខ្យល់ ដោយអូសទាញ លួងលោម ទាំងតាមរយៈចិត្តសាស្ត្រ ទឹកប្រាក់ សម្ភារៈនិយម និងការផ្ដល់ក្ដីសង្ឃឹមផ្សេងៗ។

លោក សុខ វាសនា បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់ក្រសួងមហាផ្ទៃលើការងារគ្រប់គ្រងច្រកទ្វារព្រំដែន ស្របតាមបទបញ្ជាដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការទទួលដឹកនាំអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់គ្រប់ជ្រុងជ្រោយរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរួមចំណែកទាំងការទប់ស្កាត់ និងការសម្របសម្រួលទទួលស្ត្រីខ្មែរដែលជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស រួមទាំងករណីអូសទាញបោកបញ្ឆោតទៅរៀបការជាមួយជនបរទេស។

ជាក់ស្ដែង រយៈពេល៦ខែដូចគ្នានេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក៏បានផ្ដល់កិច្ចសហការសម្របសម្រួលទទួលស្រ្តីខ្មែរជាជនរងគ្រោះនៃអំពើជួញដូរមនុស្សនៅប្រទេសចិនចំនួន៧៨ករណី។ តាមលោកអគ្គនាយកអន្តោប្រវេសន៍ ចំណោមករណីសម្របសម្រួលទទួលទាំង៧៨នោះ គឺមានមនុស្សសរុប១៨៨នាក់ ក្នុងនោះ ស្ត្រីរងគ្រោះមានរហូតដល់ទៅ ១៨៧ នាក់។ ក្នុងន័យនេះ លោកបានអំពាវនាវប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធ រួមគ្នាអប់រំផ្សព្វផ្សាយបង្កើតទប់ស្កាត់បញ្ហានេះ ជាពិសេសស្ត្រីត្រូវប្រុងប្រយ័ត្នកុំជឿតាមការអូសទាញ នឹងត្រូវស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់មុនសម្រេចចិត្តចេញទៅក្រៅប្រទេសតាមបុគ្គលមួយចំនួន៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


