Connect with us

ព័ត៌មានជាតិ

គម្រោង​អភិវឌ្ឍ​ធំ​ៗចំនួន ២ នឹង​ជួយ​លើក​មុខមាត់​ថ្មី​បន្ថែមដល់​ខេត្ត​កំពង់ស្ពឺ

បានផុស

នៅ

ខេត្ត​កំពង់ស្ពឺ​កំពុងអនុវត្ត​គម្រោង​​អភិវឌ្ឍ​ចំនួន ២ ដែល​នឹង​ជួយ​លើក​មុខមាត់​ដល់​ខេត្តបន្ថែមទៀត ស្រប​ពេល​ដែល​ខេត្ត​ដែល​ល្បី​សំបូរ​ដើម​ត្នោត​នេះ​ បាន​ក្លាយ​ជា​ទីតាំង​ប្រមូល​ផ្តុំ​ដោយ​រោងចក្រ​សហគ្រាស​បោះ​មូលដ្ឋាន​វិនិយោគ។

នៅ​ក្នុង​កម្មវិធី​ “សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ” ក្រោមអធិបតីភាព​សម្តេច​ធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ លោក ជាម ច័ន្ទ​សោភ័ណ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​លើក​ឡើង​ពី​គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ​ចំនួន ២ ដែល​នឹង​អភិវឌ្ឍន៍ជួយ​​លើកកម្ពស់​មុខមាត់និង​សោភ័ណភាព​ខេត្ត​កំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខេត្តបានលើកពី​គម្រោង​កែលម្អ​​ និងលើកកម្ពស់សោភណភាព​​កំណាត់​ផ្លូវជាតិ​លេខ ៤ ក្នុង​ភូមិសាស្ត្រ​ក្រុង​ច្បារមន និង​គម្រោង​ស្តារ​អភិវឌ្ឍន៍​ស្ទឹង​ព្រែកត្នោត រួម​នឹង​ការ​រៀប​ចំ​ផ្លូវ​អម​សងខាង​ស្ទឹង​ព្រែកត្នោត ដែល​គម្រោង​ទាំង​នេះ​កំពុង​អនុវត្ត​ជា​បណ្តើរៗ។

ជាមួយគ្នា​នេះ​ដែរ លោក ជាម ច័ន្ទ​សោភ័ណ ក៏​​បង្ហាញពី​សក្តានុពលការ​វិនិយោគ​ក្នុង​ខេត្ត​​កំពង់ស្ពឺ ដែល​បាន​ក្លាយ​ជា​ខេត្ត​គោលដៅទាក់ទាញ​​ផ្នែក​ឧស្សាហកម្ម​ ជាមួយ​ការ​បោះទីតាំង​វិនិយោគ​រោងចក្រ​សហគ្រាស រួមទាំង​ការ​បង្កើត​​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​កន្លែង។

បច្ចុប្បន្ន​ខេត្ត​កំពង់ស្ពឺ​មាន​តំបន់សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន ១ តំបន់ និង ៣ តំបន់​ទៀត​ កំពុងរៀបចំ​បែបបទ​​ធ្វើការស្នើសុំ។ ខេត្ត​មាន​សួនឧស្សាហកម្ម​សរុប​ចំនួន ៧ កន្លែង ​មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​សរុប ១ ៤៤២ កន្លែង មាន​កម្មករ​និយោជិត​សរុប ២៥៣ ៩៤៦ នាក់។

បើតាមលោក​អភិបាល​ខេត្ត យោងតាម​របាយការណ៍​ពី​​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ឆ្នាំ ២០២៤ ខេត្តកំំពង់ស្ពឺ​ទទួលបាន​ការ​វិនិយោគ​ច្រើនជាង​គេ​លើ​ទំហំ​ទុន​វិនិយោគ​លើ​ស​ពី ៥ លាន​ដុល្លារ។

ខេត្ត​កំពង់ស្ពឺ មាន​ភាព​​អំណោយ​ផល​ដល់វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ-និងវិស័យឧស្សាហកម្ម មានការរីកចម្រើនជាបន្តបន្ទាប់។

កំណើន​សេដ្ឋកិច្ចខេត្តមានទំហំប្រមាណជាង ១៩០០ លានដុល្លាអាមេរិក មានកំណើន ៥,៧% ខណៈ​ផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ (GDP Per Capita) មានប្រមាណ ២ ០០០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣។

ខេត្ត​កំពង់ស្ពឺ​មាន​វិស័យ​អាទិភាពធំៗ​ដែល​ជា​ចលករ​យ៉ាង​សំខាន់ក្នុងការ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ចខេត្ត​​ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​​មាន​ប្រមាណ ៤៧,១%, វិស័យ​កសិកម្ម ៣១,៣% និង​សេវាកម្ម ២១,៧%​។

ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ខេត្ត​កំពង់ស្ពឺ​ក៏​ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​ទាក់ទាញសម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត។ ​ខេត្ត​មាន​រមណីយដ្ឋាន និងសហគមន៍​ទេសចរណ៍សរុបចំនួន ២៩ កន្លែង ក្នុង​នោះ​តំបន់​រមណីយដ្ឋាន​មាន​ចំនួន ១៥ កន្លែង, តំបន់សហគមន៍​ចំនួន ៩ កន្លែង និង​តំបន់​គោលដៅ​ទេសចរណ៍​ថ្មី​ចំនួន ៥ កន្លែង។ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្ត​កំពង់ស្ពឺ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​សរុប​មាន​ចំនួន ៦៣៥ ៣៣៥ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម