ព័ត៌មានជាតិ
ផ្លូវខូចក្នុងក្រុងបាត់ដំបង អាជ្ញាធរបំភ្លឺដោយសារកំពុងអនុវត្តគម្រោងសាងសង់ប្រព័ន្ធទឹកស្អាត និងទឹកកខ្វក់
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបការលើកឡើងរបស់ពលរដ្ឋពាក់ព័ន្ធផ្លូវខូចពិបាកធ្វើដំណើរ ជាពិសេសផ្លូវក្នុងក្រុងបាត់ដំបងប៉ែកខាងលិចស្ទឹងសង្កែ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបងបានបំភ្លឺថា ខេត្តបាត់ដំបងជាខេត្តគោលដៅមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលទទួលបានថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអនុវត្តគម្រោងសាងសង់ស្ថានីយ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលគម្រោងបែងចែកជា ២ គឺ៖ គម្រោងខាងកើតស្ទឹងហៅថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន ២ ដែលបានអនុវត្តបញ្ចប់ ១០០% ទទួលបានសមិទ្ធផលជាច្រើនដូចជា៖ បានសាងសង់ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ប្រវែង សរុប ៣២.៥៦គីឡូម៉ែត្រ, សាងសង់ប្រព័ន្ធទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥៦,៧០ គីឡូម៉ែត្រ, តភ្ជាប់ទុយោទឹកកខ្វក់តាមផ្ទះប្រជាពលរដ្ឋចំនួន ៤ ១៣១ ផ្ទះ, សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ១០,០២ហិកតា, សាងសង់បង្គន់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០០ កន្លែង និងបានជួសជុលផ្លូវឡើងវិញចំនួន ៦៨ ខ្សែ មានប្រវែង ៤០.៧៨៤ ម៉ែត្រ។

គម្រោងខាងលិចស្ទឹងហៅថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពុងអនុវត្តបាន ៧៦% ក្នុងសង្កាត់ស្វាយប៉ោ សង្កាត់ចំការសំរោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងឃុំអូរតាគី ស្រុកថ្មគោល គ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តលើការងារសាងសង់ប្រព័ន្ធទុយោខួងប្រវែងសរុប ៤,៤៨ គីឡូម៉ែត្រ, ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ប្រវែងសរុប ១៣,៦៥ គីឡូម៉ែត្រ, ទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥០,៩៥ គីឡូម៉ែត្រ, តភ្ជាប់តាមផ្ទះប្រជាពលរដ្ឋចំនួន ៥.០៥៧ ខ្នងផ្ទះ, សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ ៨,៩ហិកតា។


ក្នុងអំឡុងពេលអនុវត្តគម្រោងបានបណ្តាលឱ្យខូចខាតផ្លូវថ្នល់ចំនួន ៥២ ខ្សែ ក្នុងនោះបានធ្វើការជួសជុលផ្លូវឡើងវិញរួចរាល់ចំនួន ២២ ខ្សែ សរុបប្រវែង ៨.៧៤១ ម៉ែត្រ និងផ្លូវថ្នល់ដែលមិនទាន់បានធ្វើការជួសជុលចំនួន ៣០ ខ្សែ សរុបប្រវែង ១៤.៨៥៧ ម៉ែត្រ។ ក្នុងចំណោមផ្លូវថ្នល់ចំនួន ៣០ ខ្សែ ដែលខូចដោយសារការកាយរៀបចំបណ្តាញទុយោទឹកកខ្វក់ ក្នុងនោះផ្លូវ ៨ ខ្សែ ក្រុមហ៊ុនម៉ៅការនឹងធ្វើការជួសជុលក្នុងពេលឆាប់ៗនេះ និងផ្លូវ ២២ ខ្សែ ទៀតត្រូវបន្តការងារ នៅជំហានបន្ទាប់។
ជាមួយគ្នានេះ ដោយសាររដូវនេះមានភ្លៀងធ្លាក់ជាប់ជាប្រចាំ រដ្ឋបាលខេត្តក៏បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំធ្វើការកៀរ កិនបង្ហាប់ និងជួសជុលកែលម្អផ្លូវថ្នល់ឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ រដ្ឋបាលខេត្តក៏ស្នើសុំដល់ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ នៅទីតាំងគម្រោងដែលបានកំពុងអនុវត្ត មេត្តាយោគយល់អធ្យាស្រ័យចំពោះការលំបាកទាំងឡាយដែលបានកើតឡើង ដោយសារការរៀបចំប្រព័ន្ធរំដោះទឹកកខ្វក់នេះ។ ដោយឡែកចំពោះផ្លូវថ្នល់ដែលខូចខាត ហើយមិនស្ថិតក្នុងទីតាំងគម្រោង រដ្ឋបាលខេត្ត នឹងមានវិធានការដើម្បីធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


