Connect with us

ព័ត៌មានជាតិ

បទយកការណ៍៖ ប្រាសាទព្រះវិហារសម្បត្តិពិភព​លោកដែលខ្មែរប្រឹងថែតែថៃព្យាយាមបំផ្លាញ

បានផុស

នៅ

«ខ្ញុំឈឺចាប់ណាស់! ដែលប្រាសាទដូនតាខ្មែរយើងទំរាំធ្វើបានទុកឱ្យកូនចៅថែរក្សា តែបែរជាត្រូវពួកវា(ថៃ)បំផ្លាញត្រឹម១ថ្ងៃ២ថ្ងៃ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឈុន លី អាយុ៦៨ឆ្នាំ ជាមន្ត្រីអភិរក្សប្រាសាទព្រះវិហារ បន្ទាប់ពីត្រូវបានទាហាន​កម្ពុជា​សង្គ្រោះចេញពី​ប្រាសាទព្រះវិហារដែលលោកបាន​ត្រូវជាប់គាំង​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក​របស់​ថៃកាលពី​ថ្ងៃទី​២៤និង​២៥​ខែ​កក្កដាកន្លងទៅ។ លោកថាលោកមានការ​សោកស្ដាយជាពន់ពេកចំពោះ​ប្រាសាទព្រះវិហារដែល​ខ្មែរ​ខំ​ប្រឹង​ថែ​រក្សា​តែ​ថៃ​ខំប្រឹង​បំផ្លាញ​បែប​នេះ។

កងទ័ពថៃ​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​ផ្លោង​កាំភ្លើង​ធំ និង​ការ​ទម្លាក់​គ្រាប់​បែក​ពី​អាកាស​ដោយ​យន្ត​ហោះ​ F16 មក​លើ​ប្រាសាទ​ព្រះវិហារនៅ​ថ្ងៃទី​២៤-២៨ ខែ​កក្កដា ឆ្នាំ២០២៥ ដែល​បាន​ធ្វើ​ឱ្យប៉ះពាល់​ និង​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរលើ​រចនាសម្ព័ន្ធ​ផ្ទាល់​របស់​បេតិកភណ្ឌពិភពលោក​មួយ​នេះជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ ស្ដីពី​កិច្ច​ការ​ពារ​សម្បត្តិវប្បធម៌នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ជម្លោះ​ប្រដាប់​អាវុធ និង​អនុសញ្ញាអង្គការ​យូណេស្គូ​ឆ្នាំ១៩៧២ ស្ដីពីការ​ការពារ​បេរិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភព​លោក​ដែល​ប្រទេស​ថៃ​ជារដ្ឋសមាជិកផងដែរ។

អ្នក​អភិរក្សប្រាសាទ​ព្រះវិហារបាន​រៀបរាប់ព្រឹត្តិការណ៍​ដែល​ថៃ​ប្រើ​កាំភ្លើង​ធំ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់​បែក​នោះ​ជា​សកម្មភាព​សាហាវ និង​តម្រង់​មក​លើ​ប្រាសាទ​តែ​ម្ដង។

អ្នក​អភិរក្សាប្រាសាទព្រះវិហារលោក អៀម ហ៊ាក អាយុ៥៨ឆ្នាំ៖ «ខ្ញុំកំពុង​កាត់​ស្មៅពេល​ក្រុមការ​ងារ​ខ្ញុំ​ធ្វើការ​ដល់​ពេល​មាន​សភាព​ការ​ធ្ងន់​ហ្នឹង​គេ​ក៏​ឱ្យ​ខ្ញុំ​ពន្លត់​ម៉ាស៊ីនរត់​ឡើង​លើ។ តែ​រត់​អត់​ទាន់​ក៏​ផ្ទុះ(ផ្លោងមក​ប្រាសាទ) រប៉ាត់របាយអស់​ អ្នក​ខ្លះក៏​រត់​ទៅ​ជ្រក​ក្រោម​ប្រាសាទ ខ្លះ​ទៅ​ចូល​ត្រង់​សេជាមួយ​ទាហាន​ ហើយ​ខ្ញុំ​រត់​ចូល​ត្រង់សេមិនទាន់ក៏​ទៅ​បាំង​នៅ​ប្រាសាទសិន​ទំរាំ​រៀង​ស្ងាត់​បាន​ចូល​ទៅ​ត្រង់​សេ។ ខូច​ថ្មប្រាសាទ​ធ្ងន់ធ្ងរ​ខ្លាំង​ សោកស្ដាយណាស់​បំណាច់​ថា​ខ្ញុំ​បាន​ថែ​ទាំ​សម្អាត​មក​មិន​ដែល​ឱ្យ​របក​របែក​អីទេ​ស្រាប់តែ​ឥឡូវវា​បែក​បាក់​អស់​ខ្ញុំ​ស្ដាយ​ណាស់!»

អ្នកអភិរក្សប្រាសាទព្រះវិហារលោក សឿត គឹមសុន៖ «គ្រាប់ធ្លាក់​រង្គើពេញហ្នឹង! ខ្ញុំសោកស្ដាយណាស់! ខ្ញុំ​ខំថែរក្សាសម្អាតសូម្បីតែកូត​បន្ដិចមិនបានផងខ្ញុំស្រលាញ់ប្រាសាទខ្ញុំណាស់។ តែត្រឹមតែ២ថ្ងៃវា​បំផ្លាញ​អស់»។

មន្ត្រីយាមប្រាសាទព្រះវិហារលោក ចាន់ ឆន បាន​លើក​ឡើងថាមិនគួរសោះដែលថៃយក​ទី​តាំងប្រាសាទ ដែល​ជា​សម្បត្តិ​បេតិកភ័ណ្ឌពិភពលោក​ជា​ទីតាំង​សមរភូមិសោះ។ លោកបាន​មើល​ឃើញ​ការ​បំផ្លាញ​ជា​ច្រើន​មកលើ​ប្រាសាទដែលមានអាយុជាង១ពាន់​ឆ្នាំរបស់កម្ពុជានេះដែលជា​រឿង​គួរឱ្យសោកស្ដាយបំផុត។

លោក ចាន់ ឆន៖ «ច្រើនណាស់! ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ជា​ពិសេស​គឺ​ទៅ​លើ​ប្រាសាទ​តែ​ម្ដង​។​ នៅ​លើប្រាសាទហើយ​កន្លែង​ដែល​ប៉ះខ្លាំង​នោះ​គឺ​ទៅ​លើ​គោបុរៈទី១ ទី​២ ស្ពានហាលមុខទី២ហើយ​នឹង​ទី៣ វាមាន​បែក​ថ្មបែក​ចម្លាក់​មាន​ច្រើនណាស់»។

របាយការណ៍​របស់អាជ្ញាធរ​ព្រះវិហារ​ត្រឹមថ្ងៃទី២៤ ខែ​កក្កដា ទ័ព​សៀមបាន​បាញ់​ប្រហារ​លើ​ប្រាសាទ​ព្រះវិហារ​ចំនួន១៩​ចំណុច ក្នុង​នោះ​បើតាមរូបភាពគឺ​គោបុរៈទី១ ទី២ និងទី៣ រងការបាញ់ប្រហារច្រើនជាង​គេ។ អាជ្ញាធរ​ជាតិព្រះវិហារ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​សកម្មភាព​បំពាន​ច្បាប់ និង​អនុសញ្ញា​អន្តរជាតិ​នានា​របស់​ថៃដែល​ថៃ​ខ្លួន​ឯង​ក៏​ជា​សមាជិក​មួយ​ផងនោះ។

ក្នុងសេចក្ដីថ្លែង​ការណ៍​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ២០២៥ អាជ្ញាធរ​ព្រះវិហារបានលើកឡើង៖ «សូមធ្វើការ​ថ្កោលទោសយ៉ាងខ្លាំងក្លាយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានរបស់កងកម្លាំង​ប្រដាប់អាវុធ​នៃ​ព្រះរាជាណាចក្រថៃ​នាថ្ងៃទី​២៤-២៥ ខែ​កក្កដា ឆ្នាំ២០២៥ ដែលបាន​ធ្វើ​ឱ្យ​ប៉ះពាល់​និង​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​លើ​រចនាសម្ព័ន្ធ​ផ្ទាល់​របស់​បេតិកភណ្ឌពិភព​លោក​ព្រះវិហារ និង​បរិវេណ​ជុំ​វិញ ដែ​ល​ជា​មរតក​វប្បធម៌​ប្រវត្តិសាស្ត្រដ៏ថ្លៃ​ថ្លារបស់​ប្រជាជន​ខ្មែរ និង​មាន​តម្លៃ​លេចធ្លោជា​សកល​សម្រាប់​មនុស្ស​ជាតិ»។

អង្គការ UNESCO ទើប​តែ​បង្ហោះនូវ​សេចក្ថីថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ដោយ​បាន​ជំរុញឱ្យ​មាន​ការ​ការពារ​បេតិកភ័ណ្ឌ​វប្បធម៌ក្នុង​ជម្លោះព្រំដែន​កម្ពុជា​ថៃ ដោយ​អង្គការ​មួយបាន​រម្លឹកដល់ភាគី​នៃ​ជម្លោះ​ឱ្យ​គោរព​នូវ​ច្បាប់​អន្តរជាតិ ជា​ពិសេស​អនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ១៩៦៤ សម្រាប់​ការ​ពារ​បេតិកភណ្ឌ​វប្បធម៌ក្នុង​ព្រឹត្តិការណ៍​នៃ​ជម្លោះ​ប្រដាប់​អាវុធ និង​អនុសញ្ញា​ឆ្នាំ១៩៧២ ទាក់ទងនឹង​ការការពារបេតិកភណ្ឌវប្បធម៌និង​ធម្មជាតិ​ពិភពលោក។

ទោះជាយ៉ាងណា​ពលរដ្ឋ​ខ្មែរ​ចង់​ឃើញ​ UNESCO មានសកម្មភាព​ច្រើនជាង​នេះ​ទៀត។

ប្រាសាទព្រះវិហារ ស្ថិត​នៅ​លើ​ខ្ពងរាប​នៃ​ជួរ​ភ្នំ​ដងរែក ដែល​មាន​កម្ពស់​៦២៥ម៉ែត្រ​ធៀបនឹង​ទឹកសមុទ្រ ស្ថិត​ក្នុងស្រុក​ជាំក្សាន្ត​ ខេត្តព្រះវិហារ។ ប្រាសាទ​នេះ​បាន​ចាប់​ផ្ដើម​កសាង​ក្នុង​ រជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០គ.ស) ដើម្បីឧទ្ទិសដល់អាទិទេព ព្រះឥសូរក្នុងសាសនាហិណ្ឌូក្នុងទម្រង់ជាទេពភ្នំសិខរេស្វរ និងភដ្រេស្វរ។ ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ។

កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ក្រសួង​វប្បធម៌បានបញ្ជាក់​ថា​នឹង​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ការ​សកម្មភាព​នៃ​ការ​បំផ្លិច​បំផ្លាញរបស់​ទ័ព​ថៃ​លើ​ប្រាសាទ​ព្រះវិហារ​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) និង​អង្គការ​ពាក់ព័ន្ធ​អន្តរជាតិ​ផ្សេង​ទៀតដើម្បី​ស្វែង​រក​យុត្តិធម៌និង​សំណងនៃ​ការ​ខូចខាតនៃ​ប្រាសាទនៃ​ពិភពលោក​មួយ​នេះ​ផងដែរ៕

អត្ថ​បទដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម