Connect with us

ព័ត៌មានជាតិ

កម្ពុជាទទូចអន្តរជាតិជួយសម្រេចឱ្យបានបទឈប់បាញ់ដ៏ពេញលេញ ខណៈថៃបានបញ្ជូនទ័ពចូលតំបន់អានសេះ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទទូចដល់សហគមន៍អន្តរជាតិជួយជំរុញឱ្យសម្រេចបាននូវការអនុវត្តបទឈប់បាញ់ដ៏ពេញលេញមួយ ខណៈថៃបានបំពានបទឈប់បាញ់ ក្រោមរូបភាពបញ្ជូនកម្លាំងយោធាបន្ថែមទៀតចូលក្នុងដែនអធិបតេយ្យកម្ពុជា នៅតំបន់អានសេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពាជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ភាគីថៃបានបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដោយនៅវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចល័តចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ។

លើកឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃនេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងចាត់ទុកទង្វើរបស់ថៃនេះ ថា ជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើនម្តងហើយម្តងទៀត និងបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញភាគីថៃត្រូវបានចូលរួមអនុវត្តបទឈប់បាញ់មួយនេះដោយពេញលេញ និងប្រកបប្រសិទ្ធភាព ហើយទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម