ព័ត៌មានជាតិ
៧ ខែ ឆ្នាំ ២០២៥ កម្ពុជាបំបែកកំណត់ត្រា ទទួលបានគម្រោងវិនិយោគច្រើនបំផុតក្នុងពេល ៣០ ឆ្នាំ
ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៥ កម្ពុជាបានអនុម័តការវិនិយោគច្រើនបំផុតបំបែកកំណត់ត្រាក្នុងរយៈពេលជាង ៣០ ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល នៅក្នុងពិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp) កាលពីម្សិលមិញនេះ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោងត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតការងារបានប្រមាណ ៣១២ ពាន់កន្លែង។

លោកអះអាងថា ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ ខែ នៃឆ្នាំ២០២៥ ជាតួលេខដែលច្រើនជាងរយៈពេល ១២ ខែពេញ នៃឆ្នាំ២០២៤ ហើយក៏ជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង ៣០ ឆ្នាំ បន្ទាប់ពីបង្កើត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីការទាក់ទាញការវិនិយោគ និងការសម្រួលពន្លឿននីតិវិធី ដោយការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ តាមរយៈការប្រើប្រាស់ប្រព័ន្ធ cdcIPM ផ្តល់លទ្ធភាពឱ្យថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក៏ដូចជាវិនិយោគិនអាចបំពេញភារកិច្ច និងដាក់ពាក្យស្នើសុំបានពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។


ជាក់ស្តែងផ្ទាល់ លោកឧបនាយករដ្ឋមន្រ្តីបានអនុម័តគម្រោងវិនិយោគពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដូចជា អំឡុងពេលធ្វើដំណើរតាមរថភ្លើងពីទីក្រុងប៉ារីស មកទីក្រុងឡុងដ៍ក្នុងអំឡុងពេលបំពេញបេសកកម្មទាក់ទាញវិនិយោគនៅតំបន់អ៉ឺរ៉ុប, អំឡុងពេលធ្វើដំណើរតាមយន្តហោះត្រឡប់មកពីបំពេញបេសកកម្មនៅសហរដ្ឋអាម៉េរិកជាដើម។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ cdcIPM នៅក្នុងខែសីហា ឆ្នាំ២០២៤ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក៏ទទួលបានគោលការណ៍ឯកភាពពីប្រមុខរដ្ឋាភិបាលក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេលជិតមួយឆ្នាំដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM មានការដាក់ពាក្យស្នើសុំវិនិយោគតាមរយៈប្រព័ន្ធនេះមានចំនួន ៣៨២ គម្រោង ក្នុងនោះបានអនុម័តចំនួន ៣២៨ គម្រោង៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


