Connect with us

ព័ត៌មានអន្ដរជាតិ

[វិភាគ] លោក ថាក់ស៊ីន ​រួច​ទោស​​ពេលនេះ​ មាន​ន័យ​ថា​ ស្ថាប័នរាជបល្ល័ង្កថៃ «ត្រូវកែទម្រង់»

បានផុស

នៅ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលប្រឈម​​ការ​ចោទ​ប្រកាន់​​​បទ​ព្រហ្មទណ្ឌ​​ចំនួន​២ករណី​​ ទើប​រួច​ផុត​​ពី​ការ​ចោទ​ប្រកាន់​១ករណី ហើយ​ក៏​ជា​ការ​រួច​ទោស​​ដ៏កម្រ​បំផុត​​ពី​ការ​ចោទ​ប្រកាន់​​ក្នុងសំណុំរឿង​​​នយោបាយ​ថៃ ដែល​ត្រូវ​បាន​គេ​មើល​ឃើញថា ​មាន​និន្នាការ​បំបាក់​អ្នក​​ងើប​ឡើង​ក្នុង​ទម្រង់ប្រជាធិបតេយ្យ​ ដែល​ស្ថាប័ន​​រាជបល្ល័ង្កថៃ​មិនដែលស្វាគមន៍​​ម្តងណាឡើយ​។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើក​ដៃ​ដាក់​អ្នក​គាំទ្រ ពេលចេញពីតុលាការ។ ខាវសុត​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក្នុងសំណុំ​រឿង​ព្រហ្មទណ្ឌ​​​​ ប្រមាថ​ព្រះចេស្តារ​​​ព្រះមហាក្សត្រ​នេះ កើត​ឡើង​ចំពេលដែល​​​ នយោបាយរបស់​ប្រទេសថៃ​​ឡើង​កម្តៅ​ខ្លាំងបំផុត និង បាន​ជះ​ចំហាយ​នៃកម្តៅ​នយោបាយ​នោះ​មក​ដល់​ព្រដែន​កម្ពុជារហូត​ដល់​បង្ក​ហេតុ​នាំ​ឲ្យ​មាន​កា​រផ្ទុះ​អាវុធ សម្លាប់​ទាហាន​រាប់សិបនាក់​ទាំង​សងខាង និង បណ្តាល​ឲ្យ​មាន​ជន​ភៀសខ្លួន​ជាង​​៣០ម៉ឺន​នាក់សរុបទាំងសងខាង។

ការ​ផ្ទុះ​អាវុធ​​ដ៏ខ្លាំងក្លាបំផុត​រយៈពេល​៥ថ្ងៃ​៥យប់នៅ​ព្រំ​ដែន​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាងទូលំទូលាយថា ជាការសម្រេច​ចិត្ត​របស់​ស្ថាប័ន​រាជ​បល្ល័ង្កថៃ ដោយ​បញ្ជា​​​មេបញ្ជាការ​ និង​ក្រុមយោធា​​​ដែលស្និទ្ធ​នឹងរាជបល្ល័ង្ក សម្រាប់​ធ្វើសកម្មភាព​នយោបាយ​​​​និង​ការ​ប្រយុទ្ធ ដោយ​ច្រាន​ចោល​ដំណោះស្រាយ​របស់​រដ្ឋាភិបាលស៊ីវិល​ដែលដឹកនាំ​ដោយ​គណបក្ស​ភឿថៃ មានកូនស្រីលោកថាស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ​ ជានាយករដ្ឋមន្ត្រី។​

ការ​សម្រេច​របស់​តុលាការព្រហ្មទណ្ឌទីក្រុងបាងកក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ក្នងការ​​​ទម្លាក់​ចោល​​សំណុំរឿង​ប្រមាថព្រះមហា​ក្សត្រ​ ប្រឆាំង​នឹងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ដោយសំអាងថា​ មិន​មាន​ភស្តុតាងគ្រប់គ្រាន់នោះ គឺ​ជាសញ្ញា​យ៉ាងច្បាស់​ថា ​​នយោបាយ​របស់​ប្រទេស​​ស្ថិតនៅផ្លូវ​ការ​កែទម្រង់​​​ ជាពិសេស​​ គឺការ​​ទម្រង់ស្ថាប័ន​​​​ព្រះមហាក្សត្រតែម្តង​។

អស់​រយៈពេល​ជាយូរមក​ហើយ ស្ថាប័ន​របស់​ព្រះមហាក្សត្រ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ពង្រឹងអំណាច​របស់​ខ្លួន​តាមរយៈ​ការ​​ប្រមូលផ្តុំ​អំណាច​យោធា​នៅពីក្រោយ និង ការ​រក្សាភាព​ជិតស្និទ្ធ​ជាមួយ​​អតីត​មេបញ្ជាការ​យោធា​ចូល​និវត្តន៍​ឲ្យ​កាន់តួនាទី​សំខាន់​​ៗ នៅ​ក្នុងក្រុមប្រឹក្សា​ព្រះមហាក្សត្រ (Privy Council) ដោយ​ការ​ធ្វើទុកបុកម្នេញ​​លើ​រដ្ឋាភិបាល​ស៊ីវិល ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​​តាមបែប​ប្រជាធិបតេយ្យ។

ប៉ុន្តែ​ការ​ថ្លៃ​អំណាច​ចុងក្រោយ​​របស់​​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រ​ នៅស្រប​ពេលដែល​រដ្ឋាភិបាលស៊ីវិល​ ​​ដឹកនាំ​​ដោយ​កូនស្រី​របស់​លោក គឺ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បាន​​​ទទួ​ល​រងសម្ពាធ​ដូច​គ្នា ពី​ក្រុម​អ្នក​នយោបាយ​ថៃ​ដែលនិយ​ម​យោធា ក្នុង​នោះ មានស្ថាប័ន​ព្រឹទ្ធសភា ស្ថាប័ន​ប្រឆាំ​ងអំពើ​ពុករលួយ ស្ថាប័ន​​ព្រះមហាក្សត្រ​​​ថៃ​ ជាដើម នៅ​​ក្នុងពេលដែល​​រដ្ឋាភិបាលស៊ីវិល​​​ដឹកនាំ​គណបក្ស​ភឿថៃ​ចុះ​ខ្សោយ​កាន់តែខ្លាំង និង​រង​ភាព​រង្គោះ​រង្គើ​ស្ទើរតែ​ដួល​រលំទៅហើយ​។

ស្ថាប័ន​រាជ​បល្ល័ង្ក​ថៃ​តែ​ងតែ​ធ្វើសកម្មភាព​​​ប្រឆាំង​រដ្ឋាភិបាលស៊ីវិល តាមរយៈ​ការ​ចាត់វិធានការ​ផ្លូវច្បាប់​ ដោយ​ការ​ប្តឹង​ចោទ​ប្រកាន់​នានា ដើម្បី​ធ្វើយ៉ាង​ណា​ចាប់កំហុស​​ មេដឹកនាំ​គណបក្ស ឬ​​​រដ្ឋាភិបាល​ស៊ីវិល​​ទាំងឡាយ​ណា​ដែល​មានទំនោរ​ទៅ​រក​​លទិ្ធប្រជាធិបតេយ្យ។ ជាក់ស្តែ​ងណាស់ ក្នុង​​​ហេតុការណ៍​នយោបាយ​ចុងក្រោយ​នេះ ស្ថាប័ន​​ទាំងឡាយ​ដែល​មានទំនោរ​ទៅរក​រាជ​បល្ល័ង្កថៃ បាន​ចេញធ្វើសកម្មភាព​​ប៉ុនប៉ង​ដកហូត​អ្នក​នយោបាយ​​ទាំង​ឡាយ​ដែល​កើត​ចេញ​ពី​​ការ​បោះឆ្នោតដោយ​ប្រជាជន និង​ធ្វើសកម្មភាព​ដើម្បី​ការរស់រាន​និង​ការ​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ។

​​តុលាការ​ធម្មនុញ្ញថៃ​​ជាស្ថាប័ន​​​​​មួយបាន​ទម្លា​យ​ចោល​​នៅ​គណបក្ស​​​ជាច្រើន​រហូតដល់​ទៅ​​៣៤​ ចាប់តាំងពីឆ្នាំ​២០០៦ ជាឆ្នោត​ដែល​រដ្ឋាភិបាលស៊ីវិល​ដឹកនាំ ដោយ​លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ​ ត្រូវ​បាន​បណ្តេញ​​ចេញ​ពីអំណាច​​តាមរយៈរដ្ឋ​ប្រហារកាលថ្ងៃទី​១៩ខែកញ្ញាឆ្នាំ​២០០៦។ ការ​រំលាយ​ចោល​គណបក្ស​​ទាំង​៣៤​នោះ គឺសុទ្ធតែ​គណបក្ស​ដែល​មាន​គោលនយោបាយ​ លើក​ស្ទួយ​ប្រជាធិបតេយ្យ និង​មានគោលនយោបាយ​​​​ប៉ុនប៉ង​​បន្ថយអំណាច​ព្រះមហាក្សត្រ តាមរយៈ​ការ​​​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ត្រង់មាត្រា​១១២ ដែល​ចែង​អំពី​​កា​រប្រមាថ​ព្រះមហាក្សត្រ។ ត្រង់ចំណុចនេះ​ហើយ ដែលអ្នកនយោបាយថៃ​តែង​តែ​រងគ្រោះ​ដោយសារ​តែ​​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រដែលបាន​ដាក់​ចេញ​​ឲ្យ​ប្រើ​​ប្រាស់​ដំបូង​ក្នុងឆ្នាំ​១៩៥៧ ក្នុងរាជ​ស្តេច ភូមិវិបុល អាឌុល​យ៉ាដេត រាមាទី​​៩​។

​​តុលាការ​ធម្មនុញ្ញថៃ​ដែលមានចៅក្រម​៩រូប ដែលមាន​​ប្រវត្តិ​កើត​ចេញ​​​ពី​​​ អ្នក​កាន់​ស្ថាប័ន​យុត្តិធម៌ ដូចជា ចៅក្រម​តុលាការកំពូល តុលាការ​​ព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ និង​អ្នក​​​ច្បាប់​​មក​ពីស្ថាប័ន​អប់រំ​ផង កាល​ពីខែ​សីហា​ឆ្នាំ​២០២៤ បាន​រំលាយ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward) និង​ហាម​ឃាត់​លោក ភីថា លឹមចារើនរ៉ាត ពីការ​ធ្វើនយោបាយ​រហូត​ដល់​១០ឆ្នាំ ដោយសារ​តែ​គោល​នយោបាយគណបក្សនេះ​ប៉ុនប៉ង​ធ្វើវិសោធនកម្ម​​មាត្រា​​១១២ ដើម្បី​បន្ថយ​អំណាច​​រាជវាំង​។

ក្នុងសំណុំរឿង​​នយោបាយ​​សំខាន់​បំផុត​ប្រឆាំង​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រនេះ ក៏ក្រុម​និយម​​យោធា​ថៃ​ ឬ​ហៅថា​ ក្រុមអភិរក្ស ប៉ុនប៉ង​ដើម្បី​ផ្តាច់​​ខ្សែ​ជីវិត​នយោបាយ​របស់​ក្រុមគ្រួសារ​លោកថាក់ស៊ីន ដែល​មាន​ប្រជាប្រិយភាព​ក្នុង​សង្គមថៃ​​។

សំណុំ​រឿង​ចោទប្រកាន់ប្រឆាំង​លោកថាក់ស៊ីននេះ​ កើតចេញពីការ​និយាយ​ដែល​លោក​ថាក់ស៊ីន​បានធ្វើនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគាត់បានរិះគន់រដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានទម្លាក់ប្អូនស្រីរបស់គាត់ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ដោយ​ការ​ភ្ជាប់​ស្ថាប័ន​​មហាក្សត្រ​នៅ​ពីក្រោយ​ការ​ធ្វើរដ្ឋ​ប្រហារ​នោះ​​។

លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានអាយុ ៧៦ ឆ្នាំ បានស្វាគមន៍ចំពោះការសម្រេចនេះ ដោយប្រាប់អ្នកសារព័ត៌មានថា៖ «ករណីនេះត្រូវ បានច្រានចោល»។ Al Jazeera ផ្សាយ​​​នៅថ្ងៃទី​២២ខែ​​សីហា​នេះ ឲ្យ​ដឹងថា មេធាវីរបស់លោកថាក់ស៊ីន​ គឺលោក Winyat Chatmontree បានបញ្ជាក់ថា តុលាការរកមិនឃើញហេតុផលសម្រាប់ការកាត់ទោសឡើយ ។

​ការ​ទាត់​ចោល​​ការ​ដាក់​ទោស​ប្រឆាំង​លោកថាក់ស៊ីន​ចុងក្រោយនេះ គឺ​ជា​របត់នយោបាយថ្មី​មួយរបស់​ប្រទេសថៃ ជាពិសេស​​​​នឹងងាក​ទៅរក​ការកែទម្រង់​​ស្ថាប័ន​ព្រះមហាក្សត្រ​ក្នុងពេលខាងមុខនេះ ដោយសារ​តែ​​​​លោក​ថាក់ស៊ីន គឺ​ជា​អ្នកនយោបាយ​ល្បី​ល្បាញ​បំផុត និង​ជាអ្នក​តស៊ូអំណាច​ចុងក្រោយ​សម្រាប់ត្រកូលថាក់ស៊ីន ដែល​រង​ការ​ធ្វើរដ្ឋប្រហារ​ជាបន្តបន្ទាប់ និង ការ​ធ្វើទុកបុកម្នេញ​​ផ្នែកនយោបាយ​ពី​ក្រុម​​កាន់​អំណាច​ក្រោម​រាជបល្ល័ង្ក។

​​ការ​ទាត់​ចោល​​​បណ្តឹងប្រឆាំង​ លោកថាក់ស៊ីន​នាពេលនេះ​ ដែល​ជាសំណុំរឿង​នយោបាយ​ធំបំផុត​ក្នុង​ស្ថានភាព​​​ប្រទេសថៃ​​ធ្លាក់​ចូលវិបត្តិនយោបាយ​ជ្រៅបំផុត គឺ​បានសេចក្តីថា​ សំណុំរឿង​ដែលនៅសេសសល់មាន ការចោទ​ប្រកាន់​​ដែលថា លោកថាក់ស៊ីន​កុហក​​​តុលាការ​ថាមានជំងឺ​ និង​ទៅសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ូលិស​ជាដើម និង​សូម្បី​​ការ​ចោទ​ប្រកាន់​​ប្រឆាំង​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងក្លាយ​ជាសំណុំរឿង​ដែលតូចតាច​ប៉ុណ្ណោះ​។​

​ការ​​ទម្លាក់​ការ​ចោទ​ប្រកាន់​នេះ​មិនមែនបាន​សេចក្តីថៃ​ លោកថាក់ស៊ីន នឹង​បញ្ចប់​បេសកកម្ម​​នយោបាយ​ត្រឹមប៉ុណ្ណឹងដែរ គឺ​ច្បាស់ណាស់​ ក្រុម​​អ្នក​នយោបាយថៃ​ នឹង​រៀបចំ​ឲ្យ​មានការកែទម្រង់​នយោបាយ​ថៃ​ដ៏ធំមួយ ដើម្បី​បន្ថយអំណាច​ក្សត្រ​ ដើម្បី​ភាព​សុខុម​​របស់​អ្នក​នយោបាយថៃ និងស្ថិរភាព​នយោបាយថៃ​ទៅថ្ងៃអនាគត៕​

​រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម