Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ នឹងចុះតាមមណ្ឌលប្រឡងនៅខេត្តជុំវិញបឹងទន្លេសាបដើម្បីគាំទ្រស្មារតីដល់បេក្ខជនរងគ្រោះពីការឈ្លានពានថៃ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នឹងចុះពិនិត្យតាមមណ្ឌលប្រឡងនៅខេត្តជុំវិញបឹងទន្លេសាប និងសួរសុខទុក្ខដល់បេក្ខជនដើម្បីគាំទ្រផ្នែកស្មារតីដល់បេក្ខជនរងគ្រោះដោយសារការឈ្លានពានពីសំណាក់ភាគីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្តិ នៅព្រឹកថ្ងៃទី២៨សីហានេះ លោកឧបនាយករដ្ឋមន្ត្រី
បានឱ្យដឹងថា បន្ទាប់ពីសន្និសីទកាសែតនេះទៅ​ លោកនឹងចេញដំណើរទៅខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ចូលមើលមណ្ឌលប្រឡងនៅទីនោះ និងចូលមើលកន្លែងស្នាក់នៅបេក្ខជននៅខេត្តព្រះវិហារ និងកាត់វិញ្ញាសាប្រឡងនៅខេត្តព្រះវិហារ។ បន្ទាប់មកទៀតបន្តដំណើរទៅមើលការស្នាក់នៅរបស់បេក្ខជនប្រឡងមកពីខេត្តឧត្តរមានជ័យ នៅស្រុកពួកនិងបន្តដំណើរនៅជុំវិញបឹងទន្លេសាបនៅខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំនៅថ្ងៃស្អែក។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា នេះជាលើកទី១ហើយដែលលោកធ្វើដំណើរច្រើនខេត្តនេះដោយសារតែដើម្បីផ្តល់នូវការគាំទ្រខាងស្មារតីដល់សិស្សានុសិស្សដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់ភាគីថៃមកលើកម្ពុជា។ លោក
ឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា សង្គ្រាមឈ្លានពានដែលបង្កឡើងដោយភាគីថៃ មានបេក្ខជនភៀសសឹកចំនួន៦នាក់ប៉ុណ្ណោះក្នុងនោះខេត្តព្រះវិហារ៤រូប និងខេត្តឧត្តរមានជ័យ២រូបបានប្រឡងនៅតាមខេត្តផ្សេងៗក្នុងនោះនភ្នំពេញ២នាក់ បាត់ដំបង១នាក់ ពោធិសាត់២នាក់ និងកំពង់ស្ពឺ១នាក់។

ចំពោះបេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ ក្រសួងបានរៀបចំឱ្យប្រឡងនៅស្រុកពួកខេត្តសៀមរាបដោយរដ្ឋបាលខេត្តឧត្តរមានជ័យសម្របសម្រួលដឹកជញ្ជួនបេក្ខជនមកប្រឡងហើយស្នាក់នៅតាមសាលារៀនចំនួន៤ស្រុកពួកខេត្តសៀម ហើយក្រសួងបានឧបត្ថម្ភថវិកាដល់បេក្ខជនក្នុង១នាក់១០ម៉ឺនរៀល និងផ្តល់ថវិកាដល់បេក្ខជនខេត្តព្រះវិហារក្នុង១នាក់៥ម៉ឺនរៀល សម្រាប់ការស្នាក់នៅការធ្វើដំណើរ និងហូបចុកក្នុងរយៈពេល២ថ្ងៃដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេចូលរួមប្រឡងប្រកបដោយសុវត្តិភាពនិងមានភាពកក់ក្តៅ។ ក្រៅពីផ្តល់កន្លែងស្នាក់នៅ ថវិកានិងអាហារ ក្រសួងក៏មានការជួយឧបត្ថម្ភបន្ថែមទៀតសម្រាប់បេក្ខជនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យផងដែរដើម្បីជួយលើកទឹកចិត្តដល់ប្អូនៗឱ្យបានប្រឡងជាប់ច្រើនយ៉ាងហោចណាស់៨០%៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម