ព័ត៌មានជាតិ
លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អរគុណក្រុមប្រឹក្សានិង គណៈអភិបាលរាជធានី ដែលសម្រេចលទ្ធផលការងារ
លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានថ្លែងនូវការអរគុណចំពោះ ក្រុមប្រឹក្សានិង គណៈអភិបាលរាជធានីភ្នំពេញ ដែលបានសម្រេចនូវលទ្ធផលការងារយ៉ាងល្អប្រសើរ ដែលនឹងរុញកម្ពុជាឲ្យសម្រាកសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការថ្លែងបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាង លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ គឺលោក ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោក កើត ឆែ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ។

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានលើកឡើងពីស្ថានភាពនៃ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជាជាមួយនឹងកងទ័ពថៃ កាលពីថ្ងៃទី២៤ដល់ថ្ងៃទី ២៨ កក្កដា ដែលសង្គ្រាមនេះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិតកងទ័ពនិងប្រជាពលរដ្ឋស្លូតត្រង់ ជាច្រើននាក់។

លោកក៏បានថ្លែងនូវការអរគុណចំពោះសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលបានស្វែងរកសន្តិភាពជូនកម្ពុជានៅថ្ងៃទី២៨ខែកក្កដា ដែលឈានទៅដល់មានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។ លោកបញ្ជាក់ថា៖ បើទោះបីមានបទឈប់បាញ់ក្តី ក៏ប៉ុន្តែស្ថានភាពព្រំដែននៅតែមានបញ្ហាស្មុគស្មាញមិនចេះចប់ បង្កឡើងដោយទាហានថៃឈ្លានពាន។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ មិនឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ។ ជាមួយគ្នានេះដែរ ខណៈដែល នៅតាមព្រំដែន មានការប៉ះទង្គិចគ្នាដោយអាវុធ ដែលបង្កឡើងដោយទាហានថៃ រំលោភមកលើបូរណភាពទឹកដីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានគៀងគរសប្បុរជន ឱ្យចូលរួមជាមួយរដ្ឋបាលរាជធានី ក្នុងការបរិចាកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាដើម្បីប្រគល់ជូនទៅបងប្អូនកងទ័ពជួរមុខ និងបងប្អូនជាជនភៀសសឹក។

គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាដែលបានមកពីសប្បុរសជន រដ្ឋបាលរាជធានីភ្នំពេញបានយកទៅប្រគល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹកបានចំនួន២១លើក។

លោកឃួង ស្រេង បានបន្តទៀតថា អនុវត្តតាមការចង្អុល ណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានី បានរៀបចំរថយន្តក្រុងសំរាប់ដឹកជញ្ជូនពលករមកពីប្រទេសថៃ ដោយបានប្រើប្រាស់រថយន្តចំនួន៤៨០គ្រឿង។ យើងបានធ្វើការអភិវឌ្ឍរាជធានីឱ្យមានការអភិវឌ្ឍរីកចំរើន ហើយកាលពីថ្ងៃទី១០កក្កដា២០២៥កន្លងមកនេះ ដោយមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត យើងបានដាក់ឱ្យប្រើប្រាស់ជា បណ្តោះអាសន្ន ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត។យើងបានបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវជាតិនិងបរទេស មកដើរលេងកំសាន្ត ក្នុង១ថ្ងៃសៅរ៍ឬថ្ងៃអាទិត្យពី៨ទៅ១០ម៉ឺននាក់ក្នុងមួយថ្ងៃ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានណែនាំឱ្យលោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយសហការជាមួយខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ អង្គការសង្គមស៊ីវិល ពិសេសគឺសាមគ្គីភាពសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។

ក្នុងឱកាសនោះដែរ លោក ពេញ ធារម្យ ដែលត្រូវបានតែងតាំងជាអភិបាលរងរាជធានី បានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារ ការពាររាជរដ្ឋាភិបាលទោះក្នុងតម្លៃណាក៏ដោយ ប្តេជ្ញាគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឹងម៉ាត់បំផុត។ ប្តេជ្ញាគោរពតាមសេចក្តីសម្រេចនានារបស់ក្រសួងមហាផ្ទៃ។

ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ សង្កាត់សុវត្ថិភាព។ ប្តេជ្ញាធានារក្សាសន្តិសុខ សុវត្ថិភាពនិងរក្សាសន្តិភាពអោយបានទោះបីក្នុងតម្លៃណាក៏ដោយ។ គោរពតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យបានម៉ឹងម៉ាត់បំផុតនិងខិតខំបំពេញការងារប្រកបដោយស្មារតី បុរេសកម្ម៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


