Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចថៃបន្តបង្រ្កាបទំនិញជាច្រើនមុខបម្រុងនាំឆ្លងអូរព្រំដែនចូលកម្ពុជានៃស្រុកម៉ាឡៃ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ទំនិញ​គេចពន្ធ​ជា​ច្រើន​ប្រភេទបម្រុងនាំ​ចេញមកកម្ពុជាតាមអូរព្រំដែនថៃកម្ពុជា ត្រូវបានសមត្ថកិច្ចរបស់ថៃបង្រ្កាបបាន កាលពី​ព្រឹកថ្ងៃ​ទី២៩ សីហា២០២៥ នៅចំណុចមាត់អូរព្រំដែនខាងថៃ ក្នុងភូមិបានណងព្រឺ ឃុំផាន់សឿក ខេត្ត​ស្រះកែវ​ ឈម​នឹង​ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​តាម​ការ​ចេញផ្សាយរបស់សារព័ត៌មាន​ថៃ​សមត្ថកិច្ចថៃរួមមានមន្ត្រីនៃក្រុមការងារ ប៊ូរ៉ាផា ក្រុមការងារ អារញ្ញប្រាថេត កងវរសេនាធំលេខ១២ និងកងវរសេនាតូចទ័ពសេះលេខ៣០ បានចុះល្បាតនៅតាមព្រំដែនថៃកម្ពុជាបានរកឃើញទំនិញប្រើប្រាស់មួយចំនួនធំ ស្ថិតនៅទីតាំងខាងលើ។

វត្ថុ​ដែលសមត្ថកិច្ចថៃ​រឹបអូស​បានមាន​ច្រើន​ប្រភេទ រួម​មាន​អាហារ និង​គ្រឿង​ផ្សំ​សំខាន់ៗ​ដូច​ជា ទឹកដោះគោ​ហួត ទឹកដោះគោ​ដូង ម្ទេស​ក្រៀម ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវ ម្សៅស៊ុប មីកែវ និង​ប្រហិត​សាច់​ជ្រូក។ អាជ្ញាធរ​សមត្ថកិច្ចថៃបាន​រឹបអូស​ទំនិញ​ដែល​រឹបអូស​បាន​ទាំងអស់​ប្រគល់​ឲ្យ​មន្ត្រី​គយ​អារញ្ញ​។

សូម​បញ្ជាក់​ថា​ ទីតាំង​ដែល​បង្រ្កាប​បាន​ទំនិញ​ខាង​លើ​គឺ​ស្ថិត​នៅម្តំ​នៃច្រកតំបន់ម៉ៃឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដោយ​កាល​ពី​ប៉ុន្មានថ្ងៃមុនខាងអាជ្ញាធរនឹងសមត្ថកិច្ច​កម្ពុជាបានបង្រ្កាបបានទំនិញ​នាំចូល​ពី​ថៃ​នៅ​នឹង​មាត់​អូរ​ព្រំដែន​កម្ពុជា​ថៃ​នៃ​ខាងជើងច្រកតំបន់ម៉ាឡៃដែរ។

ជាមួយ​នឹង​ការ​រត់​ពន្ធ​ទំនិញ​ចេញ​ពី​ប្រទេសថៃនេះ ខាងសារព័ត៌មាន​ថៃ​បាន​ផ្សាយ​ថា បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​កំពុង​ឈាន​ដល់​កម្រិត​កំពូល ដែល​បង្ខំ​ឱ្យ​ប្រជាជន​ពឹងផ្អែកលើទំនិញរត់ពន្ធ​ដើម្បី​រស់រានមានជីវិត៕

ដោយ ៖ អេម ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម