Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីនប្រាប់​UNDPពីការយាយីដល់​ជីវិត​ពលរដ្ឋ​ដោយសារ​សំណង់គ្រឿងផ្ទុះ​របស់​ថៃ

បានផុស

នៅ

ប្រធានអាជ្ញាធរ​មីន​លោក លី ធុជ បានប្រាប់​ដល់​តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​លោក​ អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) ពីការបន្ត​យាយី​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្មែរពេលបច្ចុប្បន្ន ​ពី​កាក​សំណល់​គ្រឿង​ផ្ទុះដែល​ថៃ​បាន​ប្រើប្រាស់​ក្នុង​ជម្លោះ​ប្រដាប់​អាវុធជាមួយ​កម្ពុជា​​កាលពី​ចុង​ខែ​កក្កដា។ លោក លី ធុជ បាន​បញ្ជាក់​ថា «កម្ពុជា​ត្រូវ​ការ​ជាបន្ទាន់​ក្នុង​កិច្ច​ការ​ងារ​បោស​សម្អាតគ្រឿងផ្ទុះ​ទាំង​នេះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើងក្នុ​ងជំនួប​នៅស្នាក់ការអាជ្ញាធរ​មីន​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី​ លី ធុជ បាន​បញ្ជាក់​ថា​ ក្នុង​រយៈពេល​៥ថ្ងៃ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ថៃ​បានប្រើគ្រាប់ទម្លាក់ពីលើអាកាស គ្រាប់បែកចង្កោម និងគ្រាប់ផ្លោងជាដើមទៅ​លើទីវត្តអារាម សាលារៀន មណ្ឌលសុខភាព ភូមិឋាន និងតំបន់វាលស្រែ ដែលកាក​សំណល់ទាំង​នេះ​បានយាយីដល់សុខសុវត្ថិភាពប្រជាពលរដ្ឋក្រោយពេលត្រឡប់ទៅភូមិឋានសម្រាប់សកម្មភាពប្រចាំថ្ងៃវិញ។

លោក​បាន​បញ្ជាក់​ថា អាជ្ញាធរមីនមានបំណងរៀបចំនូវកម្មវិធីឆ្លើយតបបន្ទាន់ (Emergency Response Program) តាមការចាំបាច់ ដើម្បីស្វែងរកការគាំទ្រ និងកៀរគរធនធានពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា ធ្វើការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះនៅតាម តំបន់ដែលសេសសល់ ក្នុងការរួមចំណែកលើកកម្ពស់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងផងដែរ។

លោក អេនរីកូ ហ្គាវេលីយ៉ា បានបញ្ជាក់ថា បច្ចុប្បន្ននេះ UNDP កំពុងរៀបចំគម្រោងថ្មីមួយបន្តពីគម្រោងបោស សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ខាងមុខនេះ ហើយ UNDP ក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាមីនដែលនៅសេសសល់ និងធ្វើឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០។

គួរឱ្យ​ដឹង​ផងដែរ​ក្នុងជម្លោះប្រដាប់អាវុធ​៥​ថ្ងៃ​ជាមួយ​កម្ពុជា កង​ទ័ព​ថៃ​បាន​ប្រើប្រាស់​អាវុធធុនធ្ងន់​ជាច្រើនរហូត​ដល់​គ្រាប់​ទម្លាក់​ពី​យន្តហោះ គ្រាប់​បែក​ចង្កោម និង​បាញ់​សារធាតុគីមីផូស្វ័រ​ព័ណ៌​ស ស្រោច​លើ​កកង​ទ័ព​កម្ពុជា​​។ ក្រៅពី​នេះ​ទី​តាំង​ស៊ីវិល​ជា​ច្រើន​ត្រូវ​បាន​ថៃ​បំផ្លាញ និង​បន្សល់​នូវ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើនផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម