ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិនស្នើពលរដ្ឋសហការជាមួយមន្ត្រីជំនាញ ទប់ស្កាត់សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវ
លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើឱ្យប្រជាពលរដ្ឋសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវសាធារណៈទូទាំងខេត្ត។

ការស្នើនេះក្នុងឱកាស លោកស្រី បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារគ្រប់គ្រងសំណង់នានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងម្ចាស់សំណង់ កាលពីព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥។

នាឱកាសនោះ លោកស្រី បាន ស្រីមុំ លើកឡើងថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បាននិងកំពុងពង្រឹងនូវយន្តការទាំងឡាយទាក់ទងនឹងច្បាប់សាងសង់ ដោយធ្វើយ៉ាងណាឱ្យខេត្តមានសំណង់ប្រកបដោយសុវត្ថិភាព សោភ័ណភាព ព្រមទាំងបានខិតខំកែលំអហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម ការថែទាំ ការកែលំអហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវ ឱ្យកាន់តែល្អឡើង ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិន ឱ្យកាន់តែច្រើន ដែលជាកត្តាមួយចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជីវភាពពលរដ្ឋកាន់តែប្រសើរ។

លោកស្រី បាន ស្រីមុំ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ ត្រូវរួមគ្នាគោរពច្បាប់ ហើយប្រសិនបើមានការសាងសង់ផ្ទះ ឬ សាងសង់កន្លែងអាជីវកម្មផ្សេងៗ ត្រូវសុំច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមមុខនានា ដូចជា សំណង់គ្មានច្បាប់អនុញ្ញាត សំណង់ខុសបច្ចេកទេស និងការសង់រំលោភលើដីចំណីផ្លូវតាមសាធារណៈ ដែលបណ្ដាលឱ្យខាតពេលវេលា និងថវិកា។

ជាមួយនេះ លោកស្រីអភិបាលខេត្ត ក៏បានជំរុញមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តទប់ស្កាត់ការរំលោភលើដីសាធារណៈ ដូចជា ៖ ដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់ឱ្យបានរាល់ការសាងសង់សំណង់ខុសច្បាប់ ព្រមទាំងបន្តផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍន៍អចលវត្ថុ ឱ្យយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យសំណង់ និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


