ព័ត៌មានជាតិ
ឆ្នាំ២០២៥នេះ កម្ពុជាបានបង្ការទប់ស្កាត់មិនឱ្យកើតមានជំងឺគ្រុនឈាមជិត៣ម៉ឺនករណី
ក្នុងឆ្នាំ២០២៥នេះ កម្ពុជាបានបង្ការទប់ស្កាត់មិនឱ្យកើតមានជំងឺគ្រុនឈាមជិត៣ម៉ឺនករណី ប្រៀបធៀបជាមួយសន្ទស្សន៍ព្យាករណ៍សម្រាប់ឆ្នាំនេះ ជំងឺគ្រុនឈាមអាចកើតមានប្រមាណជាង៧ម៉ឺន៦ពាន់ករណីឯណោះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣កញ្ញានេះថា ឆ្នាំ២០២៥ ដែលជាឆ្នាំនៃវដ្តជំងឺគ្រុនឈាមកើតច្រើន គឺមានករណីជំងឺសរុបជាង ៣ម៉ឺនករណី និងស្លាប់៥០នាក់។ ប៉ុន្តែស្ថានភាពជំងឺកំពុងបានថយចុះជាបន្តបន្ទាប់ជាង៤០ករណីក្នុងមួយថ្ងៃៗចាប់តាំងពីដើមខែសីហា មកដល់ចុងខែកន្លងមកនេះ បើប្រៀបធៀបជាមួយសន្ទស្សន៍ព្យាករណ៍សម្រាប់ឆ្នាំ២០២៥នេះ គឺគ្រុនឈាមអាចកើតមានប្រមាណជា ជាង៧ម៉ឺន៦ពាន់ករណី។

លោកវេជ្ជបណ្ឌិតបានបន្តថា ដោយចលនាបុរេសកម្ម និងកិច្ចសហការចូលរួមពីគ្រប់កម្រិតព្រមទាំងសហគមន៍ ក៏ដូចជាការជំរុញលើកទឹកចិត្ត និងចង្អុលបង្ហាញជាប្រចាំរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលមកដល់ពេលនេះ គឺយើងបានបង្ការទប់ស្កាត់មិនឱ្យកើតមានជំងឺគ្រុនឈាមប្រមាណជា ៤៣% ឬស្មើនឹង ២៥៧នាក់ក្នុងមួយថ្ងៃ ដែលសរុបគឺបង្ការបានជិត៣ម៉ឺននាក់មិនឱ្យកើតជំងឺគ្រុនឈាម។ បើប្រៀបធៀបឆ្នាំ២០២៤ បានបង្ហាញថា ឆ្នាំ២០២៥នេះស្ថានភាពជំងឺត្រូវបានកាត់បន្ថយកំពូលប្រចាំឆ្នាំមកត្រឹមសប្តាហ៍ទី២៩ ឬដើមខែសីហា ដែលឆ្នាំ២០២៤ គឺកំពូលនៅសប្តាហ៍ទី៣៤ ឬចុងខែសីហា ដែលបញ្ជាក់យ៉ាងច្បាស់អំពីសមិទ្ធិផលនៃការចូលរួមបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺមានប្រសិទ្ធភាពខ្ពស់គួរជាទីមោទកភាព។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ឆ្នាំ២០២៥នេះមិនមែនតែកម្ពុជាទេដែលមានកំណើនជំងឺគ្រុនឈាមកើតច្រើនបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកក៏មានកំណើនជំងឺគ្រុនឈាមយ៉ាងខ្លាំងដែរ។
តាមរបាយការណ៍អង្គការសុខភាពពិភពលោក ជំងឺគ្រុនឈាមនៅបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកមានកំណើនយ៉ាងខ្លាំងតាំងពីពាក់កណ្តាលឆ្នាំ២០២៤ ដល់២០២៥នេះ ព្រោះពាក់ព័ន្ធនឹងជុំជាវដ្តនៃជំងឺ និងកត្តាអាកាសធាតុភ្លៀងធ្លាក់ច្រើន ក៏ដូចជាកត្តាបំលាស់ទីរបស់ប្រជាជនពីមួយប្រទេសទៅមួយប្រទេសផងដែរ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា សរុបមក ឆ្នាំ២០២៥នេះ ស្ថានភាពបន្ទុកជំងឺគ្រុនឈាមកំពុងធ្លាក់ចុះវិញមែន ប៉ុន្តែ និន្នាការនៃការថយចុះនៅមានកម្រិតទាប ដែលទាមទារគ្រប់គ្នា សហគមន៍ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋគ្រប់រូប ត្រូវព្រងឹងកិច្ចអន្តរាគមន៍អនុវត្ត អនាម័យបរិស្ថាន លុបបំបាត់ប្រភពសម្ភារដក់ទឹកមិនប្រើប្រាស់ សំបកកង់យានជំនិះ លុបបំបាត់ដង្កូវទឹកតាមគេហដ្ឋានរៀងៗខ្លួនជាប្រចាំ “ ខ្ញុំជាពលរដ្ឋគំរូ ព្រោះផ្ទះខ្ញុំគ្មានដង្កូវទឹក “ និងត្រូវស្វែងរកសេវាថែទាំសុខភាពបន្ទាប់ពីក្តៅខ្លួនខ្លាំងភ្លាមៗមិនលើសពី២ថ្ងៃ ពិសេសទៅប៉ុស្តិសុខភាព ឬ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតមិនឱ្យយឺតពេលព្រោះថាបើ យឺតពេលមួយថ្ងៃ ជាកត្តាជម្រុញការវិវត្តន៏៍ជំងឺធ្ងន់ធ្ងរអាចយារយីដល់អាយុជីវិត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


