ព័ត៌មានជាតិ
អង្គការ PSE ប្រគល់ប្រាក់ ២ម៉ឺនដុល្លារ ទៅក្រសួងអប់រំ ជួយជួសជុលសាលារៀន ក្រោយខូចខាតខ្លាំង ពីការឈ្លានពានរបស់ថៃ
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានប្រគល់ប្រាក់ ២ម៉ឺនដុល្លារទៅក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមជួយជួសជុល និងសាងសង់សាលារៀនឡើងវិញ បន្ទាប់ពីរងការខូចខាតខ្លាំងពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។

ការផ្តល់ជូននេះ ធ្វើឡើងនៅទីស្តីការក្រសួងអប់រំ ក្នុងឱកាស បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូអង្គការ PSE ដឹកនាំដោយ លោកស្រី លក្ខិណា ដេប៉ាលីយែរ នាយកគ្រប់គ្រងអង្គការដើម្បីភាពញញឹមនៃកុមារ ដើម្បីទទួលកញ្ចប់ថវិកាគាំទ្រការជួសជុល និងសាងសង់ឡើងវិញនូវអគារសិក្សាដែលរងការប៉ះពាល់ដោយសង្រ្គាមនៅព្រំដែនជាប្រទេសថៃ។ ក្នុងឱកាសនោះ នាយកគ្រប់គ្រងអង្គការ PSE បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលដល់ក្រសួងអប់រំ យុវជន និងកីឡាចំពោះការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់នូវរាល់គម្រោងពាក់ព័ន្ធនឹងវិស័យអប់រំជាមួយ PSE និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រវិស័យអប់រំបន្ថែមទៀត។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការ PSE ចំពោះការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក ព្រមទាំងសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិជាច្រើនបន្ថែមទៀតជាមួយក្រសួងអប់រំ និងអង្គការ PSE នាពេលអនាគត។ លោកបណ្ឌិតសភាចារ្យ ក៏បានប្រាប់ពីបច្ចុប្បន្នភាពស្ថានភាពនៅតំបន់ព្រំដែនជាមួយប្រទេសថៃ បច្ចុប្បន្ន មិនទាន់ត្រឡប់ទៅរកប្រក្រតីភាព ដែលធ្វើឱ្យក្រុមការងារក្រសួង មិនទាន់អាចចូលទៅសាងសង់ និងជួសជុលអគារសិក្សាដែលរងការខូតខាតដោយសង្គ្រាមនៅឡើយ។

យ៉ាងណាមិញ លោកបណ្ឌិតបន្តថា ក្រសួងអប់រំ បានរៀបចំរួចរាល់នូវក្រុមការងារជំនាញ និងផែនការដើម្បីស្តារសាលារៀននៅតាមបណ្តោយព្រំដែនឡើងវិញ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួង រួមជាមួយការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជននានា ដែលក្នុងនោះមានកញ្ចប់ថវិការបស់ PSE ផងដែរ។ ក្រសួងបានចាត់ក្រុមការងារចុះពិនិត្យផ្ទាល់ដល់សាលារៀនដែលរងប៉ះពាល់ ដោយជាបឋមនឹងចាប់ផ្តើមពីការបោសសម្អាតមីននៅតាមកន្លែងដែលត្រូវសាងសង់ និងជួសជុល។ តាមការគ្រោងទុក ក្រសួងនឹងសម្របសម្រួលឱ្យមានការបើកបវេសនកាលចូលរៀននៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ នៅតាមទីទូលសុវត្ថិភាពដែលអំណោយផលសម្រាប់ការរៀន និងបង្រៀន ដើម្បីធានាបានថាសិស្សានុសិស្សអាចបន្តទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។
ក្រសួងអប់រំ បានបញ្ជាក់ថា អង្គការដើម្បីភាពញញឹមនៃកុមារ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនវិសាលភាពនៃការអប់រំ លើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


