ព័ត៌មានជាតិ
កម្ពុជា-ហ្វីលីពីន ប្តេជ្ញាបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្ម
កម្ពុជា និងហ្វីលីពីន បានបេ្តជ្ញាបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេស គឺទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន។ ការចង់បង្កើនទំនាក់ទំនងទ្វេភាគីនេះ បង្ហាញឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ហើយលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីនក៏បានយល់ស្របភ្លាមៗនៅក្នុងជំនួបទ្វេភាគីនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។

លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន កំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃ។ លោក និងភរិយា ព្រមទាំង គណៈប្រតិភូហ្វីលីពីន បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ហើយនឹងចាកចេញទៅវិញថ្ងៃអង្គារ ទី០៩ ខែកញ្ញា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Ferdinand Romualdez Marcos Jr នៅកម្ពុជានាពេលនេះ។ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់នៃការរុញទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនឱ្យកាន់តែរីកចម្រើន។

នៅក្នុងជំនួបជាមួយសម្តេចតេជោ លោក Ferdinand Romualdez Marcos Jr បានសម្តែងនូវការអរគុណ ហើយក៏បានផ្ដាំតាមរយៈសម្ដេចប្រមុខរដ្ឋស្តីទី ថ្វាយចំពោះព្រះមហាក្សត្រ ក្នុងការសាកសួរសុខទុក្ខពីរូបលោក។ លោកក៏បានបង្ហាញនូវកី្តរីករាយនៅពេលលោកបានមកដល់កម្ពុជា ហើយបានឃើញនៅតាមផ្លូវ មានយុវជន ប្រជាពលរដ្ឋខ្មែរ បានស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅ ដែលធ្វើឱ្យលោក និងគណៈប្រតិភូ មានការរំភើបចិត្តយ៉ាងខ្លាំង ចំពោះបដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបង្ហាញឱ្យដឹងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៅក្រោយជំនួបរវាងសម្តេចតេជោ និងលោកប្រធានាធិបតីហ្វីលីពីន។
ពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងទ្វេភាគីវិញ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបន្ថែមទៀតដោយសម្ដេចបានបញ្ជាក់អំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក្នុងនោះ សម្ដេចតេជោ បានផ្ដល់ជាយោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា ធ្វើយ៉ាងណាបង្កើនពាណិជ្ជកម្មជាមួយគ្នាឱ្យបានច្រើនថែមទៀត ខណៈដែលបច្ចុប្បន្ន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺនៅមានកម្រិត។ ក្នុងន័យនេះ សម្ដេចតេជោ ចង់ឃើញភាគីទាំងពីរបង្កើនទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើង។ សម្ដេចតេជោ ក៏បានចែករំលែកអំពីវិស័យទេសចរណ៍ដែលភាគីទាំងពីរ ត្រូវពង្រឹងជាមួយគ្នាក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

លោកប្រធានាធិបតីហ្វីលីពីន បានឯកភាពនូវអ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ ដោយបញ្ជាក់អំពីភាគីទាំងពីរត្រូវបង្កើននូវទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរជាងនេះ ជាពិសេស គឺផ្ដោតទៅលើពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាងនេះទៀត គឺកិច្ចសហប្រតិបត្តិការគ្នានៅក្នុងវិស័យទេសចរណ៍ ដែលភាគីទាំងពីរត្រូវរួមគ្នាបន្ថែម។ លោក Ferdinand Romualdez Marcos Jr បានចាត់ទុកអាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោដែលលោកនឹងធ្វើដំណើរតាមអាកាសយានដ្ឋាននេះនៅថ្ងៃស្អែក នឹងក្លាយជាផ្នែកមួយនៃការបង្កើននូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ លោកសង្ឃឹមថា វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនតាមរយៈការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងប្រជាជន និងប្រជាជន។

បន្ទាប់ពីចប់ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា លោក Ferdinand Romualdez Marcos Jr ក៏ត្រូវបានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ថ្នាក់ដឹកនាំកម្ពុជា និងហ្វីលីពីន បានសម្រេចចុះកិច្ចព្រមព្រៀងលើឯកសារចំនួន៣ជាមួយគ្នានៅថ្ងៃនេះ គឺទី១.អនុស្សារណៈយោគយល់ស្តីពីវិស័យសហប្រតិបត្តិការនានារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ទី២. គឺអនុស្សារណៈយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងគណៈកម្មការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន និងទី៣. គឺអនុស្សារណៈយោគយល់ស្តីពីកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


