Connect with us

ព័ត៌មានជាតិ

កាន់បិណ្ឌវេនទី ៤ សម្តេច ម៉ែន សំអន សូត្រមន្ត រាប់បាត្រ ឧទ្ទិសកុសលបុណ្យ ជូនវីរកងទ័ពពលីជីវិតការពារទឹកដីក្នុងពេលចោរសៀមឈ្លានពាន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ក្រុម​គ្រួសារ បាន​សូត្រ​មន្ត រាប់បាត្រ ឧទ្ទិស​កុសល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ដែល​ពលី​ជីវិត​ការពារ​បូរណភាព​ទឹកដី​ក្នុង​ពេល​ចោរ​សៀម​ឈ្លានពាន​នា​ពេល​កន្លងមក តាម​ព្រំដែន​កម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ធ្វើ​ពិធី​នេះ​ក្នុង​ពេល​អញ្ជើញ​ចូលរួម​សូត្រ​មន្ត រាប់បាត្រ ក្នុង​ពិធី​បុណ្យ​កាន់បិណ្ឌ​វេន​ទី ៤ នៅ​វត្ត​សារា​វ័ន​តេ​ជោ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤ រោច ខែភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ។

ក្នុង​ពិធី​នោះ​ផង​ដែរ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមការងារ សហការី និង​ពុទ្ធបរិស័ទ បាន​បូជា​ទៀន​ធូប ផ្កាភ្ញី ចំពោះ​ព្រះ​រតន​ត្រៃ សមាទាន​សីល ធ្វើ​កិច្ច​នមស្សការ​បង្សុកូល ព្រមទាំង​នាំ​យក​នូវ​បច្ច័យ ទេយ្យទាន គ្រឿង​ឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ​ជាច្រើន​មុខ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ផលានិសង្ស​ជូន​ទៅ​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាន​មាតាបិតា ជីដូន​ជីតា ញាតិកា​ទាំង ៧ សន្តាន។

នា​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទ​មុន្នី និង​ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តី​សុខ សន្តិភាព និង​សេចក្តី​ចម្រើន​គ្រប់ៗ គ្នា ជា​រៀង​រហូត។

គួរ​រំលឹក​ផង​ដែរ​ថា សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អញ្ជើញ​ចូលរួម​ក្នុង​វេន​កាន់បិណ្ឌ​ទី ៤ ដែល​ជា​វេន​កាន់បិណ្ឌ នៃ​ក្រុម​គ្រួសារ រួម​ជាមួយ​ពុទ្ធបរិស័ទ បាន​អញ្ជើញ​បដិបត្តិ​ព្រះធម៌ សូត្រមន្ដ នមស្សការ​ចម្រើន​ព្រះ​បរិត្ត រាប់បាត្រ ប្រគេន​ព្រះសង្ឃ បង្សុកូល ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន និង​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព បុព្វបុរស​អ្នកស្នេហាជាតិ ដែល​បាន​ពលី​អាយុជីវិត ដើម្បី​ភាព​គង់វង្ស នៃ​បូរណភាព​ទឹកដី ជាតិ​មាតុភូមិ ឲ្យ​ទទួល​បាន​សុខ​សន្ដិភាព ភាព​រីកចម្រើន​សម្បូរ​រុងរឿង។

ពិធីបុណ្យ​កាន់បិណ្ឌ គឺជា​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ផ្សេងៗ ទៀត ដែល​ប្រជាពលរដ្ឋ​ខ្មែរ តែង​គោរព ប្រណិប័តន៍ ដើម្បី​រំលឹក និង​ឧទ្ទិស​កុសល​ដល់​សាច់ញាតិ មាតាបិតា បុព្វការី​ជន ដែល​បាន​លាចាក​ទៅ​លោក​ខាងមុខ។ ប្រជាពលរដ្ឋ​ភាគច្រើន បាន​យក​ម្ហូបអាហារ និង​ផ្លែឈើ នំចំណី ទៅ​ប្រគេន​ដល់​ព្រះសង្ឃ នៅ​តាម​វត្ត​អារាម ចាប់ពី​ថ្ងៃ ១ រោច ដល់​ថ្ងៃ ១៥ ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​ឆ្លង​បញ្ចប់ ឬ​គេ​ហៅថា ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម