Connect with us

ព័ត៌មានជាតិ

ក្រុម​មន្រ្តី​ជំនាញ ចុះ​ពិនិត្យ​គុណភាព​ស្ពាន​ព្រែក​តាអុក ជាលើកទី២ ក្រោយ​រងការ​ខូចខាត

បានផុស

នៅ

កោះកុង ៖ ក្រុមមន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការខេត្តកោះកុង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យអំពីគុណភាពបច្ចេកទេសស្ពានព្រែកតាអុក ស្ថិតនៅភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ជាលើកទី២ ក្រោយរងការខូចខាតប្រេះស្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ជំនាញ​បច្ចេកទេស​នៃនាយកដ្ឋានផ្លូវល្បឿនលឿន និងមន្ទីរសាធារណការខេត្តកោះកុង នៅតែបន្តចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃគុណភាពស្ពានព្រែកតាអុក រួមគ្នាជាមួយមន្ទីរសាធារណការខេត្តកោះកុង ដើម្បី​លម្អិតកាន់តែច្បាស់អំពីផលខូចខាតប្រេះស្រោះនៃស្ពាន ព្រោះ​តែ​ការ​ដឹក​លើស​ទម្ងន់​កំណត់របស់ក្រុមរថយន្តធំៗឆ្លងកាត់។

បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ពន្យល់ថា គុណភាពស្ពានអាចបន្តប្រើប្រាស់ចរាចរណ៍បានធម្មតា ប៉ុន្តែក្រុមរថយន្តធុនធ្ងន់ទាំងនោះ ត្រូវតែគោរពច្បាប់ដឹកជញ្ចូនជាធរមាន ករណីប្រសិនបើរកឃើញថាល្មើស គឺនឹងទោសទណ្ឌជាមិនខាន។ បច្ចុប្បន្នក្រុមមន្រ្តីជំនាញ កំពុងធ្វើរបាយការណ៍លទ្ធផលវាយតម្លៃពិនិត្យលម្អិតជាថ្មីគោរពជូនរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ពិនិត្យ និងមានវិធានការដោះស្រាយបន្តទៀត។

លោក អន ដាវុធ បានបន្ថែមថា ក្រសួង​នឹងលើកគម្រោងអភិវឌ្ឍន៍​ជួសជុលអោយបានឆាប់រហ័សចំពោះការខូចខាតស្ពានព្រែកតាអុកនេះ ដើម្បី​បន្តថែរក្សាគុណភាពស្ពានឱ្យគង់វង្សយូរអង្វែងទៅថ្ងៃមុខ។ ស្ពានព្រែកតាអុក រកឃើញថា មានការប្រេះស្រោះសសរចំនួន៤កន្លែង និងធ្នឹមតួស្ពានចំនួន១កន្លែង។

កន្លងទៅប្រជាពលរដ្ឋមានការព្រួយសម្តែងក្តីព្រួយបារម្ភអំពីការបែកប្រេះស្រោះស្ពានព្រែកតាអុកនេះ ដោយសារតែការដឹកលើសទម្ងន់របស់ក្រុមរថយន្តធុនធំដែលដឹកគ្រួស ខ្សាច់ និងថ្ម បើកបរឆ្លងកាត់ទៅមក។

ស្ពានព្រែកតាអុក មានប្រវែង១២៦ម៉ែត្រទទឹង ៨ម៉ែត្រគម្រោងសាងសង់ ក្រសួងសាធារណការនិងដឹកជញ្ជូន ស្ថាបនានាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។ ស្ពាននេះសាងសង់នៅឆ្នាំ២០១១ ធ្វើ​រួច​រាល់​នៅឆ្នាំ២០១៤បើគិតអាយុកាលបានត្រឹមតែ១១ឆ្នាំ​ហើយ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម