Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តរតនគិរី ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈវៀតណាមនឹងបើកទ្វារទឹក ២ កន្លែង

បានផុស

នៅ

អាជ្ញាធរខេត្តរតនគិរី បានប្រកាសឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងរកទីទួលសុវត្ថិភាព ខណៈប្រទេសវៀតណាម បានជូនដំណឹងពីការបើកទ្វារទឹកចំនួន ២ កន្លែង។

ទំនប់វ៉ារីអគ្គិសនីឈ្មោះយ៉ាលី ប្រទេសវៀតណាម នឹងត្រូវបើកទ្វារបង្ហូរធារទឹកចំនួន ២កន្លែង ក្នុងនោះមាន៖ ទន្លេសេសាន ៤ និងសេសាន៤A។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីជូនដំណឹងខាងលើ ការបើកទ្វាទឹកនេះគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥នេះ ដូច្នេះជនជាតិដើមភាគតិច ដែលនៅតាមដងទន្លេសេសាន ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ករណីមានគ្រោះទឹកជំនន់។

លោក ខាំ កាប៊ីន មេឃុំកាចូន មានប្រសាសន៍ថា លោកបានធ្វើការជូនដំណឹងទៅដល់មេភូមិទាំង៦ រួចរាល់មកហើយ ទាក់ទងនឹងការបើកទ្វារទឹក ឱ្យជនជាតិដើមភាគតិច មានការប្រុងប្រយ័ត្ន តាមរយៈចង់ទូក និងរកទីទួល សុវត្ថិភាព នៅមុនការបើកទឹកនេះ។

លោកមេឃុំកាចូន បានបន្តទៀតថា លោកក៏បានផ្តាំផ្ញើទៅដល់អ្នកភូមិដែលរស់នៅតាមដងទន្លេ ត្រូវមានការហាមឃាត់ក្មេងៗ កុំឱ្យទៅលេងទឹកទន្លេ អូរ ជៀសវាងអាចបង្កទៅលង់ទឹកស្លាប់បាន។

ជាមួយគ្នានោះ លោក សុំ សាវ មេប៉ុស្តិ៍កាចូន នៅក្នុងផ្សព្វផ្សាយ អំពីភូមិឃុំសុវត្ថិភាព នៅសាលារោងភូមិកាឡឹម  លោកបានមានប្រសាសន៍ ក្រើនរំលឹកដល់ជនជាតិដើមភាគតិច ដែលទៅរកត្រីតាមដង ទន្លេសេសាននៅយប់ព្រលប់ ត្រូវផ្អាកជាបណ្តោះអាសន្នសិន ទម្រាំផុតអំឡុងពេលបើកទ្វារទឹកនេះ។ 

លោកបន្តថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន អំពីការបើទ្វារទឹកមានល្បឿនលឿនខ្លាំង កម្រិតទឹកហូរខ្ពស់ រហូតដល់ ៨៣០ ម៉ែត្រគូបក្នុង១វិនាទី សម្រាប់ឃុំកាចូន ប្រសិនបើកទឹកឡើងដល់៨ ម៉ែត្រ នឹងឈានដល់កម្រិតលិចលង់ ផ្ទះណាដែលមានទូក ត្រូវចងខ្សែអមសងខាង កុំឱ្យរបូតទៅតាមទឹក ជាហេតុមិនមានអ្វីសង្គ្រោះអាយុជិត។

គួររំលឹកឡើងវិញថា ទំនប់វារីអគ្គិសនី យ៉ាលី ត្រូវបានសាងសង់ឡើងដោយប្រទេសវៀតណាម ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ហើយមានកម្លាំងផលិតអគ្គិសនី ៧២០ មេហ្គាវ៉ាត់។

តាមការសិក្សាស្រាវជ្រាវបានរកឃើញទៀតថា ផលប៉ះពាល់បរិស្ថាននៅចន្លោះឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០០ កន្លងទៅនេះ មានដូចជា៖ ប្រជាពលរដ្ឋខ្មែរចំនួន ៣២ នាក់បានស្លាប់ ដោយសារទឹកជំនន់ ប្រជាពលរដ្ឋខ្មែរចំនួន ៩៥២ នាក់ បានស្លាប់ដោយសារពុលទឹក និងសត្វគោក្របីមួយចំនួន បានងាប់ដោយសារពុលទឹកទន្លេសេសាន៕

អត្ថបទ ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម