ព័ត៌មានជាតិ
ខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត៖ កម្ពុជា-សិង្ហបុរី ប្ដេជ្ញារួមគ្នាលើកកម្ពស់ស្ថិរភាព សន្តិភាពនៅអាស៊ាន
នៅថ្ងៃទី១០ ខែសីហា ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់សិង្ហបុរី។ បន្ទាប់មក កម្ពុជា សិង្ហបុរី បានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ទំនាក់ទំនងនៃប្រទេសទាំងពីរ គឺគ្រប់វ័យ៦០ឆ្នាំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ តាមរយៈនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានផ្ញើសារលិខិតអបអរសាទរខួបនៃការបង្កើតទំនាក់ទំនងទៅវិញទៅមក។

ក្នុងព្រះរាជសារផ្ញើជូនប្រធានាធិបតីសិង្ហបុរី, ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហមុនី មានព្រះរាជចំណាថា រយៈពេលប្រាំមួយទស្សវត្សរ៍ ចំណងមិត្តភាពរវាងកម្ពុជា និងសិង្ហបុរីបានរីកចម្រើនឥតឈប់ឈរ តាមរយៈកិច្ចសហប្រតិបត្តិការជាច្រើន ការផ្លាស់ប្តូរនៅគ្រប់កម្រិត និងកិច្ចសហការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។ ភាពជាដៃគូដ៏យូរអង្វែងនេះ ជាសក្ខីភាពមួយចំពោះតម្លៃរួម និងសេចក្តីប្រាថ្នាដែលបង្រួបបង្រួមប្រជាជនកម្ពុជា សិង្ហបុរី។

ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកប្រាប់លោក ឡរ៉េនវ៉ុង នាយករដ្ឋមន្រ្តីសិង្ហបុរីថា ព្រះរាជបូណីយកិច្ចរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងការទទួលស្គាល់ឯករាជ្យភាព និងបង្កើតទំនាក់ទំនការទូតជាមួយសិង្ហបុរី គឺជាមូលដ្ឋានគ្រឹះដ៏យូរអង្វែងសម្រាប់ការជឿទុកចិត្តគ្នាទៅវិញទៅមក ការគាំទ្រផ្នែកនយោបាយ និងចក្ខុវិស័យរួមគ្នានៃសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ស្របពេលដែលក្នុងរយៈពេលប្រាំមួយទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា និងសិង្ហបុរីបានកសាងភាពជាដៃគូដ៏រឹងមាំ និងពហុភាគី ដែលពង្រឹងដោយការផ្លាស់ប្តូរកម្រិតខ្ពស់ជាទៀងទាត់ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា កិច្ចសហប្រតិបត្តិការររវាងកម្ពុជា-សិង្ហបុរី បានគ្របដណ្តប់លើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ការវិនិយោគ វិស័យការពារជាតិ ការអប់រំ ទេសចរណ៍ និងនវានុវត្តន៍ឌីជីថល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានយកឱកាសខួបនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់កម្ពុជា ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ និងដែលកំពុងរីកចម្រើន។ សម្ដេចធិបតី បញ្ជាក់ប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរី ថា ៖« យើងនឹងបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងរួមចំណែកយ៉ាងមានអត្ថន័យដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពក្នុងសហគមន៍អាស៊ាន និងលើសពីនេះទៀត។»។

ចំណែកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រាប់រដ្ឋមន្ត្រីការបរទេស សិង្ហបុរីថា កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការស្វែងរកគោលដៅរួមនៃវិបុលភាព និងការអភិវឌ្ឍប្រទេស រ ទន្ទឹមនឹងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូដ៏រឹងមាំ ហើយភាពជាដៃគូនេះអាចរួមចំណែកដ៏មានអត្ថន័យដល់ការកសាងសហគមន៍អាស៊ានតាមរយៈការពង្រឹងឯកភាព និងសមាហរណកម្មក្នុងតំបន់ និងតាមរយៈការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងនៅទូទាំងតំបន់ និងលើសពីនេះ។

រីឯភាគីសិង្ហបុរីវិញ ទាំងប្រធានាធិបតី ទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស សុទ្ធតែបានកត់សម្គាល់ជាវិជ្ជមានចំពោះការវិវត្តនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលជាចំណងមិត្តភាពដ៏យូរអង្វែងមួយ ចាក់ឫសចេញពីទំនាក់ទំនងជិតស្និទ្ធរវាង ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី ក្វាន់យូ។
ភាគីសិង្ហបុរី កត់សម្គាល់ថា ទំនាក់ទំនងជាមួយកម្ពុជា កំពុងតែរីកចម្រើនជានិច្ច ហើយនឹងបន្តរីកចម្រើននៅឆ្នាំខាងមុខ ហើយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនរបស់យើងទាំងពីរ។

នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានបញ្ជាក់មកកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត លោកទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី សម្រាប់ជាប្រយោជន៍រួម និងនៅក្នុងអាស៊ាន។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដាក់ក្ដីរំពឹងថា ទំនាក់ទំនងសិង្ហបុរី-កម្ពុជានឹងឈានដល់កម្រិតខ្ពស់ជាងនេះទៀតក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


