Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន សំណេះសំណាលជាមួយពលករខ្មែរវិលត្រឡប់ពីថៃ ១៦០ នាក់ នៅសង្កាត់ប៉ៃលិន

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ លោកស្រី បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន និង​ក្រុមការងារ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ជាមួយ​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ចំនួន ១៦០ នាក់ នៅ​សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ក្រោម​ការ​យកចិត្តទុកដាក់​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ បាន​មាន​ប្រសាសន៍​នាំមក​នូវ​ក្ដី​នឹករលឹក និង​សេចក្ដី​ស្រលាញ់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​ធិបតី ហ៊ុន ម៉ាណែត ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ក្នុង​គ្រា​មាន​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ មក​លើ​ទឹកដី​កម្ពុជា ហើយ សម្តេច​ទាំងពីរ តែងតែ​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​គ្រប់​កាលៈទេសៈ មិន​ទុក​នរណា​ម្នាក់​ចោល​ដោយ​មិន​បាន​ដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ។

លោកស្រី​អភិបាល​ខេត្ត បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ សូម​បន្ត​ស្នាក់នៅ និង​ធ្វើការ​ក្នុង​ប្រទេស ព្រោះ​បច្ចុប្បន្ន​នេះ កម្ពុជា ក៏​មាន​តម្រូវការ​បុគ្គលិក​ធ្វើការ​ជាច្រើន​ផ្នែក​ផង​ដែរ ក្នុង​ពេល​ដែល​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ មិន​ទាន់​ដោះស្រាយ​រួចរាល់។ ការ​ដែល​ពលករ​ខ្មែរ​ចំណាក​ស្រុក​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​នោះ វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ និង​អាច​ជួប​បញ្ហា​ប្រឈម​ជាមួយ​ពួក​ជ្រុលនិយម​ថៃ​មួយ​ក្ដាប់​តូច ដូច្នេះ​ហើយ​ត្រូវ​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជាតិ​ខ្មែរ​តែមួយ ដោយ​ងាក​មក​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ប្រទេស ប្រើប្រាស់​ផលិតផល​របស់​ខ្មែរ រួមគ្នា​ពង្រឹង​ខឿន​ការពារ​ជាតិ និង​ខឿន​សេដ្ឋកិច្ច​ជាតិ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

លោកស្រី​អភិបាល​ខេត្ត បាន​រំលឹក​ថា កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​ពលករ​ត្រលប់​មកវិញ ដោយ​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​ជាង ៧ ម៉ឺន​នាក់។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក៏បាន​ត្រៀម​លក្ខណៈ​ជួយ​អន្តរាគមន៍​ដល់​ពលករ​ខ្មែរ​ដែល​ត្រូវ​ត្រឡប់​មក​វិញ​ក្នុង​ការ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​តាមរយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​មួយ​ចំនួន​ផង​ដែរ។ ជាមួយ​គ្នា​នេះ សមាគម​ធនាគារ​នៅ​កម្ពុជា និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​ប្រជា​ពលករ​ត្រលប់​មកពី​ថៃ​វិញ ចំពោះ​អ្នក​មាន​ជាប់​ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅតាម​លទ្ធភាព ឬ ក្នុង​មួយ​រយៈ​ពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន។

បើ​តាម​របាយការណ៍​របស់​លោក ភី ឡងឌី ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹង​ថា គិត​មក​ដល់​ដើមខែ​កញ្ញា ឆ្នាំ ២០២៥ នេះ នៅ​ខេត្ត​ប៉ៃលិន មាន​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ ចំនួន ១ ៥០២ នាក់ និង​ជួយ​រក​ការងារ​ធ្វើ​បាន ៧៥៩ នាក់ ផង​ដែរ៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម