Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ រៀនផង ធ្វើការផង មិនខុសទេ សំខាន់ចេះបែងចែកពេលវេលា ខំរៀន និងគិតពីសុខភាព

បានផុស

នៅ

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្តាំដល់សិស្សនិស្សិតដែលត្រៀមចូលរៀនសាកលវិទ្យាល័យ និងកំពុងសិក្សានៅសាកលវិទ្យាល័យ ថា ត្រូវយកចិត្តទុកដាក់រៀនសូត្រ ទោះបីរៀនបណ្តើរ ធ្វើការងារបណ្តើរ ឬ ជួយកិច្ចការងារសង្គម ក៏ត្រូវមានការថ្លឹងថ្លែង បែងចែកពេលវេលាឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ទើបទទួលបានលទ្ធផលល្អ។ អ្វីដែលសំខាន់ ផ្តោតលើការសិក្សា និងត្រូវគិតពីសុខភាពរបស់ខ្លួនជាចម្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកបណ្ឌិត ស្របតាមស្ថានភាពបច្ចុប្បន្ន សង្កេតឃើញថា មាននិស្សិតមួយចំនួនបន្តការសិក្សានៅសាកលវិទ្យាល័យ ពួកគេធ្វើការងារបណ្តើរ រៀនបណ្តើរ ឬចូលរួមកិច្ចការងារសង្គមផង ដើម្បីទទួលបានបទពិសោធ ឬប្រាក់កម្រៃមួយចំនួនមកទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ឬចំណាយលើការសិក្សា រហូតមាននិស្សិតមួយចំនួនទៀត​ ខំប្រឹងរៀនផង ធ្វើការផង ដើម្បីបានប្រាក់ជួយទៅអ្នកផ្ទះទៀត។

ត្រង់ចំណុចទាំងនេះ លោកបណ្ឌិត ឈត ប៊ុនថង​​ ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ការយល់ឃើញរបស់លោក ការរៀនផង ធ្វើការផង ឬចូលរួមកិច្ចការងារស្ម័គ្រចិត្ត ហាត់ការងារ ជាដើម គឺជារឿងល្អ ប្រសិនជាអ្នកសិក្សាចេះបែងចែកពេលវេលាបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ទៀតថា សម្រាប់និស្សិតមួយចំនួន គ្រួសារមានជីវភាពធូរធារ មិនចាំបាច់រៀនផង ធ្វើការផងទេ  ពោល គឺខំរៀនតែមួយមុខ ហើយបើសិស្សនោះផ្តោតលើតែការសិក្សា ខំរៀនមែន នោះនឹងទទួលបានលទ្ធផលល្អ ជាសិស្សពូកែ។ ប៉ុន្តែ សម្រាប់និស្សិតខ្លះជីវភាពគ្រួសារធូរធារហើយ បែរជាមិនខំរៀន គេចម៉ោងសិក្សា នោះក៏លទ្ធផលមិនល្អដូចគ្នា។ ហេតុនេះ លោកបណ្ឌិត ឈត ប៊ុនថង ចង់បញ្ជាក់ថា ទោះបីរៀនបណ្តើរ ធ្វើការបណ្តើរ ក៏មិនមានអ្វីទាស់ខុសឡើយ សំខាន់ឱ្យតែអ្នកសិក្សាចេះបែងចែកពេលវេលាបានល្អ។

បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា៖ “យ៉ាងណាក៏ដោយ ខ្ញុំឱ្យប្អូនៗថ្លឹងថ្លែង។ ថ្លឹងថ្លែងថា តើការរៀនផង ធ្វើការងារផងនេះ វាត្រូវប្រើប្រាស់ពេលវេលាយ៉ាងម៉េច គ្រប់គ្រងពេលវេលាយ៉ាងម៉េច? ក្រៅពីពេលវេលា ត្រូវគិតដល់សុខភាព គិតដល់កម្លាំងកាយហ្នឹងដែរ អ៊ីចឹង ប្អូនៗធ្វើយ៉ាងណាគិតគូរដល់ការចែកពេលវេលា ការទទួលខុសត្រូវ ការថែទាំសុខភាពហ្នឹងត្រូវតែគិតឱ្យបានដិតដល់”។​ បន្ថែមពីនេះ អ្នកជំនាញរូបនេះ យល់ថា បន្ទាប់ពីសិស្សរៀនបណ្តើរ ធ្វើការបណ្តើរ ក្រៅពីទទួលបានប្រាក់ទ្រទ្រង់ជីវភាព ក៏អាចឱ្យពួកគេមានបទពិសោធការងារស្រាប់នៅពេលរៀនចប់ ពោល គឺ បន្ទាប់ពីរៀនចប់ មានទាំងបទពិសោធ និងសញ្ញាបត្រ។

បើនិយាយពីការរួមចំណែកជួយការងារសង្គមរបស់សិស្សនិស្សិត ដូចជាការងារស្ម័គ្រចិត្ត ឬការងារហាត់ការជាដើម លោក ថា និស្សិតអាចចូលរួមបានដើម្បីទទួលបានបទពិសោធនានា ប៉ុន្តែ ក៏ត្រូវមានដែនកំណត់ដូចគ្នា ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ម៉ោងសិក្សារបស់ខ្លួន។ ចំណែក ម្ចាស់ក្រុមហ៊ុន ឬស្ថាប័នដែលទទួលនិស្សិតហាត់ការ ឬនិស្សិតស្ម័គ្រចិត្ត ទៅជួយការងារ លោកបណ្ឌិត លើកទឹកចិត្តឱ្យគិតគូរដល់និស្សិត គិតគូរពីម៉ោងសិក្សារបស់ពួកគេ កុំឱ្យប៉ះពាល់ដល់ការសិក្សា និងអាចផ្តល់ជាប្រាក់ឧបត្ថម្ភមួយចំនួនដែលសមល្មម ព្រោះថា និស្សិតមួយចំនួនមិនមានចំណូលនោះទេ ពួកគេធ្វើការងារស្ម័គ្រចិត្ត ឬហាត់ការ ដើម្បីទទួលបានបទពិសោធការងារ។

បណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ទៀតថា “រៀនក៏ល្អ ធ្វើការដើម្បីយកប្រាក់ខែក៏ល្អ ធ្វើការដើម្បីជួយសង្គមក៏ល្អ ប៉ុន្តែ ប្អូនក៏ត្រូវគិតខ្លួនឯងផង ហើយស្ថាប័នពាក់ព័ន្ធក៏ត្រូវតែជួយគិតទៅលើប្អូនៗទាំងអស់ហ្នឹងដែរ ពីព្រោះយើងជាមនុស្ស។ ជាស្ថាប័នមែន ប៉ុន្តែអ្នកបំពេញការងារ អ្នកដឹកនាំស្ថាប័ន ជាមនុស្ស ហើយយើងត្រូវតែគិតពីរឿងសេចក្តីស្រឡាញ់ គិតពីហេតុផល គិតពីសីលធម៌ គិតពីការទទួលខុសត្រូវ គិតអំពីការចេះជួយគ្នាទៅវិញទៅមក មិនមែនគិតតែពីផលប្រយោជន៍រៀងៗខ្លួន គិតពីបំណងរៀងៗខ្លួននោះទេ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម