ព័ត៌មានជាតិ
ការអនុវត្ត គំរូគោលនយោបាយកម្មសិទិ្ធបញ្ញាកម្រិតសាកលវិទ្យាល័យ ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីផ្នែកនវានុវត្តន៍
មន្រ្តីជំនាញបានលើកឡើងថា តាមរយៈការដាក់ឱ្យអនុវត្ត និងលើកកម្ពស់គំរូគោលនយោបាយកម្មសិទិ្ធ បញ្ញាកម្រិតសាកលវិទ្យាល័យកម្ពុជាកំពុងបោះជំហានទៅមុខក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីផ្នែកនវានុវត្តន៍។

អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្នុងភាពជាដៃគូជាមួយនាយកដ្ឋានកម្មសិទិ្ធបញ្ញា (DIP) ចំណុះឱ្យក្រសួងពាណិជ្ជកម្ម (MoC) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាចលករប្រកបដោយ ថាមវ័ន្តនៅពីក្រោយគំនិតផ្តួចផ្តើមនេះ ក្នុងគោលដៅគាំទ្រ និងផ្តល់ភាពអង់អាចដល់សាកលវិទ្យាល័យក្នុងការគ្រប់គ្រង និងការពារ របកគំហើយពីគម្រោង ស្រាវជ្រាវនានាឱ្យបានកាន់តែប្រសើរ ទន្ទឹមនិងជំរុញការផ្ទេរបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច។
តាមរយៈការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) ក្រោមក្របខណ្ឌគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ជំនាញការអន្តរជាតិរបស់អង្គការ UNIDO បានរៀបចំបង្កើត និងកែសម្រួលគោលនយោបាយកម្មសិទ្ធបញ្ញា (IP) បន្ថែម លើមេរៀន និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធសម្របសម្រួលដោយថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ដែលជា វេទិកាពហុភាគីសម្រាប់តំណាងមកពីគ្រឹះស្ថានឧត្តមសិក្សា អង្គភាពរដ្ឋ និងវិស័យឯកជនផ្នែកឧស្សាហកម្មម្ហូបអាហារ។

«គំរូនេះឆ្លុះបញ្ចាំងអំពីការតាំងចិត្តរួមគ្នា ដើម្បីប្រើប្រាស់សក្តានុពលនវានុវត្តន៍របស់កម្ពុជាឱ្យអស់លទ្ធភាព។ វាផ្តល់នូវ ក្របខណ្ឌច្បាស់លាស់មួយដើម្បីការពារកម្មសិទិ្ធបញ្ញានៅតាមបណ្តាសាកលវិទ្យាល័យ ដោយបានចាក់គ្រឹះដ៏រឹងម៉ាំសម្រាប់អនាគតប្រកបដោយវិបុលភាព តាមរយៈកិច្ចសហការរវាងភាគីពាក់ព័ន្ធដូចជា ផ្នែកឧស្សាហកម្ម គ្រឹះស្ថានឧត្តមសិក្សា និងរាជរដ្ឋាភិបាល។» នេះបើតាមការលើកឡើងរបស់ លោក ហ៊ុល សៀងហេង រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះ ភាគីពាក់ព័ន្ធបានចូលរួមត្រួតពិនិត្យ និងផ្តល់មតិកែលម្អលើសេចក្តីព្រាងគោលនយោបាយ និងកំណត់អំពីបញ្ហាប្រឈមក្នុងការអនុវត្តដោយគិតគូរជាពិសេសលើសុខដុមនីយកម្មយុទ្ធសាស្រ្តនវានុវត្តន៍ និងអភិបាលកិច្ចកម្មសិទិ្ធបញ្ញាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ការអនុវត្តនៅកម្ពុជា។
គោលនយោបាយនេះ គឺជាទម្រ គ្រឹះជួយជ្រោមជ្រែង និងលើកកម្ពស់ការស្រាវជ្រាវអនុវត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យជាមួយផ្នែកឧស្សាហកម្ម ក្រោមការសម្របសម្រួលពីអង្គភាពជំនាញរបស់រាជរដ្ឋាភិបាល។
លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO នៅកម្ពុជា បានកត់សម្គាល់ថា៖ «ក្របខណ្ឌ គោលនយោបាយកម្មសិទិ្ធបញ្ញាមួយដែលមានលក្ខណៈរឹងម៉ាំ ផ្តល់ភាពអង់អាចដល់សាកលវិទ្យាល័យដើម្បីក្លាយជាដៃគូដ៏រឹងម៉ាំ មួយសម្រាប់ការស្រាវជា្រវ និងអភិវឌ្ឍន៍នៅថ្នាក់ជាតិ ដោយធានាថាការវិនិយោគសាធារណៈលើការងារស្រាវជា្រវនឹងផ្តល់ជា
អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងពិតប្រាកដ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការ យ៉ាងជិតស្និតរវាងរដ្ឋ ឯកជន និងគ្រឹះស្ថានឧត្តមសិក្សា។»
លោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើងបន្ថែមថា៖ «គោលនយោបាយកម្មសិទិ្ធបញ្ញា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគិតគូរស៊ីជម្រៅពិតជាមានភាពចាំបាច់មិនអាចខ្វះបានដើម្បីការពារ និងផ្តល់តម្លៃដល់លទ្ធ ផលបែបច្នៃប្រឌិត ឬរបកគំហើញតាមបែបវិទ្យាសាស្រ្ត ដែលជាការបណ្តុះគ្រាប់ពូជនៃវប្បធ៌មនវានុវត្តន៍ដ៏ចិញ្ចាចចិញ្ចែងមួយ។»
ការដាក់ឱ្យអនុវត្តគោលនយោបាយនេះ គឺជាបង្គោលចរណ៍ដ៏សំខាន់មួយទៀតនៅក្នុងដំណើរដ៏ស្វាហាប់របស់កម្ពុជា ឆ្ពោះ ទៅរកទេសកាលនៃការស្រាវជ្រាវ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


