ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហើបថាពេលស្ដាប់ចម្រៀងបទ«ឱភ្នំពេញអើយ»ហើយ សម្ដេចហូរទឹកភ្នែកដោយការរំភើប
នៅយប់ថ្ងៃទី៣ ខែធ្នូ មួយថ្ងៃក្រោយ ថ្ងៃខួបលើកទី៤៧នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា«២ធ្នូ១៩៧៨-២ធ្នូ២០២៥» និងនៅសល់ជាង១ខែទៀតនឹងឈានដល់ ខួបលើក៤៧នៃថ្ងៃជ័យជំនះលើរបបប៉ុលពត«៧មករា១៩៧៩-៧មករា២០២៦» សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចម្រៀងបទ«ឱភ្នំពេញអើយ»នៅតែជាការចងចាំរបស់ប្រជាជនកម្ពុជា ហើយសម្រាប់សម្ដេចចម្រៀងមួយបទនេះស្តាប់ហើយហូរទឹកភ្នែកដោយការរំភើប។

សម្ដេច ហ៊ុន សែន ហូរទឹកភ្នែកដោយការរំភើប ពីព្រោះទឹកដៃនិពន្ធទំនុកច្រៀងដោយលោក កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំផលិតដោយលោក ជ័យ សោភា និងច្រៀងដោយលោកស្រី សូ ចន្នី ពិតជាគួរឲ្យគោរព និងកោតសរសើរ រៀបរាប់ពីស្ថានភាពរាជធានីភ្នំពេញក្រោយរងគ្រោះព្រោះការដឹកនាំរបស់ខ្មែរក្រហមរយៈពេល៣ឆ្នាំ៨ ខែ ២០ថ្ងៃ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្ដេច ហ៊ុន សែន សូមអភ័យទោសចពោះវិញ្ញាណក្ខន្ធលោក កែវ ចិន្តា និងលោក ជ័យ សោភា ក៏ដូចកូនៗ និងចៅរបស់អ្នកទាំងពីរ ដែលមុននេះសម្ដេចយល់ច្រឡំថាគ្រួសារអ្នកទាំងពីដណ្តើមសិទ្ធិធ្វើជាម្ចាស់បទ«ឱភ្នំពេញអើយ»។

សម្ដេច ហ៊ុន សែន សរសេរថាថា៖«ប៉ុន្តែនៅពេលខ្ញុំឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅក្នុងនោះបានបញ្ជាក់ថាម្ចាស់ស្នាដៃបទ ឱភ្នំពេញអើយ គឺលោកអ៊ុំ ម៉ម ធឿន បានទទួលមរណភាពហើយ។ ដំបូងឡើយខ្ញុំគិតថាអាចមានបទ ដែលមានចំណងជើងដូចគ្នា ប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថា បទនេះនិពន្ធតាំងពីនៅឡុងយ៉ាវ ដែលជាទីតាំងខ្ញុំបង្កើតកងទ័ព និងជាមេបញ្ជាការខ្ពស់ជាងគេ ដែលនៅទីនោះមានអង្គភាពសិល្បៈទាំងបុរាណ ទាំងសម័យ និងបងជ័យ សោភា ជាជំនួយការខ្ញុំ គឺជារឿងដែលមិនអាចទៅរួចឡើយ។ (សិល្បៈកងទ័ពសព្វថ្ងៃកកើតពីខែកក្កដា ឆ្នាំ១៩៧៨ដែលមានខ្ញុំជាបង្កើត)ចំណុចកាន់តែច្បាស់បទនេះមិនអាច និពន្ធមុនរំដោះភ្នំពេញបានឡើយព្រោះក្នុងខ្លឹមសារនៃបទចម្រៀងមានពាក្យ (ឱភ្នំពេញអើយបីឆ្នាំនឹកអ្នកក្នុងឱរា) (ភ្នំពេញដួងព្រលឹងជាទីស្នេហាបីឆ្នាំខ្លោចផ្សា តែអ្នករក្សាបានប្រវត្តិថ្លៃថ្លាអង់អាចក្លាហាន) (អើយឱភ្នំពេញអើយទុក្ខសោកអ្នកបានស្បើយ ខ្ញុំជួបអ្នកវិញហើយ ឱដួងព្រលឹងអើយ ភ្នំពេញអើយអើយភ្នំពេញអើយ)ខ្លឹមសារក្នុងបទចម្រៀងមានន័យគ្រប់គ្រាន់ថាបទចម្រៀងនេះនិពន្ធក្រោយភ្នំពេញត្រូវបានរំដោះមិនមែននៅឡុងយ៉ាវ ឆ្នាំ១៩៧៨ នោះទេ។ ម្យ៉ាងទៀតចម្រៀងនេះមិនបានឮចាក់ផ្សាយមុនថ្ងៃ៧ មករា ១៩៧៩ ផងដែរ។»។

សម្ដេចតេជោ សរសេរពីដំណើររឿងនៃចម្រៀងបទ«ឱភ្នំពេញអើយ» នេះថា ៖«មកនិយាយពីប្រវត្តិបទនៃចម្រៀង(ឱភ្នំពេញអើយ) វេលាថ្ងៃត្រង់ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញត្រូវបានរំដោះ ខ្ញុំមិនប្រាកដថាបង កែវ ចិន្តា សរសេរនៅពេលល្ងាច ឬពេលយប់៧មករា នោះទេ ព្រោះពេលនោះកំពុងប្រជុំមហាសន្និបាតបក្សលើកទី៣។ ល្ងាចថ្ងៃ៨ មករា មានការប្រជុំដើម្បីចាត់តាំងរដ្ឋាភិបាល ដែលហៅថាក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តែបង កែវ ចិន្តា មិនបានចូលរួមប្រជុំទេ តែបងកែវ ចិន្តា ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាន និងវប្បធម៌។ យប់ថ្ងៃ៨ មករា ខ្ញុំត្រឡប់ទៅចូលរួមបិទមហាសន្និបាតបក្សវិញ ខ្ញុំអង្គុយទទួលទានបាយជាប់ជាមួយបង កែវ ចិន្តា គាត់ក៏បានដឹងរឿងគាត់ធ្វើរដ្ឋមន្ត្រីដែរ ព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយសម្លេងរណសិរ្សតាំងថ្ងៃ២ ធ្នូ១៩៧៨ មកម្ល៉េះ។ ព្រឹកថ្ងៃ៩ មករា ១៩៧៩ មានការប្រជុំរដ្ឋាបាលលើកដំបូង ដើម្បីបែងចែកភារកិច្ច។ក្រោយប្រជុំចប់ឃើញឃើញបងជ័យ សោភា យូរម៉ាញ៉េតូហ្វូនយ៉ាងធំទៅដល់ដើម្បីឆ្លងយោបល់បង កែវ ចិន្តា ។ បង កែវ ចិន្តា ឃាត់ខ្ញុំឲ្យនៅជាមួយគាត់។ ឯបង ជ័យ សោភា និយាយមកកាន់ខ្ញុំថាបង ហ៊ុន សែន នៅជួយយោបល់ផង។ ទម្លាប់បង ជ័យ សោភាហៅខ្ញុំថាបងទោះគាត់មានអាយុច្រើនជាងខ្ញុំក៏ដោយ។បង ជ័យ សោភា ចាក់បទឱភ្នំពេញអើយ៣ដង។ ក្រោយស្តាប់រួចបង កែវ ចិន្តាឲ្យបន្ថែមភ្លេង ខ្ញុំមិនច្បាស់ទេ តែដូចជាបន្ថែមសម្លេងទ្រ។ខ្ញុំមិនច្បាស់ថាបង ជ័យ សោភា ធ្វើតាមការណែនាំរបស់បង កែវ ចិន្តា ឬអត់នោះទេ។ មានមនុស្សតែម្នាក់គត់ដែលអាចបំភ្លឺបាននោះ គឺក្មួយ សូ ចន្នី។ ប្រសិនបើគាត់ច្រៀងថតឡើងវិញមានន័យថាបង ជ័យ សោភា ធ្វើតាមបង កែវ ចិន្តាប្រសិនបើបើមិនថតឡើងវិញ អាចថតតាមក្រោយទៀត ព្រោះចម្រៀងនេះត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះ។ដូចនេះតាមការស្មានរបស់ខ្ញុំបងកែវ ចិន្តា សរសេរបទចម្រៀងនៅល្ងាចថ្ងៃ៧ ឬយប់ថ្ងៃ៧ មករា។ ប្រគល់ឲ្យបងជ័យ សោភា រៀបភ្លេង និងផលិតនៅថ្ងៃ៨ ឬយប់ថ្ងៃ ៨មករា និងព្រឹកថ្ងៃ៩ មករា ១៩៧៩ ម៉ោងជាង១០ព្រឹក ឆ្លងយោបល់បង កែវ ចិន្តា។»។
សម្ដេច ហ៊ុន សែន ចោទជាសំណួរថា តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នកនិពន្ធនៅពេលណា? ព្រោះពេលចាក់ផ្សាយដំបូងមិនមាននិយាយពីអ្នកនិពន្ធទេ ប៉ុន្តែចូលដល់ខែកញ្ញា ឆ្នាំ១៩៧៩ គណប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្តេច ហេង សំរិន ដែលរូបសម្ដេច និងលោក កែវ ចិន្តា អមដំណើរទៅទស្សនកិច្ចនៅឡាវ ក្នុងពិធីជប់លៀង អ្នកចម្រៀងឡាវច្រៀងបទឱភ្នំពេញអើយ ដោយអ្នកឧទ្ទេសនាមបកជាភាសារខ្មែរថាបទ «ឱភ្នំពេញអើយនិពន្ធដោយសមមិត្តកែវ ចិន្តា» តាំងពីពេលនោះមកមិនមានអ្នកណាទាមទារសិទ្ធិជាអ្នកនិពន្ធទេ រាប់ទាំងជ័យ សោភា ផងដែរ។

ឆ្លើយតបចំពោះការលើកឡើងរបស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ chun sothy ដែលរៀបរាប់ថា លោក ម៉ម ធឿន ជាម្ចាស់បទចម្រៀង(ឱ ភ្នំពេញអើយ) សម្ដេច ហ៊ុន សែន យល់ថាប្រហែលលោក chun sothy ផ្សាយខុសដោយអចេតនា ព្រោះសម្ដេច ជាអ្នកគ្រប់គ្រងលើយោធាភិរម្យ ម៉ម ធឿន ដូច្នេះ ហើយបុគ្គលជាយោធាមិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេ បើគ្មានការអនុញ្ញាតិពីសម្ដេចនាពេលនោះ។

ដោយហេតុនេះ សម្ដេច ហ៊ុន សែន ស្នើលោក chun sothy ធ្វើការកែតម្រូវព័ត៌មាន ដែលបានផ្សាយខុស។ សម្ដេច ហ៊ុន សែន ថាការខិតខំស្រាវជ្រាវ និងពន្យល់របស់សម្ដេច គឺដើម្បីជៀសវាងការយល់ច្រឡំទៅថ្ងៃក្រោយព្រោះបទចម្រៀង(ឱភ្នំពេញអើយ) ជាបទចម្រៀងប្រវត្តិសាស្ត្រ៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


