Connect with us

នយោបាយ

សម្តេចធិបតី ប្រាប់លោក អ៊ំ សំអាន ថា បើមិនយល់ពីកិច្ចការព្រំដែនទេ កុំខ្លាចអន់ អាចស្នើសុំមន្រ្តីជំនាញឱ្យជួយបង្រៀនបាន

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រតិកម្មឆ្លើយតបទៅនឹងការនិយាយមិនពិតរបស់លោក អ៊ំ សំអាន ពាក់ព័ន្ធនឹងបញ្ហាបោះបង្គោលព្រំដែន។ ដោយមើលឃើញថា បុគ្គល អ៊ំ សំអាននេះនិយាយដោយគ្មានមូលដ្ឋានចំណេះដឹងខាងបញ្ហាព្រំដែន សម្តេចធិបតី នាយករដ្ឋមន្រ្តី បានផ្តាំទៅលោក អ៊ំ សំអាន និងបក្ខពួកថា បើមិនយល់ច្បាស់ពីកិច្ចការព្រំដែន ឬការប្រើប្រាស់ផែនទីទេ សូមកុំខ្លាចអន់អី អាចស្នើសុំមន្រ្តីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យជួយបង្រៀន និងពន្យល់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ គឺបន្ទាប់ពីលោក អ៊ំ សំអាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះសារហ្វេសប៊ុករបស់ខ្លួនថា «Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមស៊ីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មី គឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ…»។

ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយការបង្ហោះសារនេះ  លោក អ៊ី ឈាន បានចេញសារបញ្ជាក់ថា  អ្វីដែលបុគ្គល អ៊ុំ សំអាន សរសេរនេះ គឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទី និងឯកសារដែលបន្សល់ទុកពីបារាំង។

ចំពោះការឆ្លើយតបរបស់លោក អ៊ី ឈាននេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់លើហ្វេសប៊ុករបស់សម្តេចថា៖ «ខ្ញុំ និងប្រជាជនទាំងអស់ នឹងរង់ចាំមើលថាតើលោក អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណាចំពោះ ឯ.ឧ អ៊ី ឈាន? ហើយតើ លោក អ៊ុំ សំអាន មានឯកសារ ឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ។ សង្ឃឹមថា លោកមិនគ្រាន់តែចេញមកចោទប្រកាន់ឯកឧត្តម អ៊ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តមគតិ ដូចអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោក និងក្រុមរបស់លោកនោះទេ»។

បើតាមសម្តេចធិបតី រហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុំ សំអាន និយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែនហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទី  និងទាំងមូលដ្ឋានច្បាប់ ឬឯកសារយោងនានា។ ត្រង់ចំណុចនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីឱ្យជាយោបល់ថា បើលោក អ៊ំ សំអាន ឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។

សម្តេចធិបតី បា​ន​បន្ថែមថា បើសិនលោក អ៊ំ សំអាន និងបក្ខពួក មិនប្រកាន់ខ្លួន ឬខ្លាចគេថាអន់ទេ ហើយចង់រៀនសូត្រអំពីវិធីសាស្ត្រ ឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីដែលលោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោល និងខណ្ឌសីមានៅលើដីឱ្យបានត្រឹមត្រូវនោះ លោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីឱ្យអ្នកមានជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។ សម្តេចធិបតី បានឱ្យយោបល់ទៀតថា បើលោក អ៊ំ សំអាន និងបក្ខពួក មិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរ ដើម្បីឱ្យអ្នកបច្ចេកទេសធ្វើបទបង្ហាញឱ្យ ហើយតំណាងរបស់លោកអាចយកទៅបង្រៀនបន្តដល់លោក និងក្រុមលោក។ សម្តេច នាយករដ្ឋមន្រ្តីជឿថានៅពេលដែលលោក អ៊ំ សំអាន និងបក្ខពួក បានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទី នោះ ពួកគេនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលពួកគេប្រកាន់សច្ចៈភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម