ព័ត៌មានជាតិ
មនុស្សជំនិតរបស់លោក កឹម សុខា ទម្លាយអាថ៌កំបាំង រវាងគណបក្សអនាគតជាតិ និងគណបក្សបេះដូងជាតិ
ដោយដាក់ចំណងជើងថា “គណបក្សថ្មីប្តូរតួសម្តែង” លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យ និងជាមនុស្សជំនិតរបស់លោក កឹម សុខា បានទម្លាយអាទថ៌កំបាំងរបស់គណបក្សចំនួន២ ដែលទើបតែផ្តួចផ្តើមគំនិតបង្កើតឡើងកាលពីថ្មីៗនេះ ដោយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) គឺ “គណបក្សអនាគតជាតិ និងគណបក្សបេះដូងជាតិ ហើយបានអះអាងថា ក្នុងចំណោមស្ថាបនិកគណបក្សទាំងពីរនេះ មានម្នាក់គ្រាន់តែតួបញ្ឆោត ដើម្បីបង្វែងដានការចាប់អារម្មណ៍ប៉ុណ្ណោះ។

ការចេញមកទម្លាយអាថ៌កំបាំង នៃការស្នើសុំបង្កើតគណបក្សទាំងពីរនេះ បានធ្វើឡើងបន្ទាប់ពីលោក ឃឹម ឡាគី អតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) បានដាក់ពាក្យសុំបង្កើតគណបក្សថ្មីមួយ ទៅក្រសួងមហាផ្ទៃ ក្រោយពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ។
លោក មុត ចន្ថា លើកឡើងថា គណបក្សនយោបាយថ្មីមួយទៀត ត្រូវបានមនុស្សម្នាក់ (លោក ឃឹម ឡាគី) ដែលស្ថិតក្នុងក្រុមនយោបាយរបស់លោក សម រង្ស៉ី, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ បានដាក់ពាក្យស្នើសុំបង្កើតទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែតុលា ដោយសុំបង្កើត “គណបក្សអនាគតជាតិ” មានអក្សរកាត់ជា “គអជ”។

លោក ឃឹម ឡាគី ជានរណា? នេះជាសំណួររបស់លោក មុត ចន្ថា!
បើតាមលោក មុត ចន្ថា លោក ឃឹម ឡាគី មានតួនាទីជាសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ និងជាសមាជិកក្រុមការងារបោះឆ្នោតគណបក្សប្រចាំខេត្តកណ្តាល ដែលមានលោក អេង ឆៃអ៊ាង ជាប្រធានក្រុមការងារ។
នៅក្នុងអតីតគណបក្សសង្រ្គោះជាតិ លោក ឃឹម ឡាគី មិនត្រូវបានគេចាត់ទុកជាអ្នកនយោបាយមានកម្រិតខ្ពស់ មិនសូវលេចធ្លោ ឬមិនសូវមានគេស្គាល់ទូលំទូលាយទាំងក្នុងចំណោមអ្នកគាំទ្រ ឬមហាជនឡើយ ហើយក៏មិនមែនជាអ្នកនយោបាយមានទំនាក់ទំនងសាធារណៈ ដែលមានវោហាសាស្រ្តនយោបាយខ្ទរខ្ទារដែរ។ ទោះជាយ៉ាងនេះក្តី គាត់ជាសកម្មជនរបស់អតីតគណបក្សជាតិខ្មែរ ក្រោយមកប្តូរជាគណបក្សសមរង្ស៉ី តាំងពីដើមទីរៀងមក។
លោក ឃឹម ឡាគី ត្រូវបានគេដឹងថា លោក យឹម សុវណ្ណ ផ្ចុងផ្តើមឱ្យបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា “ក្រុមហ៊ុនសំណង់ ថៃ ឡាគី អ៊ីមផត អ៊ិចផត” ឬ “Thay Laky Import Expert and Construction Co. Ltd.”។
លោក យឹម សុវណ្ណ ក្នុងនាមជាប្រធានគណៈកម្មាធិការ នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រគល់ការសាងសង់ និងសំណង់ ធ្វើពីដែក រួមទាំងស្លាកគណបក្ស ឱ្យទៅក្រុមហ៊ុនរបស់លោក ឃឹម ឡាគី ទទួលម៉ៅការធ្វើ ដើម្បីផលចំណេញចែកគ្នា។ ទង្វើនេះត្រូវបានគេហៅថា យកបក្សរកស៊ីចែកគ្នា។ ក្រៅពីមានតំណែងក្នុងអតីតគណបក្សប្រឆាំង បច្ចុប្បន្នលោក ឃឹម ឡាគី ត្រូវបានគេដឹងថា ជាមន្រ្តីនៅក្រសួងរ៉ែ និងឋាមពលផងដែរ។
លោក ឃឹម ឡាគី ស្ថិតក្នុងចំណោមមន្រ្តីទាំង១១៨នាក់ នៃគណបក្សសង្រ្គោះជាតិ ត្រូវបានដកសិទ្ធិនយោបាយ បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៧។ លោក ឡាគី និងលោក ម៉ៅ សុផល អតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តតាកែវ បានដាក់លិខិតស្នើសុំសិទ្ធិនយោបាយឡើងវិញ និងត្រូវបានផ្តល់នីតិសម្បទានយោបាយឡើងវិញ តាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី១៤ ខែសីហា។
ហេតុអ្វីលេចគណបក្សថ្មី ចេញពីក្រុមលោក សម រង្ស៉ី ?
លោក មុត ចន្ថា អះអាងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក សៀម ភ្លុក តំណាងស្ថាបនិកបានដាក់ពាក្យស្នើបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា “គណបក្សបេះដូងជាតិ”។ គណបក្សបេះដូងជាតិ ត្រូវបានគេដឹងយ៉ាងទូលាយថា មានលោក សម រង្ស៉ី និងអ្នកនយោបាយរត់ចោលស្រុក មានដូចជា លោក អេង ឆៃអ៊ាង, លោកស្រីមូរ សុខហួរ, លោក ឡុង រី, លោក ហូរ វ៉ាន់ នៅពីក្រោយ។ ខណៈដែលលោក ថាច់ សេដ្ឋា ស្ថាបនិកអតីតគណបក្សសមរង្ស៉ី និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានគេដឹងថា ត្រៀមខ្លួនទៅដឹកនាំគណបក្សថ្មីនេះ។
រហូតមកដល់ពេលនេះ គណបក្សបេះដូងជាតិ នៅតែមិនទាន់ទទួលបាននូវការចុះបញ្ជីពីក្រសួងមហាផ្ទៃនៅឡើយទេ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានព្រមានចំនួន២លើករួចហើយថា នឹងមិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិ ក្នុងករណីគណបក្សនេះមិនអនុលោម ឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។…. គេជឿថា មូលហេតុចម្បងចំពោះការពន្យាពេលចុះបញ្ជីគណបក្សបេះដូងជាតិ ដោយសារគេសង្ស័យថា គណបក្សនេះមានទំនាក់ទំនងជាមួយលោក សម រង្ស៉ី និងអ្នកនយោបាយឱកាសនិយមរត់ចោលស្រុកផ្សេងទៀត ដែលកំពុងប្រឈមនឹងវិធានការរបស់តុលាការ។
លោក មុត ចន្ថា បញ្ជាក់ថា ទំនងជាគណបក្សបេះដូងជាតិ មិនទទួលបាននូវការចុះបញ្ជី ទើបលេចចេញតួថ្មីម្នាក់ទៀត ចេញពីក្រុមនយោបាយតែមួយ ដាក់ពាក្យស្នើបង្កើតគណបក្ស “អនាគតជាតិ”។ នេះគេហៅថា “យុទ្ធសាស្រ្តប្តូរពណ៌បន្លំ និងបំភ័ន្តភ្នែក” ឬ “យុទ្ធសាស្រ្តច្របាច់ម្ស៉ៅក្នុងដៃ” ដើម្បីកុំឱ្យសមត្ថកិច្ចតាមទាន់។
តាមសាវតារបស់លោក ឃឹម ឡាគី ដែលជាតំណាងស្ថាបនិកគណបក្សអនាគតជាតិ គឺលោកពុំមានគុណវុឌ្ឍិផ្នែនយោបាយ និងភាពជាដឹកនាំដែលអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំគណបក្សនយោបាយមួយ ដែលមានសមាសភាពស្ថាបនិក និងអ្នកដឹកនាំបក្សផ្សេងទៀតចេញពីអតីតបក្សប្រឆាំងនោះទេ (ដោយមិនទាន់រាប់បញ្ចូលកត្តាធនធានហិរញ្ញវត្ថុ)។ ផ្ទុយទៅវិញ គេជឿថា លោក ឃឹម ឡាគី គ្រាន់តែតួបញ្ឆោតម្នាក់ ដើម្បីបង្វែងដានការចាប់អារម្មណ៍ប៉ុណ្ណោះ។
បើសិនជាគេពិនិត្យមើលទំនាក់ទំនងរបស់លោក ឡាគី ជាមួយអ្នកនយោបាយ នៃអតីតគណបក្សសមរង្ស៉ី គឺគាត់មានទំនាក់ស្អិតរមួតជាមួយលោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ ភរិយារបស់លោក សម រង្ស៉ី គឺលោកស្រី ជូឡុង សូមារ៉ា ព្រមទាំងតំណាងរាស្រ្តខេត្តកណ្តាល លោក ចាន់ ចេង លោកស្រី ពត ពៅ ជាដើម ដូច្នេះគេមិនពិបាកយល់ទេថា នរណានៅពីក្រោយគំនិតផ្តួចផ្តើមក្នុងការបង្កើតគណបក្សអនាគតជាតិនេះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


