នយោបាយ
លោកជិន ម៉ាលីន ប្រកាសស្វាគមន៍ការចុះមកវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាដោយផ្ទាល់ពីអ្នកជំនាញUN
លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នឹងធ្វើទស្សនកិច្ចជាលើកដំបូងរបស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី១៥ ខែសីហានេះ រហូតដល់ថ្ងៃ២៦ ខែសីហា ឆ្នាំ២០២២។ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជិន ម៉ាលីន បានប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចដោយផ្ទាល់នេះ ប៉ុន្តែ លោកបានអះអាងថា នេះ គឺគ្រាន់តែជាដំណើរទស្សនកិច្ចធម្មតារបស់អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

សម្រាប់លោកជិន ម៉ាលីន រដ្ឋាភិបាលកម្ពុជា មិនដែលបដិសេធម្តងណាឡើយចំពោះការស្នើសុំមកធ្វើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសស្តីពីបញ្ហាសិទ្ធិមនុស្ស។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងរីករាយក្នុងការធ្វើការជាមួយពួកគេ។ លោកបានគូសបញ្ជាក់ប្រាប់«កម្ពុជាថ្មី»នៅរសៀលថ្ងៃចន្ទនេះថា នៅក្នុងជំនួបជាមួយលោក Vitit Muntarbhorn ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបង្ហាញពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជជែកពិភាក្សាគ្នាពីអ្វីដែលអ្នករាយការណ៍ពិសេសរូបនេះចង់ដឹង និងចង់បានការពន្យល់បកស្រាយពីខាងរដ្ឋាភិបាលកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក Vitit Muntarbhorn នឹងជួបជជែកពិភាក្សាជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត។ ជំនួបទាំងអស់នេះ គឺដើម្បីលោកអាចធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តទៅតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ ពោល គឺថ្ងៃទី២៦ ខែសីហា លោក Vitit Muntarbhorn នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីរបាយការណ៍នៃការសង្កេតការណ៍បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបឋមរបស់លោកទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

លោកសាស្រ្តាចារ្យ Vitit Muntarbhorn ដែលជាជនជាតិថៃ គឺជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានបញ្ចប់អាណត្តិរបស់ខ្លួន។ ចូលកាន់តំណែងនេះកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១មក លោក Vitit Muntarbhorn មិនដែលមកកម្ពុជាដោយផ្ទាល់សោះ ព្រោះតែបញ្ហាកូវីដ១៩។ ប៉ុន្តែ កន្លងមក លោកបានជួបជែកពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធតាមរយៈប្រព័ន្ធវីដេអូអនឡាញ ដើម្បីប្រមូលព័ត៌មាន និងវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដាក់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
លើកនេះ លោក Vitit Muntarbhorn អញ្ជើញមកកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងវាយតម្លៃដោយផ្ទាល់តែម្តម្តង។ របាយការណ៍ស្ថានភាពសិទ្ធិមនុស្សដែលលោកចុះមកស្រាវជ្រាវដោយផ្ទាល់នៅកម្ពុជានេះ លោកនឹងយកទៅធ្វើបទបង្ហាញនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២២ខាងមុខ។ យ៉ាងណាក៏ដោយ លោក ជិន ម៉ាលីន បានអះអាងថា របាយការណ៍វាយតម្លៃរបស់លោក Vitit Muntarbhorn គឺជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ មិនមែនតំណាងឲ្យជំហររបស់អង្គការសហប្រជាជាតិឡើយ៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


