នយោបាយ
គណបក្ស៥ ស្នើសុំបង្កើតថ្មី ក្រោយការចូលកាន់តំណែងរបស់រដ្ឋមន្ត្រីថ្មី លោក ស សុខា
ក្រោយការចូលកាន់តំណែងរបស់លោក ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺគិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៥ បានដាក់ពាក្យមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបង្កើតគណបក្សថ្មី។ នេះបើតាមការឱ្យដឹងរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅព្រឹកថ្ងៃនេះ លោក ទូច សុខៈ បានឱ្យដឹងដូច្នេះថា៖ «ចាប់តាំងពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលតំណែង គឺមកដល់ពេលនេះ មានគណបក្សនយោបាយថ្មីចំនួន៥ ដែលបានស្នើសុំបង្កើតមកក្រសួងមហាផ្ទៃ»។ បើតាមលោក ទូច សុខៈ គណបក្សនយោបាយដែលស្នើសុំទាំង៥នេះ រួមមាន គណបក្សជំនាន់ថ្មី គណបក្សកម្លាំងជាតិ គណបក្សប្រាជ្ញាទំនើប គណបក្សយុវជនពន្លឺភ្លើងទៀន និងគណបក្សអាយ៉ងខ្មែរ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្នុងចំណោមគណបក្សថ្មីទាំងនេះ មានតែគណបក្សកម្លាំងជាតិប៉ុណ្ណោះ ដែលត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចចុះក្នុងបញ្ជីគណបក្សនយោបាយជាផ្លូវការនៅក្រសួងមហាផ្ទៃ។ ស្ថាបនិកនៃគណបក្សកម្លាំងជាតិនេះ គឺលោក ស៊ុន ចន្ធី ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។ សម្រាប់គណបក្សជំនាន់ថ្មី និងគណបក្សប្រាជ្ញាទំនើប ត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើត តែក្រសួងបានណែនាំឱ្យកែសម្រួលលើចំណុចមួយចំនួន ខណៈមកទល់ពេលនេះ គណបក្សទាំងពីរមិនទាន់បានបំពេញបែបបទ ដើម្បីស្នើសុំចុះក្នុងបញ្ជីនៅក្រសួងនៅ ឡើយ។

រីឯ គណបក្សយុវជនពន្លឺភ្លើងទៀន គឺក្រសួងមហាផ្ទៃ មិនអនុញ្ញាតឱ្យបង្កើតទេ ដោយសារតែឈ្មោះរបស់គណបក្សនេះ គ្រាន់តែកែឈ្មោះបន្តិចបន្តួចពីគណបក្សដើមរបស់គេ។ ដោយឡែក គណបក្សអាយ៉ងខ្មែរ ក៏ក្រសួងមិនអនុញ្ញាតឱ្យបង្កើតដែរ តែក្រោយមក តំណាងគណបក្សនេះ ក៏បានដាក់ពាក្យស្នើសុំជាថ្មីម្ដងទៀត ដោយដាក់ឈ្មោះ គណបក្សខ្ញុំបម្រើខ្មែរ ប៉ុន្តែ យ៉ាងណាមិញ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏មិនអនុញ្ញាតឱ្យបង្កើតដែរ។ នេះបើតាមការឱ្យដឹងបន្ថែមដោយលោក ទូច សុខៈ។
ជុំវិញការស្នើបង្កើតគណបក្សនយោបាយនេះដែរ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានឆ្លើយតបនឹងការបញ្ចេញមតិ ទស្សនៈ និងការវិភាគមួយចំនួនតាមបណ្ដាសារព័ត៌មានផ្សេងៗ ដែលបានបកស្រាយខុសខ្លឹមសារច្បាប់ស្ដីពីគណបក្សនយោបាយ។ លោក ទូច សុខៈ បានបញ្ជាក់ឱ្យដឹងថា នីតិវិធីនៃការស្នើសុំបង្កើតគណបក្សមានចំនួន២ដំណាក់កាល។ ក្នុងនោះ ដំណាក់កាលទី១ ក្រុមបុគ្គល ដែលមានបំណងចង់បង្កើតគណបក្ស គឺត្រូវដាក់ពាក្យមកក្រសួងមហាផ្ទៃ ក្នុងការស្នើសុំបង្កើតគណបក្សជាមុនសិន ដើម្បីឱ្យក្រសួងពិនិត្យថា ត្រឹមត្រូវ គោរពបានពេញលេញនូវលក្ខខណ្ឌកំណត់ឬនៅ។ កាលបើក្រសួងពិនិត្យឃើញថា ត្រឹមត្រូវតាមលក្ខខណ្ឌហើយនោះ ក្រសួងនឹងអនុញ្ញាតឱ្យបង្កើតគណបក្ស។

នៅពេលទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ គណបក្សនោះ ត្រូវរៀបចំឯកសារផ្សេងៗដទៃទៀត ដើម្បីឈានទៅដំណាក់ទី២ គឺដំណាក់កាលសុំចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ហើយប្រសិនបើ ក្រសួងពិនិត្យឃើញថា សំណុំឯកសារទាំងអស់គ្រប់គ្រាន់ ត្រឹមត្រូវតាមច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តហើយនោះ ទើបក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សក្នុងបញ្ជីជាផ្លូវការ។
គួរជម្រាបថា បើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គិតមកដល់ពេលនេះ មានគណបក្សនយោបាយសរុបចំនួន៤៤គណបក្ស ដែលបានចុះក្នុងបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


