Connect with us

ព័ត៌មានជាតិ

លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​រារាំង ក្រុម​ណា​ក្នុង​ការបង្កើត​បក្សនយោបាយ​នោះទេ​

បានផុស

នៅ

លោកស្រី ម៉េង សុភា​រី សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​អះអាងថា កូនក្តី​របស់​ខ្លួន មិនបាន​ហាមឃាត់ ឬ​រារាំង​បុគ្គល​ណា ឬ​ក្រុម​ណាមួយ ក្នុង​ការបង្កើត​បក្សនយោបាយ​ថ្មី​នោះទេ ហើយ​បំណង​របស់លោក កឹម សុខា គឺ​គ្រាន់តែ​មិន​ចង់អោយ​យកឈ្មោះ​របស់គាត់​ទៅប្រើ​តែ​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ម៉េង សុភា​រី បាន​បញ្ជាក់​ថា ដើម្បី​ជៀសវាង​ការភ័ន្តច្រឡំ ឬ​បកស្រាយ​ខុសពី​បំណង​របស់លោក កឹម សុខា លោកស្រី​សូមបញ្ជាក់​ថា លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​រារាំង ឬ​ចោទប្រកាន់​បុគ្គល ឬ​ក្រុម​ណា ដែល​បាន​បង្កើត​បក្សនយោបាយ ឬ​ចង់​បង្កើត​បក្សនយោបាយ​ថ្មី ស្របតាម​រដ្ឋធម្មនុញ្ញ​ទេ​។ បើ​តាម​លោកស្រី ម៉េង សុភា​រី “​បំណង​របស់​ឯកឧត្តម កឹម សុខា គ្រាន់តែ​មិន​ចង់​ឲ្យ​យកឈ្មោះ ឬ​ករណី​របស់គាត់​ទៅប្រើ ដូច​មាន​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​របស់​សហ​មេធាវី ចុះ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១”​។

​សូមបញ្ជាក់ថា កាលពី​ថ្មីៗ​នេះ សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ព្រមាន​បុគ្គល ឬ​ក្រុម​ណាមួយ ដែលមាន​បំណង​បង្កើត​គណបក្ស​នយោបាយ​ថ្មី ឬ​ចលនានយោបាយ​ណាមួយ មិន​ឲ្យ​យកឈ្មោះ​លោក កឹម សុខា ភ្ជាប់​ជាមួយ​នោះទេ​។

ទាក់ទង​នឹង​ការព្រមាន​នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តតាកែវ ហើយ​ដែល​ពេលនេះ​កំពុង​ស្វះ​ស្វែងរក​ច្រក ដើម្បី​បង្កើត​គណបក្ស​ថ្មី​មួយ​ដែរនោះ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​ថ្ងៃនេះ​ថា លោក​គាំទ្រ​ខ្លឹមសារ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សហ​មេធាវី​លោក កឹម សុខា ពីព្រោះ​លោក​យល់ថា លោក កឹម សុខា មិនមាន​សិទ្ធិ​ធ្វើ​នយោបាយ​ទេ ដោយមាន​ការ​ហាម​ប្រាម​តាមរយៈ​សាលក្រម​របស់​តុលាការ​កំពូល​។ ជាមួយគ្នា​នោះ លោក កឹម សុខា កំពុងតែ​ប្រឈម​ចំពោះ​នីតិវិធី​ច្បាប់ ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ជាមួយ​បរទេស ហើយ​សវនាការ​នៅ​មិនទាន់​ចប់សព្វគ្រប់​នៅឡើយ​។

​លោក អ៊ូ ច័ន្ទ​រ័ត្ន បញ្ជាក់ថា “​ខ្ញុំ​មិនដឹងថា មាន​អស់លោក​ណា​យកឈ្មោះ​លោក​ទៅប្រើ​ទេ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​បាន​បញ្ជាក់ជូន​សាធារណជន ក៏ដូចជា​អ្នកសារព័ត៌មាន​ច្រើន​ហើយ ការបង្កើត​គណបក្ស​ថ្មី​នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ប្រធាន កឹម សុខា នោះទេ លោក​មិន​ហ៊ាន​ជជែក​រឿង​នយោបាយ ឬ​ធ្វើ​សកម្មភាព​នយោបាយ​ទេ ហើយ​លោក​ក៏​មិនដែល​ជជែក​អ្វី​ជាមួយ​ខ្ញុំ ទាក់ទង​ទៅនឹង​ការបង្កើត​គណបក្ស​ដែរ​”​។

​បើ​តាម​លោក អ៊ូ ច័ន្ទ​រ័ត្ន លោក​បានបញ្ជាក់​ច្រើនលើក​រួច​មក​ហើយ លោក​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​កឹម សុខា ទេ ជាគោលការណ៍ ឬ​ ជាការ​សម្រេចចិត្ត​ក្រុម​របស់​លោក គឺ​ប្រសិនបើ​មាន​បុគ្គល​អតីត​បក្សប្រឆាំង​ណា ដែល​មាន​សក្តានុពល អាច​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បាន លោក​អនុញ្ញាត​ឲ្យ​ធ្វើ​។

​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា លោក ចាន់ ចេ​ន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ថ្មីៗ​នេះ​មាន​អ្នកនយោបាយ​ខ្លះ​យកឈ្មោះ​លោក កឹម សុខា ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​របស់​ខ្លួន ឬ​ចលនា​ផ្សេងៗ ជាពិសេស​បាន​យក​ទៅ​ភ្នាល់​គ្នា​ក្នុង​រឿង​នយោបាយ​ជាដើម ហើយ​ក៏​មាន​អ្នកនយោបាយ​ខ្លះ ដែល​បាន​បង្កើត​គណបក្ស​ថ្មី ក៏បាន​យកឈ្មោះ​លោក កឹម សុខា ទៅ​កៀងគរ​កម្លាំង និង​ធ្វើ​សារ​នយោបាយ ដើម្បី​ប្រជាប្រិយភាព​នយោបាយ​ទៀតផង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម