នយោបាយ
អ្នកនាំពាក្យ៖ សម្ដេចស ខេង មិនចាកចោលសម្ដេចតេជោ ទៅចាប់ដៃជាមួយទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយទុច្ចរិតឡើយ
អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង បានចេញមកបញ្ជាក់ថា សម្ដេច ស ខេង គ្មានថ្ងៃចាកចោលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅចាប់ដៃជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីធ្វើនយោបាយទុច្ចរិតឡើយ។ អ្នកនាំពាក្យសម្ដេច ស ខេង ចេញមកបញ្ជាក់ដូច្នេះ តាមរយៈប្រកាសថ្កោលទោស ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុកខ្លួន ថាសម្ដេច ស ខេង និងសម្ដេច សាយ ឈុំ និងសម្ដេច ទៀ បាញ់ និងថ្នាក់ដឹកនាំមួយចំនួនទៀត នឹងចូលរួមក្នុងយុទ្ធសាស្ត្រផ្ការីករបស់ខ្លួន។

តាមរយៈសេចក្ដីថ្កោលទោស អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សរសេរដូច្នេះ៖«សូមបញ្ជាក់ជូនថា សម្តេចក្រឡាហោម និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ រូបរួមគ្នា ដើម្បីកម្ពុជារុងរឿង ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជារបស់ពិភពលោក រក្សាការពារសន្តិភាព សន្តិសុខ និងរក្សាលំនឹងសេដ្ឋកិច្ច ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់ គោរពនិងគាំទ្រឥតងាករេ នូវរាល់សេចក្តីសម្រេចគណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងមានភាពជឿជាក់ខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃស្វាហាប់របស់រាជរដ្ឋាភិបាលបន្តវេន ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។

ជាថ្មីម្តងទៀត អ្នកនាំពាក្យ ចាត់ទុកថា ទណ្ឌិត សម រង្ស៊ី មេក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែលគេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកព្រំដែល ដោយ ជញ្ជាំផលិត ផ្សព្វផ្សាយសារ បំពានបំភ្លៃ បំភាន់មូលបង្កាច់ ក្លែងបន្លំ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌ ដែលទីបំផុតមិន ដែលឈ្នះសូម្បីប៉ុនសរសៃសក់»។

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អំពាវនាវជនរួមជាតិទាំងក្នុងនិង ក្រៅប្រទេស កុំជឿតាមសាររបស់ក្រុមឧក្រិដ្ឋកម្មនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខ របស់ប្រពលរដ្ឋខ្មែរដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេច តេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍ។
អ្នកនាំពាក្យ ក៏បានលើកយកប្រសាសន៍សម្តេចក្រឡាហោម ស ខេង មកបញ្ជាក់ថា សម្ដេច ស ខេង បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា «ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការបោកប្រាស់ បែប ប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»។
ជាការកត់សម្គាល់ នេះមិនមែនទើបតែជាលើកទី១ឡើយ ដែលទណ្ឌិត សម រង្ស៊ី យកឈ្មោះសម្ដេច ស ខេង ទៅផ្សព្វផ្សាយថា សម្ដេច ស ខេង ចុះចូលធ្វើនយោបាយជាមួយខ្លួន។ ប៉ុន្តែអ្នកនាំពាក្យសម្ដេច ស ខេង បានបដិសេធជាជានិច្ច និងបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់សម្ដេច ស ខេង៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


