នយោបាយ
សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងជាចំហថា ការអនុវត្តនយោបាយ ឈ្នះឈ្នះ ដើម្បីបញ្ចប់សង្រ្គាមទាំងស្រុងនៅក្នុងប្រទេសកម្ពុជា គឺការនិយាយដោយផ្ទាល់មាត់ និងបង្កើតជំនឿទុកចិត្តដល់ភាគីទាំងអស់។ សម្តេចតេជោ ថែមទាំងអះអាងទៀតថា ការអនុវត្តនយោបាយឈ្នះឈ្នះនេះ គឺមិនមានកិច្ចព្រមព្រៀងផ្លូវការណាមួយទេ ប៉ុន្តែ វាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសមួយចំនួនលើពិភពលោកនេះទៅទៀត។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមកាលពីយប់ថ្ងៃអាទិត្យ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយឈ្នះ ឈ្នះ។ តាមពិតដូចពួកគាត់និយាយ គឺការធានាទាំង៣យ៉ាងពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ហ៊ុន សែន ផ្សព្វផ្សាយបន្ត និងអនុវត្តជាក់ស្តែងដោយការជឿទុកចិត្តដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីរយៈពេល២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ»។
ស្ថាបនិកនយោបាយ ឮឈ្នះឈ្នះ និងជាបិតាសន្តិភាពនៅកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងទៀតថា ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅក្នុងប្រទេសកម្ពុជា គឺមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេស រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ បើតាមសម្តេចតេជោ បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ។

នយោបាយឈ្នះឈ្នះ គឺជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ និងរកបានសន្តិភាពពេញលេញជូនជាតិមាតភូមិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលធ្លាប់បានពន្យល់ថា ដែលហៅថា នយោបាយឈ្នះឈ្នះ គឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោល គឺខ្មែរឈ្នះទាំងអស់គ្នា។

អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះ ត្រូវបានសម្តេចតេជោ បង្ហាញជាសាធារណៈរួចហើយ ដោយវាមានធាតុផ្សំសំខាន់៣ គឺ ទី១.ធានាអាយុជីវិត ទី២. ធានាអាជីពនិងមុខរបរ និងទី៣. ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ រូបមន្តទាំង៣នេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាជំនាន់ក្រោយយកមករៀនសូត្រ ចងចាំ និងអនុវត្តតាម។ នៅក្នុងទិវា សន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងម្តងជាពីរដងពីរូបមន្តដ៏ពិសេសនេះ។ ប្រមុខការពារជាតិកម្ពុជា ក៏បានបញ្ជាក់ឱ្យដឹងថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ គឺជាការនិយាយសន្យាដោយផ្ទាល់មាត់ គ្មានកិច្ចព្រមព្រៀងផ្លូវការទេ ប៉ុន្តែ បានគោរពតាមពាក្យសន្យា ធ្វើឱ្យភាគីជម្លោះមានជំនឿទុកចិត្ត និងបានទម្លាក់អាវុធបញ្ចប់សង្រ្គាមទាំងស្រុង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


