Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ ជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺការជឿទុកចិត្តលើសម្ដេចតេជោ ដែលជាស្ថាបនិកនៃនយោបាយនេះ

បានផុស

នៅ

ជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺភាពជឿទុកចិត្តរបស់គ្រប់ភាគីមកលើសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះនេះ។ នេះជាថ្លែងអះអាងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់ភាគីជម្លោះ ជាពិសេសភាគីខ្មែរក្រហម បានកាន់ទ័ពរាប់ពាន់នាក់ និងមានប្រជាជនរាប់ម៉ឺននាក់នៅក្នុងដៃដែលស្ថិតនៅក្នុងតំបន់ត្រួតត្រា រួមទាំងមានសព្វាវុធគ្រប់ប្រភេទនៅតាមបណ្ដោយព្រំដែន តើចាំបាច់អីត្រូវបោះបង់ចោល ហើយមកចូលរួមជាមួយរាជរដ្ឋាភិបាល​។ ត្រង់ន័យនេះ សម្ដេចធិបតី បានបញ្ជាក់ថា ពិតណាស់ បើមិនមានការជឿទុកចិត្តលើអ្នកធានា ពិសេសតួអង្គសម្ដេចតេជោ ដែលជាអ្នកធានាផ្ទាល់នោះទេ ក៏ភាគីទាំងនោះមិនបញ្ចប់ជម្លោះខ្មែរនិងខ្មែរដែរ ដូច្នេះហើយ ភាពជឿទុកចិត្ត ជាកត្តាដ៏សំខាន់ណាស់ ដែលជាកត្តាគន្លឹះមួយធ្វើឱ្យនយោបាយឈ្នះឈ្នះ ជោគជ័យ។

សម្ដេច ហ៊ុន ម៉ាណែត ថ្លែងអះអាងដូច្នេះថា៖ «គឺការជឿទុកចិត្តលើសម្ដេចតេជោ ក្នុងការគោរពនូវពាក្យសន្យារបស់ខ្លួន ដោយមិនរារែកនេះហើយ ដែលជាកិច្ចការធំ គឺការទុកចិត្ត។ នយោបាយឈ្នះឈ្នះ អត់មានឯកសារ ឬការចុះហត្ថលេខាលើកិច្ចព្រៀងអ្វីនោះទេ ក៏ប៉ុន្តែមានតែការធានាតែម្ដង។ នយោបាយឈ្នះឈ្នះ ជោគជ័យ គឺការបង្កើតការជឿទុកចិត្ត មិនមែននៅលើប្រដាស ប៉ុន្តែវាកើតឡើងនៅលើដីតែម្ដង គឺការសមាហរណកម្ម និងការអភិវឌ្ឍ ដោយរាជរដ្ឋាភិបាលមិនយកទោសពៃ ហើយការធានាគ្រប់បែបយ៉ាងសម្រាប់ភាគីទាំងនោះ»។

នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ ប៉ុន្តែ​រក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយ​ចីរភាព​ទៀតផង។ ជាក់ស្ដែងប្រទេសកម្ពុជាក្រោមទង់នៃសន្តិភាពពេញលេញ និង​ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាពពេញលេញរយៈពេល​២៥ឆ្នាំ​កន្លងមកនេះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែមានភាពរីក​ចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម