នយោបាយ
អ្នកវិភាគ៖ នៅអតីតកាល វៀតណាម និងកម្ពុជា ជួយគ្នារំដោះជាតិ នៅបច្ចុប្បន្នកាល ជួយគ្នាអភិវឌ្ឍជាតិ
ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥-ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ គឺជាខួបលើកទី៨០នៃបដិវត្តន៍ខែសីហារបស់ប្រទេសវៀតណាមដែលបានរើខ្លួនចេញពីអាណានិគមដោយជោគជ័យ។ ព្រឹត្តិការណ៍នេះ ជាខ្សែប្រវត្តិសាស្ត្រតភ្ជាប់មកប្រទេសឡាវ និងប្រទេសកម្ពុជា ដែលស្ថិតនៅឧបទ្វីបឥណ្ឌូចិន។ ក្នុងរយៈពេល៨០ឆ្នាំមកនេះ ប្រវត្តិទំនាក់ទំនងកម្ពុជា-វៀតណាម មានទាំងល្វីងជូរចត់ និងផ្អែមល្ហែមនឹងគ្នា។ ប៉ុន្តែ មកដល់បច្ចុប្បន្ន អ្នកវិភាគកម្ពុជា មើលឃើញថា ទំនាក់ទំនងកម្ពុជា-វៀតណាម មានសន្ទុះរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈថ្នាក់ដឹកនាំប្រទេសទាំង២ ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យប្រសើរបន្ថែមទៀតជាបន្តបន្ទាប់។

អ្នកវិភាគនយោបាយនៅកម្ពុជា បានមើលឃើញថា ចាប់តាំងពីធ្វើបដិវត្តក្នុងខែសីហា ឆ្នាំ១៩៤៥ ក្រោមការដឹកនាំដោយលោក ហូ ជីមិញ ប្រទេសវៀតណាម បានរើបម្រាស់ខ្លួនចេញពីនឹមអាណានិគមរបស់ប្រទេសចក្រពត្តិនិយម រើខ្លួនចេញពីប្រទេសមានភាពក្រីក្រលំបាក មកជាប្រទេសដែលមានឯករាជ្យភាព ឯកភាពទឹកដី និងជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង និងមានស្ថិរភាពនយោបាយយ៉ាងរឹងមាំនៅក្នុងសម័យកាលបច្ចប្បន្ននេះ។ លោក ថុង ម៉េងដាវីដ អ្នកវិភាគភូមិសាស្ត្រនយោបាយ បានចាត់ទុកខួបលើកទី៨០នៃការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមិនត្រឹមតែអបអរសាទរភាពធន់ដ៏វិសេសវិសាលរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការបង្កើតសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោក ថុង ម៉េងដាវីដ បានរំលេចឱ្យឃើញពីការជួយរបស់វៀតណាមដល់កម្ពុជា ដើម្បីវាយផ្តួលរំលំរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៩ និងបានបន្តជួយរៀបចំ និងបណ្តុះបណ្តាលធនធានចាំបាច់របស់កម្ពុជា ក្នុងការការពារ កសាងស្តារប្រទេសជាតិរហូតដល់មានសុខសន្តិភាពដូចសព្វថ្ងៃនេះ។ ប៉ុន្តែ បើមើលទៅក្រោយឆ្នាំ១៩៧៥ កម្ពុជា ក៏ធ្លាប់បានជួយប្រទេសវៀតណាមផងដែរ ដោយជួយគាំទ្រឱ្យវៀតណាមបង្រួបបង្រួមជាប្រទេសតែមួយ លែងមានវៀតណាមខាងជើង និងវៀតណាខាងត្បូងទៀតហើយ។ បើតាមអ្នកវិភាគភូមិសាស្ត្រនយោបាយ ថុង ម៉េងដាវីដ ទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម ត្រូវបានកសាងឡើងដោយសាមគ្គីភាព ការផ្លាស់ប្តូរជាប្រចាំ និងការគាំទ្រគ្នាទៅវិញទៅមក។ ឫសគល់នៃការតស៊ូរួមគ្នាដើម្បីឯករាជ្យភាព និងការអភិវឌ្ឍន៍ ត្រូវបានបញ្ជាក់ជាពិសេសក្នុងអំឡុងពេលនៃការប្រយុទ្ធរបស់កម្ពុជាប្រឆាំងនឹងខ្មែរក្រហម ដោយបក្សកុម្មុយនិសន្តបានផ្តល់ការណែនាំ ការគាំទ្រផ្នែកនយោបាយ និងជំនួយយោធាជួយរំដោះប្រទេសកម្ពុជានៅឆ្នាំ១៩៧៩។
បច្ចប្បន្ននេះ កម្ពុជា និងវៀតណាម បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមព្រំដែន ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការទូតការពារជាតិ ដោយប្រែក្លាយអតីតតំបន់ជម្លោះទៅជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។ ការសម្របសម្រួលជាទៀងទាត់រវាងក្រសួងការពារជាតិ និងអាជ្ញាធរមូលដ្ឋានកម្ពុជា-វៀតណាម បានពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងបញ្ហាដូចជាការជួញដូរ និងការរត់ពន្ធតាមព្រំដែន។ រីឯ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានលើសពី១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលជំរុញដោយកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ថាមពល ផលិតកម្ម និងគម្រោងតភ្ជាប់។ ការវិនិយោគរបស់វៀតណាម បានជួយសាងសង់ផ្លូវ ស្ពាន និងបណ្តាញអគ្គិសនី ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍កម្ពុជា។ មានសារៈសំខាន់ដូចគ្នា គឺនិស្សិតខ្មែររាប់ពាន់នាក់ ដែលបានទៅសិក្សានៅប្រទេសវៀតណាម ត្រឡប់មកប្រទេសកំណើតវិញ ជាស្ពាននៃមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។ នេះបើតាមលោក ថុង ម៉េងដាវីដ។

ចំណែក លោកបណ្ឌិត ស៉ឺន សំ អ្នកស្រាវជ្រាវគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា វិញ លោកសង្កេតឃើញថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម បាន និងកំពុងរីកចម្រ់នយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានផ្តោតជាពិសេសទៅលើវិស័យសំខាន់ៗចំនួន៣ គឺពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ លោកថា ការរីកចម្រើននេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្ហាញពីសក្តានុពលដ៏ធំធេងនៃកិច្ចសហប្រត្តិបត្តិការទ្វេភាគីដែលអាចនាំមកនូវផលប្រយោជន៍រួមសម្រាប់សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទាំងពីរ។ សម្រាប់លោកបណ្ឌិត ស៉ឺន សំ តាមរយៈកិច្ចព្រមព្រៀងថ្មីៗ គំនិតផ្តួចផ្តើម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រទេសទាំងពីរ បានបង្ហាញពីតាំងចិត្តរួមគ្នាក្នុងការសម្រេចគោលដៅទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិកានាពេលអនាគត។ ប៉ុន្តែ ការសម្រេចបានគោលដៅនេះ នៅប្រឈមនឹងឧបសគ្គមួយចំនួន ដែលទាមទារឱ្យមានការដោះស្រាយប្រកបដោយយុទ្ធសាស្រ្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធ។ ការអភិវឌ្ឍសម្ព័ន្ធ និងការពង្រឹងក្របខណ្ឌច្បាប់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។
ដោយឡែក លោក អ៊ុច លាង ប្រធានស្តីទីនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា កត់សម្គាល់ថា សន្ទុះនៃរីកចម្រើនទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ចាប់ពីក្រោយបដិវត្តខែសីហា ឆ្នាំ១៩៤៥ រហូតមកទល់ពេលនេះ គឺពិតជាមានភាពរីកចម្រើនជាបន្តបន្ទាប់។ ដោយមានការពូនជ្រំយ៉ាងយកចិត្តទុកដាក់ពីគ្រប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួន ក្រោមបាវចនា “ភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដែលប្រទេសទាំងពីរបានឯកភាពគ្នាតាំងពីឆ្នាំ២០០៥ ហើយបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។ នេះ អាចបញ្ជាក់បានថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនាពេលនេះ មានភាពរីកចម្រើនលើគ្រប់វិស័យ ទាំងនយោបាយ សន្តិសុខការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការថែទាំសុខភាព វប្បធម៌ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសយើងទាំងពីរនឹងកាន់តែត្រូវបានលើកកំពស់ដល់កម្រិតកំពូលថ្មីមួយទៀត ដើម្បីបំពេញសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

ភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលមានជាមួយគ្នា ជាផ្នែកដ៏សំខាន់នៃការជំរុញទំនាក់ទំនងគ្រប់វិស័យផ្សេងទៀត។ ទាំងក្របខណ្ឌគណបក្ស និងរដ្ឋាភិបាល ភាគីទាំងពីរបានពង្រឹងជាមួយគ្នាតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល ដែលភាគីទាំងពីរបានពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ក៏ដូចគ្នាដែរ ភាគីទាំងពីរបានពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំជាមួយគ្នា ព្រមទាំងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជូនសន្ទរនាជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមតាមរយៈប្រព័ន្ធអនឡាញ។ ទាំងសម្តេចតេជោ និងទាំងលោក តូ ឡឹម សុទ្ធតែសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ននេះ។ ភាគីទាំងពីរ ក៏រឹតពេញខ្លាំងផងដែរចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមដែលមានការកើតឡើងយ៉ាងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះត្រឹមតែរយៈពេល៧ ខែនៅឆ្នាំ២០២៥នេះ មានរហូតទៅដល់ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះ កម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ នេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយមានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជាមួយគ្នាដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។

ដូចគ្នាដែរ លោក តូ ឡឹម បានអះអាងថា ភាគីវៀតណាមនឹងពង្រឹងបន្ថែមទៀតជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការកើនឡើងបន្តទៀត។ គោលដៅធំរវាងកម្ពុជា និងវៀតណាម គឺគ្រោងសម្រេចឲ្យបាននូវ ផែនការទំហំពាណិជ្ជកម្មជាមួយគ្នា ២០ ពាន់លានដុល្លារនៅពេលដ៏ឆាប់ខាងមុខ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងប្ដេជ្ញាក្នុងការជំរុញធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់ទៀត។
បន្ទាប់ពីខួប៨០ឆ្នាំនៃបដិវត្តខែសីហា ឆ្នាំ១៩៤៥ នៅថ្ងៃអង្គារនេះ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ វៀតណាម នឹងប្រារព្ធពិធីបុណ្យខួប៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់លោក តូ ឡឹមថា សម្តេច នឹងអញ្ជើញទៅចូលរួមអបអរសាទរជាមួយនឹងប្រជាជនវៀតណាម។ លោក តូ ឡឹម វិញ បានចាត់ទុកវត្តមានរបស់សម្ដេចតេជោនាពេលខាងមុខថា ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម ហើយលោកបានប្ដេជ្ញាធ្វើយ៉ាងណាពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំបន្ថែមទៀតឱ្យសមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


