អាជីព
លោក មុនីឧត្តម ចោលប្រាក់ខែជាង ១ពាន់ដុល្លារ មកបើកហាងលក់បាយតូចមួយ នៅផ្ទះរបស់ខ្លួនវិញ
មនុស្សទូទៅ ប្រាថ្នារស់នៅចង់មានមុខរបរ ឬអាជីព និងប្រាក់ខែច្រើន សម្រាប់កសាងជីវិតគ្រួសារក្នុងសង្គមជាតិមួយ។ ប៉ុន្តែសូមកុំភ្លេចថា ធ្វើការបានប្រាក់ខែច្រើន ក៏មិនប្រាកដថាធ្វើឲ្យអ្នកសប្បាយចិត្តបាននោះឡើយ។ ផ្ទុយទៅវិញនោះគឺ តើអ្នកចង់ធ្វើអ្វីឲ្យពិតប្រាកដ? ហើយការងារទាំងនោះ តើអ្នកស្រឡាញ់ និងអាចធ្វើវាបានកម្រិតណា?

ថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមនាំប្រិយមិត្តអ្នកអានទៅស្គាល់ ខ្សែជីវិតមេចុងភៅនៅសណ្ឋាគារមួយរូប ដែលគាត់ហ៊ានលះបង់ការងារជាមេចុងភៅ ទទួលបានប្រាក់ជាង ១ពាន់ដុល្លារ មកជ្រើសរើសមុខរបរជាអ្នកលក់បាយតាមផ្ទះ ដោយមានត្រឹមតែហាងតូចមួយនៅក្រោមផ្ទះរបស់គាត់ ស្ថិតនៅភូមិទី ៦ សង្កាត់ដូនរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជិន មុនីឧត្តម អតីតមេចុងភៅនៅសណ្ឋាគារចិនមួយ ក្នុងរាជធានីភ្នំពេញ បានប្រាប់ថា ពីដំបូងឡើយ លោកគឺជាមេចុងភៅនៅសណ្ឋាគារចិនមួយ នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក នៅពេលប្រទេសកម្ពុជា បានជួបវិបត្តិជំងឺកូវីដ -១៩ រាតត្បាតខ្លាំង លោកក៏មានគំនិតមួយ ដោយបើកហាងលក់បាយតូចមួយនៅផ្ទះរបស់លោក ដែលស្ថិតនៅភូមិទី ៦ សង្កាត់ដូនរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សព្វថ្ងៃនេះ លោក ជិន មុនីឧត្តម ហៅ ឆែប ឧត្តម Chef Dom មានភរិយា និងកូនស្រីម្នាក់ ដោយជ្រើសរើសមុខរបរលក់បាយ នៅជាន់ខាងក្រោមផ្ទះផ្ទាល់ខ្លួន ដោយមានម្ហូបកម្ម៉ុងជាច្រើនមុខ ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារទាំងមូល។ ដោយមានឈាមជ័រ ពីឪពុកម្ដាយជាអ្នកពូកែធ្វើម្ហូបស្រាប់ ទើបធ្វើឲ្យលោក ជិន មុនីឧត្តម ស្រឡាញ់ការងារធ្វើម្ហូប និងការច្នៃប្រឌិតធ្វើនំជាច្រើនទៀត។ ក្នុងនោះ មានដូចជា៖ ការចម្អិនម្ហូបបែបខ្មែរ ចិន អឺរ៉ុប វៀតណាម តាមអ្វីដែលភ្ញៀវនិយមចូលចិត្ត និងតាមអ្វីដែលជាតម្រូវការរបស់អតិថិជនចង់បាន។

លោក ជិន មុនីឧត្តម បន្ថែមទៀតថា កន្លងមក លោកធ្លាប់បានឆ្លងកាត់ការបណ្ដុះបណ្ដាលនៅក្រៅប្រទេស ដោយពេលនោះលោកទៅរៀនធ្វើម្ហូបបណ្ដើរ និងធ្វើការនៅទីនោះបណ្ដើរ ជាលទ្ធផលលោកទទួលបានបទពិសោធន៍ ជាចុងភៅនៅក្រៅប្រទេស នោះគឺប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសថៃ អស់រយៈពេលជាង ៦ឆ្នាំ។

សម្រាប់ប្ចុប្បន្ននេះ លោក ជិន មុនីឧត្តម និងភរិយា បានបើកហាងលក់បាយតូចមួយ ដោយទទួលបានការគាំទ្រពីភ្ញៀវ ដែលមកទទួលទានបាយថ្ងៃត្រង់ នៅហាងរបស់លោកយ៉ាងច្រើនកុះករ។ ម្ចាស់ហាងបាយរូបនេះ បានបង្ហើបប្រាប់កម្ពុជាថ្មីទៀតថា ការលក់បាយ និងម្ហូបកម្ម៉ុង គួបផ្សំជាមួយការដឹកជញ្ជូនតាម អេប អីហ្គេត ញ៉ាំ ២៤ម៉ោង និងអេបដឹកជញ្ជូនផ្សេងៗទៀត។

ក្រៅពីនេះ លោក ជិន មុនីឧត្តម ក៏មានទទួលរៀបចំអាហារនៅតាមកម្មវិធីជប់លៀង និងកម្មវិធីផ្សេងៗទៀតផងដែរ។ សរុបជាប្រចាំថ្ងៃ មុខរបរលក់បាយ និងម្ហូបកម្ម៉ុង របស់លោកជិន មុនីឧត្តម ធ្វើឲ្យលោកអាចទទួលបានប្រាក់ចំណូលប្រហែល ១លាន ៥០ម៉ឺនរៀល ឬស្មើនឹង ៣០០ដុល្លារ៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


