ព័ត៌មានអន្ដរជាតិ
ដើម្បីបណ្តេញបុគ្គលិកដោយគ្មានប្រាក់សំណង ថៅកែក្រុមហ៊ុនជាច្រើននៅ ចិន ប្រើល្បិចកខ្វក់
នៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ច អាជីវកម្មចិនជាច្រើនកំពុងប្រឈមមុខនឹងការខាតបង់ ឬបង្រួមទំហំប្រតិបត្តិការ ដែលនាំឲ្យមានតម្រូវការកាត់បន្ថយបុគ្គលិក។ ក្រុមហ៊ុនខ្លះប្រើល្បិចមិនសមរម្យដើម្បីបណ្តេញបុគ្គលិកដោយមិនបើកប្រាក់បំណាច់ដែលបង្កឲ្យមានការផ្ទុះកំហឹងជាសាធារណៈ។
យ៉ាងណា បុគ្គលិកជាង២០០នាក់ ត្រូវបានបណ្តេញចេញពីការងារដោយគ្មានប្រាក់បំណាច់ បន្ទាប់ពីអ្នកដឹកនាំក្រុមហ៊ុនបានទាក់ទាញពួកគេឲ្យចូលទៅក្នុងអន្ទាក់ក្នុងទម្រង់នៃការផ្លាស់ប្តូរកម្សាន្ត ជាមួយនឹងសេវាកម្មខ្មៅងងឹត។
ឧប្បត្តិហេតុដែលគួរឲ្យស្អប់ខ្ពើមនេះបានកើតឡើង នៅវិទ្យាស្ថានរចនា Wuhan Zhongxin ទីក្រុង Wuhan ខេត្ត Hubei ។ ក្រុមហ៊ុននេះមានគម្រោងបណ្តេញបុគ្គលិករាប់រយនាក់ ដែលភាគច្រើនជាបុគ្គលិកដែលមានបទពិសោធន៍លើសពី១០ឆ្នាំ។ ដើម្បីចៀសវាងការបង់ប្រាក់បំណាច់ដ៏ច្រើននោះ ភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនបានចេញនូវផែនការដ៏ចម្លែកមួយ ពោលគឺមានអ្នកគ្រប់គ្រងជាន់ខ្ពស់រៀបចំឲ្យបុគ្គលិកចូលរួមក្នុងសកម្មភាពកម្សាន្ត និងសម្រាកលំហែ ដែលរួមបញ្ចូល សេវាកម្មខុសច្បាប់ ដូចជាពេស្យាចារនៅហាងខារ៉ាអូខេ ឬល្បែងស៊ីសងជាដើម។
ក្រោយពីឃើញបុគ្គលិកធ្លាក់ចូលក្នុងអន្ទាក់ អ្នកចាត់ការជាន់ខ្ពស់រូបនេះបានធ្វើការសារភាពខ្លួនឯងទៅកាន់ក្រុមប្រឹក្សាភិបាល។ ជាលទ្ធផល បុគ្គលិកជាង ២០០នាក់ ត្រូវបានបណ្តេញចេញពីការងារ ដោយមិនបានទទួលប្រាក់សំណង ឬប្រាក់បំណាច់ឡើយ។ ដើមឡើយ មនុស្សជាច្រើនគិតថា កម្មវិធីកម្សាន្តនិងសម្រាកលំហែដែលអ្នកគ្រប់គ្រងបានរៀបចំ គឺជាសកម្មភាពផ្លាស់ប្តូរនៅក្នុងក្រុមហ៊ុន។ បុគ្គលិកខ្លះថែមទាំងមានចេតនាខាតលុយបន្តិចបន្តួចពេលលេងបៀរ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយថ្នាក់លើ ទើបដឹងពេលក្រោយថាធ្លាក់ក្នុងអន្ទាក់ ទើបក្រុមហ៊ុនមានហេតុផលត្រូវបណ្តេញចេញដោយគ្មានសំណង។
បន្ទាប់ពីព័ត៌មានអំពីហេតុការណ៍នេះរីករាលដាល មហាជនបានថ្កោលទោសយ៉ាងចាស់ដៃចំពោះអាកប្បកិរិយារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដោយថា នេះជាល្បិចដ៏អាក្រក់ និងពិបាកទប់ស្កាត់ណាស់។ មនុស្សជាច្រើនមានការព្រួយបារម្ភថាបុគ្គលិកដែលត្រូវបានបណ្តេញចេញតាមរបៀបនេះនឹងពិបាកក្នុងការស្វែងរកការងារថ្មី ជាពិសេសនៅក្នុងក្រុមហ៊ុនធំៗ ឬនៅពេលដាក់ពាក្យចូលបម្រើការងារជាមន្ត្រីរាជការ។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាករណីដាច់ដោយឡែកទេ។ អាជីវកម្មមួយចំនួនទៀតក៏អនុវត្តយុទ្ធសាស្ត្រស្រដៀងគ្នានេះដែរ ដូចជាការបណ្តេញនិយោជិតភ្លាមៗជាមួយនឹងកំណត់ត្រាឧក្រិដ្ឋកម្មក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ឬសូម្បីតែការលើកឡើងតាមរយៈកំណត់ត្រាបំពានច្បាប់របស់និយោជិតក្នុងរយៈពេល១០ ឆ្នាំកន្លងមក ដើម្បីស្វែងរកមូលហេតុនៃការបណ្តេញចេញ។
មិនត្រឹមប៉ុណ្ណឹងទេ មានក្រុមហ៊ុនដែលប្រើល្បិចជ្រើសរើសបុគ្គលិកក្លែងក្លាយដើម្បីបញ្ឆោតបុគ្គលិកឲ្យឈប់ពីការងារដោយស្ម័គ្រចិត្ត។ មនុស្សម្នាក់ដែលជួបប្រទះនឹងស្ថានភាពបែបនេះបានចែករំលែកថា គាត់ស្ទើរតែត្រូវបានបោកបញ្ឆោតដោយការផ្តល់ជូនការងារដ៏គួរឲ្យទាក់ទាញពីក្រុមហ៊ុនធំមួយ ប៉ុន្តែមានសំណាងណាស់ដែលបានរកឃើញគម្រោងនេះទាន់ពេលវេលា។
ឧប្បត្តិហេតុទាំងនេះបានបង្កឲ្យមានការខឹងសម្បារនិងការព្រួយបារម្ភជាសាធារណៈ អំពីបរិយាកាសការងារដែលមានជាតិពុលនិងគ្មានសីលធម៌នៅក្នុងអាជីវកម្មមួយចំនួន។ មនុស្សជាច្រើនអំពាវនាវឲ្យមានវិធានការខ្លាំងជាងមុន ដើម្បីការពារសិទ្ធិរបស់បុគ្គលិក ដោយរំលឹកពួកគេថា ពួកគេគួរតែមានការប្រុងប្រយ័ត្នខ្ពស់នៅកន្លែងធ្វើការ ហើយកុំទុកចិត្តនរណាម្នាក់ទាំងស្រុងពេក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ឆ្នាំ១៩៨៦ ល្បីល្បាញទូទាំងពិភពលោក តែការពិតផ្ទុករឿងអាស្រូវជាច្រើន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


