Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ កាប់ប្លន់ម៉ូតូក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

បានផុស

នៅ

ក្រុម​ជនសង្ស័យ​ចំនួន ០៦ នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​យ៉ាង​សកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ទទួល​បាន​ដំណឹង​កាលពី​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២៥ មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ប្លន់​យក​ម៉ូតូ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០២៥។

លោក​វរសេនីយ៍ឯក ម៉ម សាវន ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ករណី​ទី០១-កាលពី​វេលា​ម៉ោង​ប្រហែល ០៤ និង ៤០ នាទី ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២៥ មាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២៥ ពាក់​ផ្លាក​លេខ ភ្នំពេញ ១LQ-៥៧២១ មិន​បាន​សម្រេច បណ្ដាល​ឲ្យ​ជនរងគ្រោះ​រង​របួស​ធ្ងន់ធ្ងរ ចាក់​ចំ​ក្បាលពោះ ត្រគាក​ខាងឆ្វេង និង​ដៃ​ខាងឆ្វេង នៅ​ត្រង់​ចំណុច​មហាវិថី​ឈ្នះ​ឈ្នះ ក្រុម ១៤ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ករណី​ទី០២-អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ធាក់ និង​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក ហុងដា​សេ ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២៥ ពាក់​ផ្លាក​លេខ ​ភ្នំពេញ ១LM-៤៧១១ កើត​ហេតុ​នៅ​ចំណុច​មុខ​ស្ថាន​ប្រេង​ឥន្ធនៈ​កាល់​តិច ផ្លូវ​បេតុង ៣០ ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ.ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ០២ និង ៣០ នាទី ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២៥ ដែល​ជនរងគ្រោះ​មាន​ឈ្មោះ ហ៊ីន ហួន ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ​ខ្មែរ។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៦ នាក់ រួមមាន ៖ ០១-ឈ្មោះ ភឿង វុធឌី ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ​ខ្មែរ , ០២-ឈ្មោះ ធី សុថា ហៅ ញ៉ាញ់ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ , ០៣-ឈ្មោះ អ៊ុច សូលី​ម៉ា​ទូ​ស៊ី​ង្ស ភេទ​ប្រុស អាយុ ២០ ឆ្នាំ , ០៤-ឈ្មោះ សរ ដេវីត ហៅ សេម ភេទ​ប្រុស អាយុ ១៨ ឆ្នាំ , ០៥-ឈ្មោះ ស្រ៊ី គីម​សៀ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ , ០៦-ឈ្មោះ នឿន វាសនា ភេទ​ប្រុស អាយុ ២០ ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៦ នាក់ រួម​ទាំង​វត្ថុតាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យក​ទៅ​សួរនាំ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម