Connect with us

សន្តិសុខសង្គម

៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត១ពាន់នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយមានការថយចុះបើធៀបឆ្នាំមុន

បានផុស

នៅ

ក្នុងរយៈពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប៩៧៤នាក់។ ចំនួននេះបើធៀបនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ២០២៥ ថយចុះ ១៣ករណី ខណៈជនបង្កថយចុះ១១៥នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ ក្នុងចំណោមក្មេងទំនើងជិត១ពាន់នាក់នោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន ៥៤១នាក់។ ចំពោះជនបង្ក៤៣៣នាក់ទៀត ត្រូវបានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា កន្លងទៅ បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាផ្លូវច្បាប់ដើម្បីបញ្ជូនក្រុមក្មេងទំនើងដែលបង្កការអុកឡុកសង្គម ឱ្យទៅបម្រើការងារនៅសមរភូមិមុខ ដើម្បីឱ្យពួកគេដឹងថាជីវិតកងទ័ព និងនគរបាលការពារព្រំដែន ដែលមួយចំនួនក៏ជាយុវជនដូចគ្នានោះ កំពុងធ្វើពលិកម្ម និងប្រឈមគ្រោះថ្នាក់អ្វីខ្លះ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។

ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ឱ្យអាជ្ញាធរ និងកម្លាំងនគរបាលជាតិ បន្តអនុវត្តវិធានការបង្ក្រាបក្រុមក្មេងទំនើង ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយមកលើជនបង្កឡើយ។

អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាល់សកម្មភាពក្មេងទំនើងដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវតែចាត់វិធានការច្បាប់ភ្លាមៗ និងគ្មានការលើកលែង ដើម្បីរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស គឺការធានាឱ្យបាននូវប្រសិទ្ធភាពនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម