សន្តិសុខសង្គម
មន្ត្រីសាធារណការព្រួយបារម្ភពីកំណើនអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅបុណ្យចូលឆ្នាំខ្មែរខាងមុខ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីការព្រួយបារម្ភពីកំណើននៃអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ដែលអាចមានការកើនឡើងខ្ពស់ខណៈគ្រាន់តែរយៈពេល១សប្តាហ៍នៃខែមេសានេះ មានអ្នកស្លាប់ប្រមាណជិត៥០នាក់។

ក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “យល់ដឹងអំពីការប្រើប្រាស់ទ្រូងផ្លូវ ចន្លោះសុវត្ថិភាព និងគំនូសសញ្ញាចរាចរណ៍” កាលពីថ្ងៃទី០៨មេសា លោកស្រីមឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍របស់រាជរដ្ឋាភិបាលនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដោយហេតុថា គ្រាន់តែក្នុងរយៈពេល៧ថ្ងៃដើមខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់៤៧នាក់។

យ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់ពីមូលហេតុនាំឱ្យមានអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូល្នាំខ្មែរកើនឡើងនោះទេ។ប៉ុន្តែការកើនឡើងនេះអាចបណ្តាលមកពីនៅឆ្នាំនេះរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញឱ្យមានភាពអធិកអធមដោយសារអត្រាឆ្លងជំងឺកូវីដ១៩មានការថយចុះបន្ទាប់ពីបានខកខានអស់រយៈពេល២ឆ្នាំជាប់ៗគ្នាដោយសារការរាតត្បាតជំងឺកូវីដ១៩។
បន្ទាប់ពីមានការបើកពិធីបុណ្យចូលឆ្នាំឡើងវិញនេះនៅតាមរាជធានីខេត្តក៏ដូចជាតាមសាលារៀនានាបានរៀបចំពិធីសង្គ្រានឆ្នាំថ្មីដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនិងបង្កលក្ខណៈសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើឱ្យការធ្វើចរាចរណ៍នៅតាមដងផ្លូវនានាទូទាំងប្រទេសមានភាពមមាញឹកខ្លាំងដោយសារប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅលេងនៅស្រុកកំណើតនិងនៅតាមរមណីដ្ឋាននានាទូទាំងប្រទេសច្រើន។
លោកស្រីមឹន មាណវី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋពាក់មួក សុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងពេលធ្វើដំណើរតាមដងផ្លូវ ទោះបីធ្វើដំណើរជិត ឬឆ្ងាយក្តី មិនត្រូវបើកបរលើសល្បឿនកំណត់ដោយច្បាប់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវ គោរពសិទ្ធិអាទិភាព គោរពស្លាកសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត កុំបត់ ឬវ៉ាជែងដោយប្រថុយប្រថាន ត្រូវពិនិត្យស្ថានភាពបច្ចេកទេសយានយន្ត ឱ្យបានទៀងទាត់ ហាមផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់សម្រាប់រថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុក អ្នកដំណើរ ឬកម្មករនៅលើដំបូលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ។

លោកស្រីសំណូមពរសុំឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់យោគ យល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងការ ប្រឈមចំពោះផ្លូវច្បាប់ គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិត ខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ការពារទ្រព្យសម្បត្តិរបស់បងប្អូន និងរួមគ្នាលើក កម្ពស់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិយើងផងដែរ។
លោកស្រីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់ រូបចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមក នូវសុវត្ថិភាព និងសេចក្តីសុខសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ លោកស្រីមឹន មាណវី បានមានប្រសាសន៍ថាក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានប្រមាណជាង២០ភាគរយ ជាអ្នកប្រើម៉ូតូ ក្នុងនោះមានជាង៧០ភាគរយ មិនបានពាក់មួកសុវត្ថិភាព។
លោកស្រី មឹន មាណវី បានបញ្ជាក់ថា គ្រាន់តែក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៩៣នាក់ ក្នុងនោះអ្នកប្រើម៉ូតូ៤០៣នាក់ ហើយមិនពាក់មួកសុវត្ថិភាព២៩៧នាក់។
លោកស្រី មានប្រសាសន៍ថា អ្នកប្រើប្រាស់មធ្យោបាយតាមម៉ូតូនៅតែប្រឈមមុខខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងចំណោមគ្រោះថ្នាក់ដែលបង្កឡើងដោយកត្តាផ្សេង។ យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយ បានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ អាចកាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរបាន៦៩ភាគរយ និងបញ្ចៀសការស្លាប់បាន៤២ភាគរយ៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន