សន្តិសុខសង្គម
អតីតយោធាដែលបាញ់សម្លាប់គូដណ្ដឹងជានិស្សិតពេទ្យ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយចាប់ខ្លួននៅថៃ
ភ្នំពេញ ៖ អតីតមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចខ្លួនអស់ជាង២ឆ្នាំ ដែលត្រូវចាប់បាននៅប្រទេសថៃនោះ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីធ្វើការសួរនាំ និងបន្ដនីតិវិធី ក្រោយទទួលបានពីភាគីថៃ។
ក្រោយបញ្ចប់ការសួរនាំ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) អាយុ២៨ឆ្នាំ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្ដតាមនីតិវិធី នឹងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ប្រតិបត្តិការកន្លងមកនេះ ធ្វើឡើងដោយកម្លាំងជំនាញរបស់នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំ វណ្ណវីរៈ ប្រធាននាយកដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយសហការជាមួយសមត្ថកិច្ចថៃ ស្រាវជ្រាវជាបន្ដបន្ទាប់នៅពេលជនដៃដល់រត់គេចខ្លួនពីមួយកន្លែង ទៅមួយកន្លែងនៅប្រទេសថៃ។
សូមរំលឹកថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់ទទួលជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។

ជនសង្ស័យមានឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) ភេទប្រុស អាយុ២៨ឆ្នាំ ជាប់សង្ស័យពីបទប្រព្រឹត្តិអំពើឃាតកម្ម ទៅលើជនរងគ្រោះជាគូដណ្ដឹង (ជានិស្សិតពេទ្យ) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ នារីខាងលើរងរបួស ត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង បណ្តាលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងកាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារស្ដ្រីរងគ្រោះខាងលើ គឺជាគូដណ្ដឹងរបស់នាង ដែលពួកគេទើបនឹងភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុនកើតហេតុ ហើយប្រភពព័ត៌មានខ្លះទៀតបានអះអាងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា នៅខែមីនា ឆ្នាំ២០២០ ទៀតផង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនរុករកប្រេងលំដាប់ពិភពលោករបស់អាមេរិក ប្តេជ្ញាធ្វើការជាមួយកម្ពុជា