Connect with us

សន្តិសុខសង្គម

រឿងនាំត្រីប្រហុកពីវៀតណាម ឈ្មួញថាបានបង់​លុយឲ្យសមត្ថកិច្ច

បានផុស

នៅ


ក្រុមអ្នករកស៊ីនាំត្រីប្រហុកមកពីប្រទេសវៀតណាមចូលភូមិសាស្ត្រទឹកដីខេត្តតាកែវ និងចែកចាយបន្តលើកឡើងថា ពួកគាត់ត្រូវតែបង់លុយយ៉ាងហោចណាស់៣០ម៉ឺនរៀលក្នុងមួយរថយន្តសាំងយ៉ុងទៅឲ្យលោក ជា សំបូរ ស្នងការរងទទួលផែនសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្រាប់អ្នកដែលរកស៊ីដឹកត្រីប្រហុកម្តងម្កាល តែបើអ្នកដឹកប្រចាំថ្ងៃ ដូចជាឈ្មោះ ងៀ គឺបង់ទៅលោកស្នងការរងតែ១០ម៉ឺនរៀលទេក្នុងមួយរថយន្តសាំយ៉ុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបន្តថា ឈ្មោះ ងៀ នាំត្រីប្រហុកមកម្តងៗ១០តោនទាំងថ្ងៃម៉ោង១២ដល់ផ្ទះចែកចាយហើយ គឺមិនខ្លាចសមត្ថកិច្ច ឬជំនាញណានោះឡើយ គឺគាត់អាងលោក ជា សំបូរ ជាអ្នកកាង។ ហើយដែលបែករឿង គឺកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោកស្នងការរងខាងលើ បានចាប់រថយន្តដឹកត្រីប្រហុកមួយគ្រឿងទាមទាលុយ៦,៨០០,០០០៛(ប្រាំមួយលានប៉ែតសិបម៉ឺន) តែមិនត្រូវរ៉ូវគ្នាទើបធ្លាយរឿងយ៉ាងនេះទៅ។

ជុំវិញការលើកឡើងខាងលើនេះ លោក ជា សំបូរ ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា លោកមិនពាក់ព័ន្ធដូចករណីដែលលើកឡើងខាងលើនេះទេ។ ដោយឡែកក្រុមការងារតាមដានព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្តីបំភ្លឺដែរថា ក្រោយមានការចុះផ្សាយមានឈ្មួញនាំចូលត្រីប្រហុកពីវៀតណាម ចូលភូមិសាស្ត្រខេត្តតាកែវ លោកឧត្តមសសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាមន្ត្រីជំនាញ នៃការិយាល័យប្រឆាំងបទល្មើសេដ្ឋកិច្ច ចុះសហការជាមួយមន្ត្រីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ(កបប) ស្រាវជ្រាវតាមដានជាប្រចាំជាពិសេសនៅតាមច្រកព្រំដែននានាក្នុងភូមិសាស្ត្រស្រុកគិរីវង់ ស្រុកបូរីជលសារ ស្រុកអង្គរបូរី ស្រុកកោះអណ្តែត និងស្រុកទ្រាំង ដើម្បីត្រួតពិនិត្យរកបទល្មើសខាងលើ ក៏ដូចជាធ្វើការតេស្តស្វែងរកសារធាតុហាមឃាត់ ដែលដាក់លើម្ហូបអាហារនាំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម