សេដ្ឋកិច្ច
រដ្ឋមន្ត្រីអះអាង ផលត្រីកើនឡើង ជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់មន្ត្រី
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ផលត្រីបានកើនឡើងនៅឆ្នាំ ២០២៤ នេះ ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រី។

លោករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផលឆ្នាំ២០២៤ នៅថ្ងៃទី ២៥ ខែធ្នូ នេះថា៖ «រាល់ឆ្នាំ នៅពេលរដូវដាយត្រី យើងតែងតែដាក់មើលថាបើសិនជាផលយើងចាប់បានពីការចល័តនេះច្រើន មានន័យថាផលត្រីកើនច្រើន អញ្ចឹងឆ្នាំនេះ មើលឃើញជាក់លាក់ ផលត្រីកើនច្រើន ទាំងអស់នេះ គឺជា ភោគផលនៃការខំប្រឹងប្រែងរបស់យើង មួយឆ្នាំកន្លងទៅ ប៉ុន្តែមិនមែនតែមួយឆ្នាំទេ គឺច្រើនឆ្នាំហើយតាមពិត ហើយការងារវិស័យកសិកម្ម ដូច្នេះឯង វិនិយោគយូរអង្វែង ចង់បានផ្លែឈើមួយដាំពីគ្រាប់ទៅ ចាំបួនប្រាំឆ្នាំ ជលផលក៏ដូចគ្នា យើងចាប់ផ្ដើមថែរក្សា ការពារ ផលផ្ដល់ឱ្យយើងមើលឃើញជាក់ស្ដែង»។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជលផល ជាពិសេសការងារអភិរក្សធនធានជលផល និងធនធានកម្រទឹកសាប និងសមុទ្រ រហូតទទួទលបានលទ្ធផលជាវិជ្ជមាន តាមរយៈការវិលត្រលប់មកវិញនូវអណ្តើកហ្លួង ផ្សោតទន្លេមេគង្គ ផ្សោតឃ្លៀច ផ្សោតផ្កាឈូក ជ្រូកទឹកជាដើម ដែលសុទ្ធសឹងតែជាធនធានជលផលកម្រ និងខ្លះកំពុងរងគ្រោះជិតផុតពូជ។

លោករដ្ឋមន្ត្រីបានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត។
បើតាមលោករដ្ឋមន្ដ្រី រដ្ឋបាលជលផលត្រូវស្វែងយល់ និងកំណត់ទិសដៅ ពីដំណាក់កាលនីមួយៗឱ្យបានច្បាស់លាស់ និងត្រូវចេះច្នៃប្រឌិត ក្នុងគោលដៅជួយលើកកម្ពស់ប្រជានេសាទ ឱ្យមានហូបគ្រប់គ្រាន់តាមរយៈការធ្វើនេសាទ និងមានបានតាមរយៈការជំរុញការងារវារីវប្បកម្ម ព្រមទាំងអាចកែច្នៃផលិតផល ប្រកបដោយគុណភាពល្អ មានអនាម័យ សុវត្ថិភាព និងមានតម្លៃបន្ថែមខ្ពស់។
ពាក់ព័ន្ធនឹងការងារចុះបង្ក្រាប លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានាទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ ដោយត្រូវធ្វើការណែនាំដល់ប្រជានេសាទ ផ្លាស់ប្តូរទម្លាប់មកជាការនេសាទស្របច្បាប់ មានការកំណត់ឧបករណ៍ត្រឹមត្រូវ យល់ដឹងពីការព្រលែងនូវប្រភេទសត្វកម្រ និងការនេសាទឆ្ងាយពីតំបន់ត្រីមេពូជ ដើម្បីនិរន្តរភាពធនធានជលផល និងជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ត្រូវយកចិត្តទុកដាក់ជំរុញការងារវារីវប្បកម្ម កៀរគរគម្រោង និងវិស័យឯកជន ចូលរួមវិនិយោគ ដោយសហការផ្តល់ជំនួយបច្ចេកទេស សំដៅដល់ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ ការងារធាតុចូលជលផល និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធនានា។
ការថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានច្បាស់លាស់ត្រឹមត្រូវ ពង្រឹងនូវខ្សែចង្វាក់តម្លៃដោយផ្សាភ្ជាប់ជាមួយវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទីតាំងម្ហូបអាហារនានា ក៏ជាការងារសំខាន់ដែលរដ្ឋបាលជលផលត្រូវយកចិត្តទុកដាក់៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


