Connect with us

កីឡា

កម្ពុជា បង្កើត​​កំណត់​ត្រា​ ឈ្នះ​មេដាយ​លើក​ដំបូង​ក្នុង​កីឡា​យុវជន​ទ្វីប​អាស៊ី

បានផុស

នៅ

កីឡាករ​យុវជន​ជម្រើស​ជាតិ​កម្ពុជា ភុក ដានីញែល ទទួល​បាន​មេដាយ​សំរិទ្ធ ១ គ្រឿង លើ​ប្រភេទ​កីឡា​បញ្ចស៊ីឡាត់ ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​ទ្វីប​អាស៊ី លើក​ទី​៣ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ភុក ដានីញែល បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​ជួប​កីឡាករ​ឥណ្ឌូណេស៊ី Habbil Furgon Winata ដែល​ជា​ម្ចាស់​ក្បាច់​គុន​លើ​ប្រភេទ​កីឡា​បញ្ចស៊ីឡាត់​នេះ  ហើយ​បាន​ចាញ់ ដើម្បី​ទទួល​បាន មេដាយសំរិទ្ធ ១ គ្រឿង ​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៥៥​គីឡូក្រាម។

នេះ​ជា​មេដាយ​លើក​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ក្នុង​កីឡា​យុវជន​ទ្វីប​អាស៊ី បន្ទាប់​ពី​ធ្លាប់​ចូល​រួម​ប្រកួត​ពីរ​លើក​កន្លង​មក​មិន​ធ្លាប់​ទទួល​បាន​មេដាយ​។ លើក​ទី១ ឆ្នាំ​២០០៩ នៅ​ប្រទេស​សិង្ហបុរី កម្ពុជា បាន​បញ្ជូន​អត្តពលិក​ចូល​រួម​ប្រកួត​ចំនួន ៣ នាក់ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ ហើយ​លើក​ទី​២ ​ឆ្នាំ ២០១៣ នៅ​ប្រទេស​ចិន កម្ពុជា បាន​បញ្ជូន​អត្តពលិក​ ២ នាក់​ចូល​រួម​ប្រកួត​ហើយ​ក៏​មិន​ទទួល​បាន​មេដាយ​ណា​មួយ​ដែរ។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​ យុវជន​ទ្វីប​អាស៊ី លើក​ទី​៣ នៅ​ប្រទេស​បារ៉ែន កម្ពុជា បាន​បញ្ជូន​កីឡាករ កីឡាការិនី​ច្រើន​បំផុត​រហូត​ដល់ ៥៥​នាក់ លើ​១៤​ប្រភេទ​កីឡា​ចូល​រួម​ប្រកួត។ ដំណើរ​ការ​ប្រកួតឈាន​ចូល​ថ្ងៃ​ទី​២ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​តុលា​ កម្ពុជា រក​បាន​មេដាយជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ដោយ​យុវជន​ ភុក ដានីញែល។

កម្ពុជា​រំពឹង​រក​បាន​មេដាយ​បន្ថែម​ទៀត ដោយសារ​មាន​កីឡា​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​ត្រូវ​ប្រកួត​ជា​បន្ត​បន្ទាប់ដូច​ជា កីឡាគុន​ខ្មែរ ចំបាប់ ឬ​ជឺជីតស៊ូ​ជា​ដើម។

ការ​ចូល​រួម​ទ្រទ្រាយ​ធំ​របស់ កម្ពុជា ក្នុង​ព្រឹត្តិការណ៍​លើក​ទី​៣​នេះ លើស​ពី​ការ​ប្រកួត​ដើម្បី​ដណ្តើម​មេដាយ។ កម្ពុជា​បាន​បញ្ជូន​ក្រុម​ការងារ និង​អ្នក​ជំនាញ​ទៅ​សិក្សា​ស្វែង​យល់​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ ២០២៩ ដែល​កម្ពុជាទទួលភារកិច្ច​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​​កីឡា​យុវជន​ទ្វីប​អាស៊ី​​ដែល​មាន​រយៈ​ពេល ៤ ឆ្នាំ​ម្តង​នេះ។ ក្នុង​នោះ​មាន​តារា​សិល្បៈ​ប្រមាណ ៤៥​នាក់​ត្រូវ​សម្តែង និង​បង្ហាញ​ពី​សក្តានុពលរបស់​កម្ពុជា​ក្នុង​ពិធី​បិទ​ដើម្បី​ទទួល​យក​ទង់​ជា​ផ្លូវ​ការ​មក​កាន់​កម្ពុជា​សម្រាប់​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ម៉ត់​ចត់​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ខាង​មុខ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម