Connect with us

កីឡា

ខ្សែប្រយុទ្ធ Patrick ថា ការ​ប្រកួត​នៅ​សិង្ហបុរី​យប់​មិញរីក​រាយ​បំផុត

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ Patrick Robson ស៊ុត​បាន ២ គ្រាប់​ម្នាក់ឯង​ជួយ​ឲ្យ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​ Lion City Sailors ដោយ​លទ្ធផល ២-០ នា​​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​ប្រទេស​សិង្ហបុរី ក្នុង​ពាន​រង្វាន់ ASEAN Club Championship វគ្គ​សន្សំពិន្ទុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការ​ប្រកួត​ថា រូប​គេ​ពិត​ជា​សប្បាយ​រីក​រាយ​បំផុត​ដែល​រក​បាន​ ២ គ្រាប់​ ទល់​នឹង​ក្រុម​ខ្លាំង ហើយ​ការ​ប្រកួត​នេះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ទែន។​

កីឡាករ Patrick បាន​និយាយ​ថា ៖«ពួក​យើង​លេង​បាន​ល្អ​ថ្ងៃ​នេះ ហើយ​នៅ​តង់​ទី​ពីរ ខ្ញុំ​រក​បាន ២ គ្រាប់។ ពិត​ជា​ល្អ​ណាស់​ ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​មែន​ទែន​ដែល​បាន​ក្លាយ​ជា​​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​លើក​ទី​២។ ល្អ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ»។

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​តាំង​ពី​ចាប់​ផ្តើម​រហូត​ដល់​ចប់​ការ​ប្រកួត​។ ទាំង​វគ្គ​ទី១ និង​វគ្គ​ទី២ ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ​បាន​គ្រប់​គ្រង​បាល់​ភាគ​ច្រើន ដាក់​សម្ពាធ និង​បង្កើត​ឱកាស​ច្រើន​លើ​ក្រុម​ម្ចាស់​ផ្ទះ Lion City Sailors ដែល​ជា​ក្រុម​លេង​កម្រិត​ពាន​ទី២​ប្រចាំ​ទ្វីប​អាស៊ី។

២គ្រាប់​របស់​កីឡាករ Patrick រក​បាន​នៅនាទី​៥១ និង ៦៤។ ចំណែក​ក្រុម​ម្ចាស់​ផ្ទះ​វិញ​បានសម្រុក​លើ​ក្រុម​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ភាគ​ច្រើន​នៅ​ចុងម៉ោង ហើយ​ក៏​មាន​ឱកាស​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំ​ទី វិរៈ ដារ៉ា សង្គ្រោះ។

នេះ​ជា​លើក​ទី​ ២ ដែល​កីឡាករ Patrick ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត បន្ទាប់​ពី​លើក​ទី១ ទទួល​បាន​នៅ​ពេល ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​ក្រុម Shan United ដោយ​លទ្ធផល ៣-០ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ ក្នុង​ពាន​រង្វាន់ ASEAN Club Championship។

ទោះ​បី​ជា​ទទួល​បាន​ជ័យជម្នះ​មែន ប៉ុន្តែ​ព្រះ​ខ័ន​រាជ​ស្វាយរៀង អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ ដោយសារ​ក្រុម​របស់ ម៉ាឡេស៊ី Johor Darul Tazim និង ក្រុម​របស់វៀតណាម Nam Dinh មាន​ពិន្ទុ​ច្រើន​ជាង​បាន​ឡើង។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ចុង​ក្រោយ​ជា​មួយ​ក្រុម​របស់​ថៃ Bangkok United ប៉ុន្តែ​មិន​ទាន់​ច្បាស់​ពី​កាល​បរិច្ឆេទ​ឡើយ៕

អត្ថបទ៖ វិរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម