សែត សារឹត ធ្វេសប្រហែសរឿងទម្ងន់ ខណៈជើងចាស់ផល សោភ័ណ្ឌ ចាញ់ជើងថ្មីសកល វី សុភ័ស ដោយសារខានវ៉ៃយូរ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

សែត សារឹត ធ្វេសប្រហែសរឿងទម្ងន់ ខណៈជើងចាស់ផល សោភ័ណ្ឌ ចាញ់ជើងថ្មីសកល វី សុភ័ស ដោយសារខានវ៉ៃយូរ

បានផុស

នៅ

កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ទូច ដេវីត បានវាយឈ្នះដោយពិន្ទុលើកីឡាករ សែត សារឹត មកពី​សមាគម​កីឡាប្រដាល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ប្រា​ក់លាន លើ​ប្រភេទ​ទម្ងន់ ៦៣,៥០០​គីឡូក្រាម «Ultimate Boxing Champion ship 2021» កាលពី​យប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១ នៅ​សង្វៀន​នាយកដ្ឋានអង្គរក្ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សែត សា​រឹត ចាញ់ ទូច ដេវីត ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ប្រកួត​គ្នា​បី​ទឹក​ពេញ​នោះ។ ​អ្នក​ប្រដាល់​សាកល​រូបនេះ បាន​និយាយ​ឲ្យ​ដឹងថា “​ការប្រកួត​ជាមួយនឹង​ទូច​ដេវីត ប្រកួត​ដណ្ដើម​ប្រាក់​លាន​នេះ គឺ​បណ្តាលមកពី​ខ្ញុំ​ធ្វេសប្រហែស គឺ​ខ្ញុំ​ចាញ់​ដោយសារ​ការធ្វេសប្រហែស​អំពី​បញ្ហា​ទម្ងន់ ដែល​ព្រឹក​មិញ​ពេល​ថ្លឹង គឺ​ទម្ងន់​របស់ខ្ញុំ​លើស​ច្រើន ដូច្នេះ​ទាមទារ​ត្រូវ​ធ្វើការ​សម្រក​ដើម្បី​ឲ្យ​មក​នៅត្រឹម​ទម្ងន់​ស្មើគ្នា​គឺ 63 kg 500 ដែល​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​ហ្នឹង​គឺ​រាង​ចុះខ្សោយ​កម្លាំង​ច្រើន​ល្អ ហើយ​ដល់​ការប្រកួត​នា​រសៀល ធ្វើ​ឲ្យ​កម្លាំង​របស់ខ្ញុំ​ធ្លាក់ចុះ​។​យ៉ាងណា សា​រឹត ថា និយាយ​ពី​សមត្ថភាព គឺ​ពួកយើង​ គឺ​ប្រហាក់ប្រហែលគ្នា​ទេ ព្រោះថា​ធ្លាប់​ហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ជាមួយគ្នា យើង​ដឹង​ពី​សមត្ថភាព​គ្នា​រួចហើយ ដេវីត​មិន​ងាយ​ស៊ី​គេ​បានឡើយ បើ​កម្លាំង​ខ្ញុំ​មិន​ធ្លាក់​ចុះខ្សោយ​ក្នុងពេល​ប្រកួត​នោះ ” ។​

​ដោយឡែក ផល សុ​ភ័​ណ្ឌ ដែលជា​ជើង​ខ្លាំង​គុន​ខ្មែរ បាន​វ៉ៃ​ចាញ់​ជើង​ថ្មី​ប្រដាល់​សាកល វី សុ​ភ័ស ក្នុងនាម​គូ​ឯក​ប្រដាល់​សាកល​ជើងឯក​«Ultimate Boxing Champion ship 2021» លើ​ប្រភេទ​ទម្ងន់ ៦៤​គីឡូក្រាម ។​

​សម្រាប់​ការ​ចាញ់​នេះ ផល សោ​ភ័​ណ្ឌ​បានបញ្ជាក់​ឲ្យ​ដឹងថា “ សម្រាប់​លទ្ធផល​ការប្រកួត​លើក​នេះ លោក​បាន​ទទួលស្គាល់ថា វី សុ​ភ័ស​មានការ​ជឿនលឿន​ជាង​មុន ហើយ​ណាមួយ​គេ​នៅ​ក្មេង​ជាង​លោក ”​។ អ្នក​ប្រដាល់​ជើង​ខ្លាំង​រូបនេះ បញ្ជាក់ទៀតថា “​លោក​បាន​អាក់ខាន​ហ្វឹកហាត់​វ៉ៃ​សាកល​នេះ​យូរហើយ ម្ល៉ោះហើយ​ការហ្វឹកហាត់​ឡើងវិញ​ប្រមាណ​៧​ថ្ងៃ​មកនេះ វា​មិន​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​ជាមួយ​ជម្រើសជាតិ​(​វី សុ​ភ័ស​)​នេះឡើយ ដោយសារ​ក្នុងការ​ប្រកួត​នេះ លោក​មាន​ចលនា​យឺត​ជាង​មុន​និង​ចុះខ្សោយ​ធ្លាក់​កម្លាំង​ស៊ុ​ហ្វ​ជាង​មុន​”​។​

​ទោះជា​យ៉ាងណា វី សុ​ភ័ស បានបញ្ជាក់​ឲ្យ​ដឹងថា “ ថ្វីត្បិតតែ​ការប្រកួត​លើក​នេះ ឈ្នះ​ផល សោ​ភ័​ណ្ឌ ប៉ុន្តែ​ជាការ​ប្រកួត​មួយ​ដ៏​ស្វិតស្វាញ​និង​តានតឹង​បំផុត ” ។​

​ពាក់ព័ន្ធ​នឹង​ការប្រកួត​រវាង​ផល សោ​ភ័​ណ្ឌ និង វី សុ​ភ័ស នេះ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​បញ្ជាក់ថា “ វី សុ​ភ័ស មានការ​ហ្វឹកហាត់ ជឿនលឿន​និង​មាន​សមត្ថ​ភាពកើនឡើង​ជាង​មុន​ច្រើន​។ ​ដូច្នេះហើយ​ទើប​សុ​ភ័ស អាច​យកឈ្នះ​លើ​ផល សោ​ភ័​ណ្ឌ ដែលជា​ជើងចាស់​គុន​ខ្មែរ​បាន ” ។​

​អគ្គលេខាធិការ​សហព័ន្ធ ប្រដាល់សកល​កម្ពុជា​រូបនេះ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ”​នៅពេល​ខាងមុខ សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ប្រដាល់សកល​ឲ្យ​បាន ៤​ទឹក ទៅ ៦​ទឹក ដើម្បី​បង្កើន​សមត្ថភាព​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ សម្រាប់​ត្រៀម​ប្រកួត​នៅក្នុង​ស៊ី​ហ្គេម ២០២២ នៅ​វៀតណាម “ ។​

​សូមបញ្ជាក់ថា គូ​ឯក​ប្រចាំ​សប្តាហ៍​ទី​៣ លើ​ប្រភេទ​ទម្ងន់ ៦៤​គីឡូក្រាម គឺ​កីឡាករ​ជម្រើសជាតិ វី សុ​ភ័ស បាន​យកឈ្នះ​កីឡាករ ផល សុ​ភ័​ណ្ឌ ដោយ​ពិន្ទុ ខណៈ​លទ្ធផល​គូ​ពិសេស​ប្រចាំ​សប្តាហ៍​នេះដែរ គឺ​កីឡាករ ឈុន ប្រាក់​កាក់ បាន​ប្រកួត​ចាញ់​កីឡាករ ថា រី​វ៉ា ដោយ​ពិន្ទុ លើ​ទម្ងន់​៤៩​គីឡូក្រាម​។ រីឯ​គូ​ពិសេស ទម្ងន់ ៦៣.៥​គីឡូក្រាម កីឡាករ ស៊ឹម ពិសិដ្ឋ បាន​យកឈ្នះ​កីឡាករ រឿ​ម វណ្ណៈ ដោយ​ពិន្ទុ​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា គូសបញ្ជាក់​ក្រោយ​បញ្ចប់​ការប្រកួត​នេះ​ថា សម្រាប់​ការរៀបចំ​ការប្រកួត​នេះ គឺ​យើង​សង្កេតឃើញថា​ មាន​ភាព​ទាក់ទាញ​ក៏ដូចជា​មានការ​គាំទ្រ​កាន់តែច្រើន​ពី​១​សប្ដាហ៍ ទៅ​១​សប្តាហ៍​។ តាមពិត​នៅ​សប្តាហ៍​នេះ យើង​ត្រៀម​រៀបចំ​២​គូ​សម្រាប់​គូ​ដណ្តើម​ប្រា​ក់លាន ប៉ុន្តែ​ដោយសារ​កីឡាករ ម៉ាង ព្រហ្ម​ម៉ាញ មាន​បញ្ហា​សុខភាព ទើប​ពន្យារពេល​ទៅ​សប្តាហ៍​ទី​៤​វិញ​។ ដូច្នេះ វី សុ​ភ័ស នឹង​ឡើងមក​ប្រកួត​ជាមួយ ម៉ាង ព្រហ្ម​ម៉ាញ នៃ​គូ​ដណ្តើម​ប្រា​ក់លាន​»​នា​សប្តាហ៍​ទី​៤ ថ្ងៃទី​២៤​ខែតុលា ខាងមុខ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services