Connect with us

កីឡា

កីឡាអុកចត្រង្គ ត្រៀមស៊ីហ្គេម ២០២៣ ក្រោយជោគជ័យការធ្វើម្ចាស់ផ្ទះ​ជើងឯកអាស៊ាន

បានផុស

នៅ

​ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ាន ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយចំណាយពេលរៀបចំ និងប្រកួតជិត ១សប្ដាហ៍នៅរាជធានីភ្នំពេញ ដោយមានប្រទេសជាសមាជិកអាស៊ានចូលរួម ខណៈក្រោយបញ្ចប់ កីឡាអុកចត្រង្គ រំពឹងថា នឹងរៀបចំស៊ីហ្គេម ២០២៣ ដោយរលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើង​ឯកអាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) លើកទី១ ឆ្នាំ២០២៣ ដែលប្រព្រឹត្ត​ទៅដោយជោគជ័យ ហើយឯកឧត្តមសង្ឃឹមមុតមាំថា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ាន ឆ្នាំ២០២៣ មាន ៥ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ ស្របតាមគោលការណ៍របស់គណៈកម្មាធិការជាតិ CAMSOC ដែលបានដាក់ចេញនូវផែនការយុទ្ធ​សាស្ដ្រឱ្យប្រភេទកីឡាទាំងអស់ មានការប្រកួតលក្ខណៈអន្ដរជាតិឱ្យបានច្រើន ពិសេសប្រភេទកីឡាប្រពៃណី ដើម្បីដកស្រង់បទពិសោធន៍ និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ មុនការប្រកួតស៊ីហ្គេម មកដល់ ។

ចំពោះការចូលរួមការប្រកួតអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍នេះ លោកមានប្រសាសន៍ថា៖ «ក្នុងធម្មនុញ្ញស៊ីហ្គេម ធ្វើម៉េចឱ្យតែមាន ៤ប្រទេសឡើងទៅ អាចរៀបចំការប្រកួតបានហើយ តែការប្រកួតនេះ យើងមាន៥ប្រទេស អ៊ីចឹងការចូលរួមនេះ គឺជាជោគជ័យមួយ សម្រាប់ការប្រកួតលក្ខណៈអន្ដរជាតិលើកដំបូង ក្នុងប្រភេទកីឡា​ប្រពៃណីរបស់យើង ហើយនេះគឺជាមោទនភាពសម្រាប់ខ្មែរ និងជាមោទនភាព ចំពោះដូនតាខ្មែរ ដែលបង្កើតនូវអុកចត្រង្គ មានប្រវត្តិដ៏យូរលង់ ជាក់ស្ដែងការឆ្លាក់លើជញ្ជាំងប្រាសាទនានា ដូចជាប្រាសាទអង្គរវត្តជាដើម» ។

លោក វ៉ាត់ ចំរើន បន្ថែមថា ក្រៅពីការប្រកួត សហព័ន្ធបានចែករំលែកបទពិសោធន៍ និងបទបញ្ជាបច្ចេកទេស ដែលជំរុញឱ្យបណ្ដាប្រទេសចូលរួមទាំងអស់ គោរពបាននូវបទបញ្ជាប្រកួតយ៉ាងល្អប្រសើរ។ លោកថា៖ «ប្រទេស​ភាគច្រើន បានយល់ដឹងពីរបៀបលេងអុកចត្រង្គរបស់យើង។ យើងដឹងហើយថា ថៃ មីយ៉ាន់ម៉ា និងឡាវ គឺមានអុក​ចត្រង្គត្រដៀងៗគ្នា គ្រាន់តែបទបញ្ជាខុសគ្នាបន្ដិចៗ រីឯយុទ្ធសាស្ដ្រ និងរបៀបលេង គឺអត់សូវខុសគ្នាទេ។ ប៉ុន្តែយើងឆ្ងល់ វៀតណាម គាត់មិនសូវយល់ដឹងពីការលេងនេះទេ គ្រាន់តែគាត់ស្រាវជ្រាវតាម​ឯកសារយើងផ្ដល់ឱ្យក្នុង​រយៈពេលខ្លី តែពួកគាត់លេងបានយ៉ាងល្អ»។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានសង្កត់ធ្ងន់ថា៖ «តាមការពិនិត្យមើលទៅ យើងកាន់តែធ្វើឱ្យប្រភេទកីឡា​អុកចត្រង្គរបស់យើងនេះ ជ្រួតជ្រាបទៅកីឡាករ កីឡាការិនីបណ្ដាប្រទេសផ្សេងៗបានល្អ។ អ៊ីចឹងយើងសង្ឃឹមថា ការធ្វើតេស្ដការប្រកួតនៅពេលនេះ គឺជាសញ្ញាណដ៏ល្អមួយ សម្រាប់យើងធ្វើការប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា​អុកចត្រង្គរបស់យើងនេះ នឹងអាចរៀបចំការប្រកួតបានដោយជោគជ័យ» ។

សម្រាប់ព្រឹត្តិការណ៍ SEA OUK CHAKTRANG Championship 2023នេះ បានដំណើរការប្រកួត​រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែមករា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមាន៦វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេស គឺម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៣ ខណៈវៀតណាម ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស២ ប្រាក់ ៣ និងសំរឹទ្ធ ២ និងមីយ៉ាន់ម៉ា ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង គឺមានមេដាយមាស ១ និងសំរឹទ្ធ ២ រីឯថៃ ឈរលេខ៤ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ តែឡាវ ពុំទទួលបានមេដាយនោះទេ៕ អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម