Connect with us

កីឡា

ចន្ថា ចន្ទាកា មានប្រវត្តិយ៉ាងណាមុនពេលលេចធ្លោនៅបឹងកេត?

បានផុស

នៅ

ខ្សែ​បម្រើ​ប្រយុទ្ធ ចន្ថា ចន្ទាកា កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​រូប​គេ​ប្តូរ​ចូល​ក្នុង​វគ្គ​ទី​២ ​ជួយ​ឲ្យ​បឹងកេត​ទទួល​បាន​ជ័យជម្នះ​​លើ​ក្រុម​ខ្លាំង​វិសាខា​ដោយ​លទ្ធផល ៤-២ ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​៤ នៃ​ខេមបូឌានព្រីមៀរលីគ​២០២៣-២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ដ៏​ជក់​ចិត្ត​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ផ្ទាល់​២១៥៤​នាក់ វិសាខា បើក​ការ​នាំ​មុខ ០-១ មុន​ដោយ​កីឡាករ Janata តាម​រយៈ​ការ​ស៊ុតពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី​៣០ ប៉ុន្តែ Anderson បាន​ស៊ុត​តាម​ស្មើ ១-១នៅ​នាទី​៤២។ នៅវគ្គ​ទី​២ Pedro Eduardo ជួយ​ឲ្យ​វិសាខា​នាំ​មុខ ១-២ ជា​ថ្មី​​នៅ​នាទី​៥០។

បន្ទាប់​មក ខ្សែ​បម្រើ​ប្រយុទ្ធ ចន្ថា ចន្ទាកា ត្រូវ​បាន​ដូរ​ចូល​ជំនួស​ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ នៅ​នាទី​៦៣។ ចំណាយ​ពេល​​​លើ​ទី​លាន​បាន​ត្រឹម​តែ​៣​នាទី​ប៉ុណ្ណោះ ចន្ទាកា បាន​ស៊ុត​តាម​ស្មើ ២-២ នៅ​នាទី​៦៦។ ការ​ប្រកួត​ស្ទើរ​តែ​បញ្ចប់​ទៅ​ហើយ តារា​នាំ​សំណាង​ដដែល​បាន​ទម្លាយ​សំណាញ់​ទី​របស់​វិសាខា​ជា​លើក​ទី២​ដើម្បី​នាំ​មុខ ៣-២ នៅ​នាទី​៩០+៤ មុន​ពេល​បញ្ជូន​បាល់​ឲ្យ Golubovic ស៊ុត​ចូល១​គ្រាប់ទី៤។

វា​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ពេល ចន្ថា ចន្ទាកា ដូរ​ចូល​លេង​នៅ​វគ្គ​ទី​២​អាច​រក​បាន​២​គ្រាប់ និង​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម​បាន១​គ្រាប់​ទៀត ហើយ​ត្រូវ​បាន​អ្នក​គាំទ្រ​កោត​សរសើរ​យ៉ាង​ខ្លាំង។

ចន្ថា ចន្ទាកា បាន​រៀប​រាប់​ថា តាំង​ពី​ក្មេង​តូច​មក រូប​គេ​តែង​តែ​លេង​បាល់ទាត់​តាម​ដង​ផ្លូវ និង​ដើរ​លេង​បាល់ទាត់​ជា​មួយ​មិត្តភក្តិ​តាមភូមិ​ឃុំ​ស្ទើរ​​រាល់​ថ្ងៃ បើ​ទោះ​ជា​ថ្ងៃ​រៀន​ក៏​រូប​គេ​ចោល​សាលា​ទៅ​លេង​បាល់​ទាត់​ដែរ។ មុន​ពេល​​ទទួល​បាន​ឱកាស​លេង​នៅ​ក្លិប​​អាជីពអគ្គិសនី​កម្ពុជា​​ដើម​ឆ្នាំ​២០២០ រូប​គេ​បាន​លេង​ឲ្យ​ក្រុម​​ហ្វូត​សាល​ជា​ច្រើន​ដូច​ជា Down Town ឱម៉ាល់ មហាកា​ម្យូរ៉ា​ជា​ដើម។ រូប​គេ​ក៏​ធ្លាប់​​​ជាប់​ក្នុង​​ក្រុម​​ហ្វូត​សាល​ជម្រើស​​​​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ផង​ដែរ។

«ថ្ងៃ​មួយ​ ប្រហែល​ជា​ឆ្នាំ​២០១១ ខ្ញុំ​បាន​ទៅ​មើល​បង​ៗ​​ប្រកួត​ក្នុង​លីគ។ ពេល​នោះ​ធ្វើ​ឲ្យខ្ញុំ​មានក្តី​ស្រមៃ​ចង់​លេង​កម្រិត​អាជីព។ ខ្ញុំ​ក៏​កាន់​តែ​ខំ​ប្រឹង​លេង​បាល់ទាត់​ខ្លាំង​ឡើង ប៉ុន្តែ​ខ្ញុំ​ពិបាក​​ក្នុង​ការ​ហ្វឹក​ហាត់​ណាស់ ព្រោះ​​អ្នក​ផ្ទះ​ខ្ញុំទាំង​ម៉ាក់ ទាំង​បង​ស្រី អត់​ឲ្យ​ខ្ញុំ​លេង​បាល់ទេ។ ពួក​គាត់​ខ្លាច​ខ្ញុំ​មាន​របួស​បាក់​ដៃ​បាក់​ជើង​​ជា​ដើម ពិសេស​ពួក​គាត់​ឲ្យ​ខំ​ប្រឹង​រៀន​សូត្រ»។ ចន្ទាកា​បាន​​ប្រាប់។

ចន្ថា ចន្ទាកា បាន​​បន្ត​ថា ៖«ប៉ុន្តែ​ពេល​ខ្លះ ខ្ញុំ​អត់​ទៅ​រៀន តែ​​ទៅ​លេង​បាល់។ មិន​មែន​ពេល​ខ្លះ​ស្ទើរ​តែ​រាល់​ថ្ងៃ​។ អាយុ​ប្រហែល​ជា​១៤​ឆ្នាំ ខ្ញុំ​​បាន​ចូល​ហ្វឹក​ហាត់​ជា​មួយ​យុវជន​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ខ្ញុំ​បាន​ដើរ​ចម្ងាយជា​ច្រើន​គីឡូ​ទៅ​ហាត់។ រឿង​ដែល​ខ្ញុំ​ចាំ​អត់​ភ្លេច​គឺ ពេលចេញ​ពី​រៀន ខ្ញុំ​​ឆ្លៀត​ទៅ​លេង​បាល់ តែ​​ម៉ាក់​​ដឹង គាត់​បាន​ទៅ​ស្តី​ឲ្យ​ រក​រឿង​ដល់​កន្លែង​លេង។ ពេល​ខ្លះ​ ខ្ញុំ​អត់​ហ៊ាន​យក​ខោវ​​ ស្បែក​ជើង​ទៅ​ផ្ទះ​ទេ​គឺយក​ទៅ​ផ្ញើ​ជា​មួយ​មិត្ត​ភក្តិ»។

ចន្ថា ចន្ទាកា ធ្លាប់​​បាន​ហ្វឹក​ហាត់​ជា​មួយ​​​​យុវជន​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ប្រហែល​ជា​កន្លះ​ឆ្នាំ ប៉ុន្តែ​​ដោយ​សារ​ចំ​ឆ្នាំ​ដែល​រូប​គេ​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ខំ​ផង​នោះ រូប​គេ​បាន​ឈប់​ពី​​​បាល់ទាត់​ប្រហែល​ជា​កន្លះ​ឆ្នាំ​ដើម្បី​ប្រឹង​សិក្សា​សម្រាប់​ប្រឡង។

បន្ទាប់​ពី​បាល​ចូល​រួម​ជា​មួយ​ក្លឹប​អគ្គិសនី​កម្ពុជា ​កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​​រាជ​ធានី​ភ្នំពេញ ចន្ថា ចន្ទាកា ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ទី​លាន​ជា​ញឹក​ញាប់​ទាំង​​ក្នុង​ការ​ប្រកួត​លីគទី​២ និង​ពាន​សម្តេច​តេជោ ហ៊ុន សែន។

ចន្ថា ចន្ទាកា ​បាន​ប្រាប់​​ថា ៖«ក្តី​ស្រមៃ​ធំ​បំផុត​របស់​ខ្ញុំគឺ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ បើ​ខ្ញុំ​​ទទួល​បាន​ឱកាស​បាន​​លេង​ឲ្យ​ជម្រើស​ជាតិ ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​ខ្ញុំ​នឹង​ខំ​ប្រឹង​ហ្វឹក​ហាត់​ដើម្បី​បាល់ទាត់​ជាតិ​យើង»។

​ក្តី​ស្រមៃ​​នោះ​បាន​លេច​ចេញ​ជា​រូប​រាង​​​ហើយ​​ពេល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​បញ្ជី​ឈ្មោះ​បឋម​​កីឡាករ​៤០​រូប​​​ ក្នុង​នោះ​ក៏​មាន​កីឡាករ ចន្ថា ចន្ទាកា ផង​ដែរ​សម្រាប់​ធ្វើ​តេស្ត​ជម្រុះ​​​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ជម្រើស​ជាតិ​បង់ក្លាដែស នា​ថ្ងៃ​ទី​២២ ខែ​សីហា​ ឆ្នាំ​២០២២ ប៉ុន្តែ​មិន​បាន​ជាប់​បញ្ចី​ចុង​ក្រោយ​។

នៅ​​ឆ្នាំ​២០២២ រូប​គេ​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​​​ជួយ​ក្រុម​​អគ្គិសនី​កម្ពុជា​យក​ឈ្នះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ​លើក​ទី​១៦។ ជា​ពិសេស​រូប​គេ​​បាន​​ជួយ​ឲ្យ​អគ្គិសនី​កម្ពុជា​ឈ្នះ​ជើង​ឯក​លីគ​កម្ពុជា​លំដាប់​ទី២។

បន្ទាប់​មក រូប​គេ​បាន​ចូល​រួម​ជា​បឹងកេត​សម្រាប់​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣-២៤ មុន​ពេល​ក្រុម​អគ្គិសនី​កម្ពុជា​ត្រូវ​បាន​រំសាយ​ចោល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការពារជាតិ ថាថៃចង់ប្រើហិង្សាលើពលរដ្ឋខ្មែរ ព្រោះឃើញខ្មែរបង់កក្រមាប៉ាក់រូបទង់ជាតិកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្អែកក្រសួងការងារនឹងនាំក្រុមហ៊ុនចុះទៅខេត្ត៥ផ្តល់ឱកាសការងារដល់ពលករទើបមកពីថៃ

កីឡា៧ ម៉ោង មុន

ចប់​ព្រឹត្តិការណ៍ ក្រុម​នារី កម្ពុជា រក​បាន​៤​ពិន្ទុ ​ពូល G ពាន​ AFC Women’s Asian Cup (រូបភាព)

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកឃួង ស្រេង ៖ អាជ្ញាធរជាអ្នកបម្រើពលរដ្ឋ ពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខជួយពួកគាត់

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នាំ២០២៥ នេះ មណ្ឌលភ្នំពេញមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងឌីប្លូមជាង១ម៉ឺន៧ពាន់នាក់ ថយចុះជាងឆ្នាំមុន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ត្រាំ​ចេញក្រឹត្យប្រធានាធិបតី​ដាក់​ឲ្យ​ប្រើច្បាប់ថវិកា​ថ្មី​ដ៏ចម្រូងចម្រាស​បំផុត​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ផែថងថាន ផ្អាកការប្រគល់វត្ថុបុរាណមកឲ្យកម្ពុជា ព្រោះបញ្ហាព្រំដែន និងក្រសួងវប្បធម៌ថៃ ខ្វះថវិកា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រដ្ឋ តិចសាស់ ប្រកាសអាសន្ន ខណៈទឹកជំនន់ដ៏អាក្រក់ សម្លាប់មនុស្សលើស២០នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ថៃ​យក​ចិត្តពលករខ្មែរ​ជិត​៥ម៉ឺន​នាក់​​​ឲ្យ​បន្តស្នាក់​នៅ​ធ្វើការ​នៅ​ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទឹកជំនន់ភ្លាមៗនៅរដ្ឋតិចសាស់ សម្លាប់មនុស្ស១៣នាក់ និង​ក្មេង​ស្រី​ជាង២០​នាក់បាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម