កីឡា
យុវជន ខេង ថុនា ទើបហាត់នៅវិសាខាកន្លះឆ្នាំទទួលបានឱកាសលេងតេជោលីគ
យុវជនវ័យ១៩ឆ្នាំ ខេង ថុនា កំពុងហ្វឹកហាត់បាល់ទះនៅក្លិបវិសាខា ស្របពេលរូបគេក៏កំពុងរៀននៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ ក្រោយពេលចប់វិទ្យាល័យ។
ខេង ថុនា បានប្រាប់ថា រូបគេចូលចិត្តលេងបាល់ទះតាំងពីកម្រិតបឋមសិក្សា និងវិទ្យាល័យដែលជាកន្លែងរូបគេធ្លាប់ចេញប្រកួតក្នុងពានបាល់ទះមហាជនកម្រិតវិទ្យាល័យ។ ការលេងនៅវិទ្យាល័យមិនសូវទទួលបានល្អប្រសើរប៉ុន្មានឡើយ ហើយក៏មិនមានគ្រូបង្វឹកបង្ហាត់បាល់ទះត្រឹមត្រូវដែរ។ ទោះបីជាយ៉ាងណាតាមរយៈក្តីស្រឡាញ់ កាយសម្បទាអំណោយផល និងមានការជំរុញពីក្រុមគ្រួសារផងនោះបានធ្វើឲ្យរូបគេកាន់តែស្រឡាញ់កីឡាបាល់ទះ។

កីឡាករកម្ពស់១.៨៨ម៉ែត្របាននិយាយថា ៖«ពីដំបូង ខ្ញុំលេងបាល់ទះធម្មតាៗ សប្បាយៗទេ តែក្រុមគ្រួសារ បងប្អូន មិត្តភក្តិបានជំរុញឲ្យខ្ញុំខំប្រឹងលើបាល់ទះ ពីព្រោះពួកគាត់ឃើញខ្ញុំមានកម្ពស់ខ្ពស់ ហើយមកពីខ្ញុំចូលចិត្តលេងបាល់ទះដែរ។ ខ្ញុំបានចាប់លេងបាល់ទះប្រហែលជាឆ្នាំ២០២០»។
កាលនៅរៀនវិទ្យាល័យ ខេង ថុនា បានលេងឲ្យក្រុមវិទ្យាល័យដោយបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាវិទ្យាល័យកាលពីឆ្នាំ២០២១ ប៉ុន្តែមិនទទួលបានល្អប្រសើរទេ។ ទោះជាយ៉ាងងណា រូបគេនៅតែលេងបាល់ទះទាំងការប្រកួតផ្លូវការ និងក្រៅផ្លូវការរហូតចប់វិទ្យាល័យ។ រូបគេបានបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ ហើយក៏បានធ្វើតេស្តជាប់ក្នុងក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់សមាគមបាល់ទះវិសាខាកាលពីខែកក្កដា ឆ្នាំ២០២៣។
ខេង ថុនា បានរៀបរាប់ថា ៖«នៅខេត្ត ខ្ញុំមិនសូវបានហ្វឹកហាត់ត្រឹមត្រូវទេ តែដល់ចូលក្លិបអាជីព មានការហ្វឹកហាត់ត្រឹមត្រូវ ការហ្វឹកហាត់ខ្លាំង ពិបាកដែរ តែខ្ញុំអាចស៊ូទ្រាំបាន។ ខ្ញុំនៅខ្វះខាតបទពិសោធ និងបច្ចេកទេស។ ខ្ញុំបានតាំងចិត្តខិតខំប្រឹងប្រែងដើម្បីឲ្យសមត្ថភាពល្អដូចកីឡាករបង»។

កីឡាករវ័យក្មេងរូបនេះបានប្រាប់ថា រូបគេពិតជាអរគុណដល់កីឡាកររៀមច្បងដែលបានជួយណែនាំ ចែករំលែកបទពិសោធ និងប្រាប់ពីចំណុចខ្វះខាតដែលធ្វើឲ្យរូបគេកាន់តែមានកម្លាំងចិត្តក្នុងការហ្វឹកហាត់។
បន្ទាប់ពីហ្វឹកហាត់ជាមួយក្រុមវិសាខាបានប្រហែលជាកន្លះឆ្នាំ ខេង ថុនា ក៏មានឈ្មោះចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទះតេជោលីគដើមឆ្នាំ២០២៤។ ទោះបីជាមិនបានបង្ហាញខ្លួនញឹកញាប់ ក៏រូបគេត្រូវបានគ្រូបង្វឹកដាក់លេងច្រើនដែរ។
គោលដៅរបស់ ខេង ថុនា គឺអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពខ្លាំងដូចរៀមច្បង និងមានឱកាសជាប់ជម្រើសជាតិកម្ពុជា។ កីឡាករបាននិយាយថា ៖«ខ្ញុំចង់ជាប់ជម្រើសជាតិ តែសមត្ថភាពរបស់ខ្ញុំបច្ចុប្បន្ននៅមានកម្រិត អីចឹងខ្ញុំមានតែខិតខំប្រឹងប្រែងបន្តទៀតប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាចធ្វើបានដូចបងៗជម្រើសជាតិ»។
ក្រៅពីការហ្វឹកហាត់ កីឡាករកើតឆ្នាំ២០០៥ មានកម្ពស់ ១.៨៨ម៉ែត្រ ទម្ងន់៧២គីឡូក្រាម ពាក់អាវលេខ២១ កំពុងរៀននៅសាកលវិទ្យាល័យ។ កីឡាករ មួន និមល និង ផុល រតនៈ ជាគំរូសម្រាប់រូបគេអភិវឌ្ឍខ្លួនតាម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


